គន្លឹះប្រើ និងថែរក្សា ច្រាសដុសធ្មេញ ឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពល្អ ដែលអ្នកមិនធ្លាប់បានដឹង!

សុខភាព៖ ជារៀងរាល់ថ្ងៃ អ្នកតែងតែប្រើប្រាស់ ច្រាសដុសធ្មេញ ដើម្បីថែរក្សា សុខភាពមាត់ធ្មេញរបស់អ្នក ប៉ុន្តែអ្នកអាចនឹង មិនបានដឹងឡើយថា តើពេលណា ទើបដល់ពេល ដែលអ្នកត្រូវផ្លាស់ប្តូរ ច្រាសដុសធ្មេញថ្មី និងតើគួរថែរក្សា ច្រាសដុសធ្មេញ យ៉ាងដូចម្តេច ទើបជាការត្រឹមត្រូវ។

ទោះជាយ៉ាងណា វាមិនមែនជាបញ្ហាធំដុំឡើយ ព្រោះវាអាស្រ័យទៅលើ ការប្រើប្រាស់ សុខភាព និងចំណង់ចំណូលចិត្ត របស់អ្នកតែប៉ុណ្ណោះ។

Q:: តើត្រូវផ្លាស់ប្តូរច្រាសដុសធ្មេញថ្មីនៅពេលណា?

អ្នកជំនាញផ្នែកមាត់ធ្មេញជាច្រើន បានផ្តល់អនុសាសន៍ ឲ្យផ្លាស់ប្តូរច្រាសដុសធ្មេញ ជារៀងរាល់ ៣ ទៅ ៤ខែម្តង ខណៈសមាគមន៍៍មាត់ធ្មេញអាមេរិក American Dental Association (ADA) បានផ្តល់អនុសាសន៍ ឲ្យផ្លាស់ប្តូរ ច្រាសដុសធ្មេញ កាន់តែឆាប់ កាន់តែល្អ ប្រសិនបើ សរសៃនៃច្រាសដុសធ្មេញ របស់អ្នករហែក ឬខូច ព្រោះវានឹងមិនសម្អាតមាត់ធ្មេញ បានស្អាតល្អឡើយ។

ជាមួយគ្នានេះដែរ អ្នកត្រូវពិចារណា ផ្លាស់ប្តូរច្រាសដុសធ្មេញថ្មី ឲ្យបានឆាប់រហ័ស ប្រសិនបើអ្នក ទុកច្រាសដុសធ្មេញរបស់អ្នក «នៅក្បែរច្រាសដុសធ្មេញអ្នកដទៃ» ឬនៅពេលដែលអ្នក «ទើបតែជាសះស្បើយពីជំងឺដូចជាផ្តាសាយ ឬគ្រុនផ្តាសាយ ការឆ្លងមេរោគតាមមាត់ និងឈឺ.ក ជាដើម» ព្រោះមេរោគ អាចលាក់ខ្លួន នៅក្នុងសរសៃច្រាស ហើយអាចនាំមេរោគទាំងនោះ មកចម្លងដល់អ្នកវិញ។

Q:: គួរជ្រើសរើសច្រាសដុសធ្មេញប្រភេទណា?

មានច្រាសដុសធ្មេញចំនួន ២ប្រភេទ ដែលអ្នកអាចជ្រើសរើសបាន គឺច្រាសដុសធ្មេញធម្មតា និងច្រាសដុសធ្មេញអេឡិចត្រូនិច។ អ្នកអាចជ្រើសរើស ច្រាសដុសធ្មេញណា ដែលអ្នកគិតថាស្រួលដុស ហើយធ្វើឲ្យអ្នក មានអារម្មណ៍ថា ចង់ដុសធ្មេញ ជារៀងរាល់ថ្ងៃ។

ច្រាសដុសធ្មេញធម្មតា គឺអាចដាក់តាមខ្លួនបាន និងត្រៀមខ្លួនរួចជាស្រេច គ្រប់ពេល ដែលអ្នកត្រូវការប្រើវា ហើយថែមទាំង មិនបង្កជាសម្លេងរំខានថែមទៀតផង។

ចំនែកឯ ច្រាសដុសធ្មេញអេឡិចត្រូនិចវិញ គឺត្រូវការសាកថ្ម ហើយទទើសទទែងបន្តិច នៅពេលដែលអ្នក ដាក់វាតាមខ្លួន នៅពេលធ្វើដំណើរ។ ទោះបីជាយ៉ាងណា ចលនាបង្វិល នៃសរសៃច្រាសដុសធ្មេញអេឡិចត្រូនិច មានភាពងាយស្រួលជាង ដើម្បីសម្អាតនៅចន្លោះធ្មេញ និងអញ្ចាញធ្មេញ។ ច្រាសដុសធ្មេញអេឡិចត្រូនិច ភាគច្រើន បានបំពាក់នូវឧបករណ៍ សេនស័រ (Sensor) ដើម្បីធ្វើឲ្យប្រាកដថា អ្នកដុសបានយូរគ្រប់គ្រាន់ និងស្អាតល្អ។

Q:: គួរទុកដាក់ និងថែរក្សាច្រាសដុសធ្មេញ យ៉ាងដូចម្តេច?

មិនថាអ្នកកំពុងប្រើប្រាស់ ច្រាសដុសធ្មេញ ប្រភេទណាឡើយ អ្នកត្រូវតែទុកដាក់ និងថែរក្សាវា ឲ្យបានត្រឹមត្រូវល្អ។

សមាគមមាត់ធ្មេញអាមេរិក American Dental Association (ADA) បានផ្តល់អនុសាសន៍ថា ត្រូវលាងសម្អាត ច្រាសដុសធ្មេញ ជាមួយទឹកម៉ាស៊ីន បន្ទាប់ពីអ្នកដុសធ្មេញរួច ដើម្បីលាងសម្អាត សំណល់ថ្នាំដុសធ្មេញ និងទឹកមាត់។ បន្ទាប់មកអ្នកត្រូវរក្សាទុកច្រាសដុសធ្មេញ ដោយបញ្ឈរវាឡើង ដើម្បីឲ្យវាត្រូវខ្យល់ និងស្ងួតល្អ។

ផ្ទុយទៅវិញ ប្រសិនបើអ្នករក្សាទុក ច្រាសដុសធ្មេញ នៅក្នុងធុង ឬប្រអប់បិទជិត នោះវាអាចនឹងបង្កឲ្យមាន បាក់តេរីតោងជាប់ ជាមួយសរសៃច្រាសដុសធ្មេញ របស់អ្នក។ ជាងនេះទៅទៀត អ្នកត្រូវទុកឲ្យ ច្រាសដុសធ្មេញ របស់អ្នកស្ងួតសិន ចាំប្រើវាម្តងទៀត។

ប្រសិនបើអ្នក កំពុងធ្វើដំណើរកម្សាន្ត គួរពិចារណា ប្រើប្រាស់ច្រាសដុសធ្មេញ ដែលប្រើហើយម្តងបោះចោល ក្នុងអំឡុងពេលធ្វើដំណើរវិញ ទើបជាការប្រសើរ។

យ៉ាងណាមិញ អ្នកគួរមានទម្លាប់ ទិញច្រាសដុសធ្មេញថ្មី ទុកឲ្យសមាជិក ក្នុងក្រុមគ្រួសារឲ្យបានគ្រប់ៗគ្នា ចំនួន ២ ទៅ៣ដង ក្នុងមួយឆ្នាំផងដែរ៕

ប្រភព៖  &  & 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត