CJBI ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​កម្ពុជា​-​ជ​ប៉ុ​ន

រាជធានី​ភ្នំពេញ ៖ កំណើន​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្កើន​ឲ្យ​មាន​តម្រូវការ​វេទិកា​ពិភាក្សា និង​ជួបជុំ​គ្នា​ដើម្បី​ផ្លាស់​ប្ដូរ​យោបល់ ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ ដើម្បី​ចូលរួម​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​កម្ពុជា និង​ជប៉ុន​ឱ្យ​បាន​ស្គាល់គ្នា និង​ចែករំលែក​នូវ​បទ​ពិសោធន៍​រវាង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ ទើប​បង្កើត​ឲ្យ​មាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ជប៉ុន​(CJBI) សម្រាប់​ផ្សារ​ភ្ជាប់​ពាណិជ្ជករ​កម្ពុជា និង​ជប៉ុន ។ ឪ

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន លោក កឹ​ម អឿ​ន ប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ជប៉ុន (CJBI) បាន​មាន​ប្រសាសន៍​ថា ៖ « បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ជប៉ុន​បាន​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​២៥០​ក្រុមហ៊ុន ក្នុង​នោះ​២២២​ក្រុមហ៊ុន​ជា​សមាជិក​របស់​CJBI បាន​និង​កំពុង​វិនិយោគ​ទៅ​លើ​វិស័យ​ដូច​ជា ទេសចរណ៍ ដឹក​ជញ្ជូន និង​សេវាកម្ម ជាដើម »​។ លោក​ថា ៖ « សមាគម​ថ្មី​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ចង់​ឲ្យ​ពាណិជ្ជករ​កម្ពុជា និង​ជប៉ុន​បាន​រៀនសូត្រ​ពី​គ្នា​ក្នុង​ការ​ធ្វើ​អាជីវកម្ម ។ អ្វី​ដែល​កម្ពុជា​ចង់​រៀនសូត្រ​ពី​ជប៉ុន ពីព្រោះ​ជប៉ុន​អាច​រក្សា​ភាព​គង់វង្ស​នៃ​ក្រុមហ៊ុន​បាន​យូរ មាន​ន័យ​ថា ក្រុមហ៊ុន​ជប៉ុន​អាច​ដំណើរការ​អាជីវកម្មរ​ស់បាន​រាប់រយ​ឆ្នាំ អីុ​ចឹ​ង​ហើយ​ជប៉ុន​មាន​អ្វីមួយ​សំខាន់​ក្នុង​ការ​គ្រប់គ្រង និង​ដឹកនាំ​ក្រុមហ៊ុន ។ ដោយឡែក ជប៉ុន​ក៏​ចង់​រៀនសូត្រ​ពី​កម្ពុជា​ផង​ដែរ គឺ​គាត់​ត្រូវ​ស្គាល់​ពី​របៀប​នៃ​ការ​ជួញដូរ ។ ដូចនេះ ខ្ញុំ​គិត​ថា ពេល​មនុស្ស និង​មនុស្ស​ជួប​គ្នា​ប្រាកដ​នឹង​មានឱកាស​ច្រើន ។ លើស​ពី​នេះ​ទៀត យើង​ធ្វើ​យ៉ាងម៉េច​រក​ដំណោះស្រាយ​នៃ​ការ​ធ្វើ​អាជីវកម្ម​មួយ​ប្រកបដោយ​គុណភាព និង​ផលិតភាព​ខ្ពស់​ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា » ។

លោក​បណ្ឌិត អិុ​ន ចាន់​នី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ CJBI ថ្លែង​ថា ៖ « ការ​ផ្តួចផ្តើម​ក្នុង​ការ​បង្កើត CJBI នេះ​ឡើង គឺ​កើត​ចេញពី​នៃ​ការ​បណ្តាក់ទុន​ពី​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ពាណិជ្ជករ​កម្ពុជា​ជា​ច្រើន​បាន​យក​ប្រទេស​ជប៉ុន​ធ្វើ​ជា​គំរូ​ក្នុង​ការ​ផលិត​ឲ្យ​មានគុណ​ភាព ប្រសិទ្ធភាព មានគំនិត​ច្នៃប្រឌិត​ថ្មី​ៗ និង​ការ​ធ្វើ​ជំនួញ​រយៈពេល​យូរ​។ សម្រាប់​សមាគម​អាជីវកម្ម​ជប៉ុន​ជា​ច្រើន​យល់​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា គឺជា​ឱកាស និង​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ការ​យល់​នូវ​ទម្រង់ និង​របៀប​ធ្វើការ​របស់​ប្រជាជន​កម្ពុជា​នៅ​មាន​កម្រិត ។ CJBI បង្កើត​ឡើង​ដើម្បី​បំពេញ​នូវ​កង្វះខាត​ទាំងនេះ » ។

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Kumamaru Yuji ថ្លែង​ថា ៖ « CJBI បង្កើត​ឡើង​ទាន់​ពេលវេលា ខណៈ​ដែល​អ្នកជំនួញ និង​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ វា​បាន​បង្កើត​ជា​តម្រូវការ​មួយ​ក្នុង​ការ​បង្កើត​វេទិកា​ពិភាក្សា ការ​ជួប​គ្នា​ផ្ទាល់​រវាង​ថ្នាក់ដឹកនាំ​សហគ្រាស​កម្ពុជា​-​ជប៉ុន ដើម្បី​មានការ​យោគយល់​គ្នា និង​កិច្ច​សហប្រតិបត្តិការ​នាំ​ទៅ​រក​ការ​បំពេញ​ចិត្តជា​សមូហភាព កាលានុវត្តភាព​នៃ​ជំនួញ​ថ្មី និង​កំណើន​នៃ​ការ​វិនិយោគ » ។

យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ឆ្នាំ​២០១៤ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​ជប៉ុន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​២៨០​លាន​ដុល្លារ ។ ចំណែក​ជប៉ុន​នាំ​ចូល​ទំនិញ​មក​កម្ពុជា​វិញ ក្នុង​ទឹកប្រាក់​ជាង​៤៩៣​លាន​ដុល្លារ ៕