Real ប្រកាស​តម្លៃ​លក់​ James តែ​ថ្លៃ​​ជិត​ស្មើ​កាល​ទិញ​ចូល

ក្លឹប​ Real Madrid បាន​កំណត់​តម្លៃ​លក់​ខ្សែ​បម្រើ​ James Rodriguez ​ក្នុង​តម្លៃ​ ៦០​លាន​ផោន (៨៥,៦​លាន​ដុល្លារ) ​សម្រាប់​ក្រុម​ណា​ដែល​ចាប់​អារម្មណ៍​ចង់​បាន​ តារា​ឆ្នើម​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​​បើក​ នា​ពេល​ខាង​មុខ។

 

Real ប្រកាស​តម្លៃ​លក់​ James តែ​ថ្លៃ​​ជិត​ស្មើ​កាល​ទិញ​ចូល

 

James បាន​ផ្ទេរ​ពី​ Monaco ទៅ​ Real ​ក្រោយ​ចប់​ World Cup 2014 ​នៅ​ប្រេស៊ីល ក្នុង​តម្លៃ​ប្រហែល​ខ្ទង់​៦៤​លាន​ផោន​ (៩១,៣២​លាន​ដុល្លារ) ​ខណៈ​ដែល​រដូវ​កាល​ដំបូង​ កីឡាករ​វ័យ​​២៤​ឆ្នាំ​រូប​នេះ ស៊ុត​ឲ្យ​ក្រុម​ស្ដេច​ស​បាន​ ១៧​គ្រាប់។

 

ប៉ុន្តែ​ម្ចាស់​ស្បែក​ជើង​មាស​ Word Cup 2014 រូប​នេះ ​​ពុំ​សូវ​មាន​ឱកាស​ចូល​លេង​​ឲ្យ​ Real ប៉ុន្មាន​ទេ​រដូវ​កាល​នេះ ដោយ​ចូល​លេង​​បាន​តែ​ ១៣​ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម​៣១​ប្រកួត​នៅ​ La Liga ហើយ​កាល​ប្រកួត​ El Clasico ​កន្លង​ទៅ​ រូប​គេ​ក៏​បាន​ត្រឹម​តែ​​អង្គុយ​នៅ​កៅអី​បម្រុង​ប៉ុណ្ណោះ។

 

ការ​កំណត់​តម្លៃ​លក់​របស់​ Real ខាង​លើ​នេះ អាច​ជា​ដំណឹង​​​​ល្អ​​​មួយ​ ​សម្រាប់​ក្លឹប Juventus, Chelsea, Manchester United និង​ PSG ដែល​កំពុង​តែ​ចាប់​អារម្មណ៍​ចង់​បាន​ James ​ដើម្បី​ពិចារណា​ថា គួរ​ទិញ​ ឬ​មិន​ទិញ ព្រោះ​តម្លៃ​​នេះ​​ហាក់​ថ្លៃ​ហួស​ការ​ស្មាន៕

 

ចុះ​ប្រិយ​មិត្ត​ ចង់​ឃើញ​ James ទៅ​ក្រុម​ណា​ដែរ?

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ express