រឿងអាស្រូវ​របស់លោក ជា គឹម​តុង មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវបាន​លាតត្រដាង​

​មន្ត្រី​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មួយចំនួន ក្រោម​ការដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កំពុង​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្តែង​លោក ជា គឹម​តុង អនុប្រធាននាយកដ្ឋាន​ចំណូល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវបាន​មន្ត្រីក្រោមឱវាទ​មួយចំនួន​រិះគន់​ពី​ការយក​មុខតំណែង​ទៅ​ឃុបឃិត​ជាមួយ​អ្នកវិនិយោគ​ម៉ៅ​ភាស៊ី ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​។ ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ផងដែរ កុំ​គិតតែ​ពី​រឿង​ឥតប្រយោជន៍​ខ្លាំងពេក​។

ប្រភពពី​មន្ត្រី​នៅក្នុង​នាយកដ្ឋាន​ចំណូល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជា គឹម​តុង ឃុបឃិត​ជាមួយ​អ្នកវិនិយោគ​ម៉ៅការ​ភាស៊ី​ដើម្បី​មាន​ភាគហ៊ុន​សម្រាប់​ការដេញថ្លៃ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​នៅតាម​បណ្ដា​ខេត្ត​នានា ដែលមាន​កិច្ចសន្យា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា យ៉ាងតិច​មាន​ខេត្ត​ចំនួន​២​ដែល​លោក ជា គឹម​តុង មាន​ភាគហ៊ុន​ទៅលើ​ភាស៊ី​ផ្សារ​សម្រាប់​គម្រោង​វិនិយោគ​ដេញថ្លៃ​អភិវឌ្ឍន៍​ច្រើន​ឆ្នាំ គឺ​នៅក្នុង​ខេត្តកណ្ដាល និង​ខេត្តមណ្ឌលគិរី​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​រឿងអាស្រូវ​របស់​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង​កុំ​បណ្ដែតបណ្ដោយ​តទៅទៀត​។

តាម​ការអះអាង​របស់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​ស្និទ្ធ​នឹង​លោក ជា គឹម​តុង បាន​ឲ្យ​ដឹងថា មន្ត្រី​ម្នាក់នេះ​បាន​ឃុបឃិត​ជាមួយ​អ្នក​ម៉ៅ​ភាស៊ី​នៅ​ផ្សារ​ស្អាង ស្រុក​ស្អាង ខេត្តកណ្ដាល ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​ផ្ដល់​សិទ្ធិ​វិនិយោគ​ឲ្យ​ឈ្មួញ​ឈ្មោះ ប៉ោ សេង រយៈពេល​៣៧​ឆ្នាំ​។ តាមរយៈ​ការទទួលបាន​សិទ្ធិ​នេះ​ឈ្មួញ​ឈ្មោះ ប៉ោ សេង បានធ្វើការ​គាបសង្កត់​ទៅលើ​អាជីវករ​និង​អ្នកលក់ដូរ​តាម​ផ្សារ​នានា​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​ទៅតាម​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកណ្ដាល​នោះទេ​។ ការដែល​ឈ្មួញ​ឈ្មោះ ប៉ោ សេង ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​លោក ជា គឹម​តុង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​រឿងនេះ​ឡើងវិញ​ជាបន្ទាន់ កុំ​ឲ្យ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

111111111111លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ tax-saang-ton-chhin-281x500លោក ជា គឹមតុង ជាមន្ត្រីល្បីល្បាញខាងពុករលួយ