ពិធី​ការិនី​ រស់ សុធា​វី​ បានកូន​ស្រី​ម្នាក់​ហើយ​ ក្រោយ​រៀប​ការ​ជាង​1​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស អ្នក​នាង​រស់ សុធា​វី បានកូន​ស្រី​ម្នាក់​ហើយ បន្ទាប់​ពី​នាង​បាន​ចូល​រោងការ​ជាមួយ​បុរស​អ្នកជំនួញ​ជាង​១​ឆ្នាំ។

អ្នក​នាង​រស់ សុធា​វី បង្ហាញមុខ​កូនស្រី​ដែល​ទើប​ចាប់កំណើត​បាន​៤​ថ្ងៃ តាម​ហ្វេ​ស​ប៊ុ​កដោយ​ដាក់​ឈ្មោះ​ថា «​យ៉ែ​ម វី​រក្សា​ពេជ្រចរណៃ​» ។

មិត្តភក្តិ​ទាំង​ក្នុង​រង្វង់​សិល្បៈ និង​ក្រៅ​រង្វង់​សិល្បៈ​ជា​ច្រើន​ចូលរួម​អបអរសាទរ​ចំពោះ​ក្រុម​គ្រួសារ​របស់​អ្នក​នាង​សុធា​វី ។

អ្នក​នាង​រស់ សុធា​វី បាន​ចូល​រោងការ​ជាមួយ​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ឈ្មោះ​យ៉ែ​ម វុ​ទ្ធី​រក្ស កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៥ នៅ​គេហដ្ឋាន​របស់​នាង ស្ថិត​ក្នុង​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ដោយ​មានការ​ចូលរួម​ពី​អ្នកសិល្បៈ​មួយ​ចំនួន ។

ពន្លក​ស្នេហ៍​នេះ​ត្រូវ​អ្នក​នាង​រស់ សុធា​វី អះអាង​ថា ចាប់ផ្តើម​រយៈពេល​ជាង​២​ឆ្នាំ មុន​នឹង​ឈាន​ដល់​ពិធី​មង្គល​ការ។ «​នាង​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​បុរស​ម្នាក់​នេះ​ជា​គូ​អនាគត គឺ​ដោយសារ​គាត់​ជា​បុរស​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​ចេះ​ស្រឡាញ់​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​ផង​ដែរ​»​។ សម្តី​អ្នក​នាង​សុធា​វី កាលពី​ពេល​មុន ។

បើ​ទោះបីជា​ចូល​រោងការ​ក៏​ដោយ ប៉ុន្តែ​អាជីព​ពិធី​ការិនី​គឺ​នៅ​តែ​បន្ត​ដដែល ដោយសារ​តែ​ស្វាមី​របស់​អ្នក​នាង​រស់ សុធា​វី បាន​បើក​សិទ្ធិ​ឱ្យ​នាង​យ៉ាង​ពេញលេញ រួម​ទាំង​ក្នុង​រង្វង់​គ្រួសារ​ផង​ដែរ ។

ក្នុ្ង​ង​អំឡុង​ពេល​រៀប​ការ​នោះ​អ្នក​នាង​រស់ សុធា​វី ធ្លាប់​អះអាង​ថា ការ​សម្រេចចិត្ត​មានកូន​យូរ ឬ​ឆាប់​នោះ​នាង​មិន​បាន​គិត​ឡើយ ព្រោះ​ជា​ធម្មតា កាលណា​រៀប​ការ​ហើយ គឺ ម្នាក់​ៗ​តែងតែ​ប្រាថ្នា​ចង់បាន​កូន ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​កាន់តែ​រឹង​មាំ និង​មាន​សុភមង្គល ។

អ្នក​នាង​រស់ សុធា​វី ចាប់​អាជីព​ជា​ពិធី​ការិនី ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដោយ​លេចមុខ​មាត់​ខ្លាំង​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ។

សុធា​វី​ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​មួយ​ចំនួន​ដូច​ជា «​វិមាន​សុបិន​» «​តន្ត្រី​លើ​ទឹក​» «​តំបន់​យុវវ័យ​» «​តន្ត្រី​ពិសេស​» និង​អាន​ព័ត៌មាន​ពេល​ព្រឹក​ជាមួយនឹង​លោក មាស រិ​ទ្ធី ។

ក្នុង​ចំណោម​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ហង្ស​មាស អ្នក​នាង​រស់ សុធា​វី ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា ជា​ពិធី​ការិនី​មួយ​រូប​ដែល​មាន​ភាព​លេចធ្លោ​ជាងគេ ដោយ​មាន​សំនួនវោហារ​ពីរោះ ក្បោះក្បាយ រួម​ជាមួយ​រូប​សម្រស់​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ ។

អ្នក​នាង​រស់ សុធា​វី មិន​មានរឿង​អាស្រូវ​ណាមួយ​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្តាញសារព័ត៌មាន​ឡើយ​នា​ពេល​កន្លង​មក បើ​ទោះបីជា​ពេល​ខ្លះ​នាង​ហាក់​មិនសូវ​ស្វាគមន៍​ចំពោះ​ការ​ជជីក​សួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន​ក៏​ដោយ ។

បន្ទាប់​ពី​សម្រាល​កូនស្រី​រួច​ហើយ​មិន​ទាន់​ដឹង​អ្នក​នាង​រស់ សុធា​វី ទៅ​បង្ហាញមុខ​តាម​ទូរទស្សន៍​វិញ​នៅ​ពេល​ណា​ទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត