បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ខេត្តស្ទឹងត្រែង នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​

​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង មិន​យកចិត្តទុកដាក់​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ជាក់ស្តែង​ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស គេ​សង្កេតឃើញថា​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​ខេត្តស្ទឹងត្រែង នៅតែ​បន្ត​កើតឡើង​ដដែល​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង បាន​ចាប់​ឈើ​ក្រាក់​ប្រភេទ​ធ្នង់​ចំនួន​១៥៧​កំណាត់​ស្មើនឹង​៥,១៩៣​ម៉ែត្រគូប​ដែលជា​ឈើ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​។ ជុំវិញ​ការបង្ក្រាប​នេះ​មាន​ប្រភព​ខ្លះ​ឲ្យ​ដឹងថា ដោយសារតែ​ឈ្មួញ​ម្ចាស់​ឈើ​គ្មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាមុន​។ ប្រសិនបើ​ឈ្មួញ​ម្ចាស់​ឈើ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ដូច​អ្វីដែល​ឈ្មួញ​យួន​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង បានធ្វើ​នោះ​គឺ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​សហគមន៍​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​លោក មុំ សារឿន ជា​អភិបាលខេត្ត និង​លោក ឈាង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​មួយចំនួន​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ឆ្លងកាត់​ខេត្តស្ទឹងត្រែង​យ៉ាង​រលូន ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​មិន​បង់លុយ​តែប៉ុណ្ណោះ​។ ឧទាហរណ៍​ជាក់ស្តែង ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង យ៉ាង​ក្រអឺតក្រទម​ហើយ​មិន​ដែលមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ណា​ចាត់វិធានការ​លើ​ឈ្មួញ​យួន​ម្នាក់នេះ​ទេ​៕

12901395_695230137285590_7985890505340648485_o 12916717_695230133952257_6526265602969870834_o 12890940_695230117285592_237091691411505984_o