គន្លឹះ​ទាំង ១០ ដើម្បី​រក​ស៊ី​ឲ្យ​ជោគជ័យ​ ពី​មហាសេដ្ឋី​អចលនទ្រព្យ​អាមេរិក Donald Trump

លោក ​Donald Trump គឺជា​មហាសេដ្ឋី​អចលនទ្រព្យ​របស់​អាមេរិក​​ ហើយ​លោក គឺជា ស្ថាបនិក​របស់​ក្រុមហ៊ុន The Trump Organization និង Trump Entertainment Resorts។ ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​​សហរដ្ឋអាមេរិក និង នៅ​លើ​ពិភពលោក​ផង​ដែរ​។ បច្ចុប្បន្ន​លោក​គឺ​ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ខាង​មក​ពី​គណបក្ស​សាធារណៈ​រដ្ឋ។ ខាង​ក្រោម​គឺ​ជា​ដំបូន្មាន​ខ្លះ​ដើម្បី​ធ្វើ​ការ​រក​ស៊ី​ប្រកប​ដោយ​ភាព​ជោគជ័យ​ ដែល​លោក​ធ្លាប់​ឆ្លង​កាត់​ក្នុង​ជីវិត។

 

១) កុំ​ធ្វើ​វា​ដើម្បី​តែ​លុយ ៖ លោក Donald Trump រៀប​រាប់​ថា​លោក​ក៏​ជា​មនុស្ស​ស្រលាញ់​លុយ​ដែរ ហើយ​បើ​គ្មាន​លុយ​ អ្នក​ប្រហែល​ជា​មិន​អាច​ធ្វើ​អ្វី​មួយ​បាន​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ អ្នក​មិន​ត្រូវ​គិត​ពី​លុយ​ពេក​នោះ​ឡើយ វា​ត្រូវ​តែ​ជា​រឿង​ដែល​អ្នក​រីករាយ​នឹង​ធ្វើ​ចេញ​ពី​ចិត្ត​និង​ជួយ​ធ្វើ​ឲ្យ​សង្គម​អភិវឌ្ឍ។

 

២) មិន​ត្រូវ​បោះបង់​អ្វី​ដែល​ជា​គោលបំណង​របស់​ខ្លួន ៖ លោក Donald Trump ថ្លែង​ថា​ពេល​អ្នក​បរាជ័យ អ្នក​អាច​ផ្លាស់​ប្តូរ​ទម្លាប់ ផ្លាស់​ប្តូរ​ការ​គិត ផ្លាស់​ប្តូរ​វិធីសាស្ត្រ​ដែល​ធ្លាប់​ធ្វើ ផ្លាស់​ប្តូរ​ផ្លូវ​ដើរ ព្រោះ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​អាច​នាំ​អ្នក​ទៅ​ដល់​គោលដៅ​ដែល​អ្នក​ចង់​បាន តែ​ប្រសិន​បើ​អ្នក​បោះបង់​ចោល​នូវ​អ្វី​ដែល​អ្នក​ចង់​បាន នោះ​អ្នក​គ្មាន​ថ្ងៃ​ទទួល​បាន​វា​ឡើយ។

 

៣) ត្រូវ​លម្អិត​គ្រប់​សកម្មភាព​របស់​ខ្លួន ៖ អ្នក​ត្រូវ​តែ​លម្អិត​នូវ​គ្រប់​សកម្មភាព​របស់​ខ្លួន អ្វី​ខ្លះ​ដែល​អ្នក​បាន​ធ្វើ និង កំពុង​ធ្វើ​ដើម្បី​ពិនិត្យ​ឲ្យ​ឃើញ​ ថា​មាន​រឿង​អ្វី​ខ្លះ​ដែល​ដំណើរ​ការ​ល្អ និង ដំណើរ​ការ​មិន​ល្អ​ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​កែ​តម្រូវ​ឡើង​វិញ​ មុន​ពេល​ដែល​វា​ហួស​ពេល នេះ​បើ​តាម​លោក Donald Trump។

 

៤) ត្រូវ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្លាំង ៖ លោក Donald Trump ថ្លែង​ថា​ នៅ​ពេល​ដែល​អ្នក​ផ្តោត​យក​ចិត្ត​ទុកដាក់​កាន់​តែ​ខ្លាំង​ វា​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​អាច​ដោះ​ស្រាយ​បាន​នូវ​ស្ថានការណ៍​លំបាកៗ​ទាំង​ឡាយ​ រួម​ទាំង​ការ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ផង​ដែរ​ថា​អ្នក​គួរ​ធ្វើ​អ្វី​ នៅ​ពេល​ជួប​វិបត្តិ។

 

៥) រើស​បុគ្គល​ដែល​អស្ចារ្យ ៖ លោក Donald Trump បរិយាយ​ថា​បុគ្គលិក​ល្អ អាច​រក្សា​នូវ​ការងារ​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ក្រុមហ៊ុន ប៉ុន្តែ​បុគ្គលិក​អស្ចារ្យ​អាច​នាំ​ក្រុមហ៊ុន​ដើរ​ទៅ​ឆ្ពោះ​ទៅ​មុខ​ម្តង​មួយ​កម្រិត​បន្ថែម​ទៀត​។

 

៦) សកម្ម​នឹង​ការងារ ៖ ជោគជ័យ​ក្នុង​ការងារ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ។ លោក Donald Trump ថ្លែង​ថា នៅ​ពេល​ដែល​អ្នក​សកម្ម​នឹង​ការ​ងារ​ច្រើន​ប៉ុណ្ណោះ ឱកាស​នៃ​ភាព​ជោគជ័យ​ក៏​មាន​ច្រើន​ប៉ុណ្ណឹង​ដូច​គ្នា។

 

៧) ធ្វើ​តាម​សភាវគតិ​របស់​ខ្លួន ៖ ស្ទើរ​តែ​គ្រប់​បុគ្គល​ជោគជ័យ មហាសេដ្ឋី និង សហគ្រិន​ឆ្នើម​នៅ​ជុំវិញ​ពិភពលោក​ គឺ​ជា​មនុស្ស​ដែល​ធ្វើ​តាម​ សភាវគតិ​របស់​ខ្លួន ទោះ​បី​ជា​គ្រួសារ មិត្តភ័ក្ដិ យល់​ឃើញ​ថា​វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ក៏​ដោយ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​អនុវត្តន៍​តាម សភាវគតិ​ខ្លួន​ឯង។

 

៨) ជឿ​លើ​ខ្លួន​ឯង ៖ ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ឈ្នះ អ្នក​ត្រូវ​រៀន​គិត​តាម​របៀប​អ្នក​ឈ្នះ ហើយ​ត្រូវ​ចេះ​មើល​ឃើញ​ពី​ខ្លួន​ឯង​ថា​ជា​បុគ្គល​ជោគជ័យ ដោយ​មិន​ចាំ​បាច់​ខ្វល់​ពី​ទស្សនៈ​អ្នក​ដទៃ​ច្រើន​ពេក​ឡើយ ព្រោះ​ពួក​គេ​អាច​ធ្វើ​ឲ្យ​អ្នក​បរាជ័យ។

 

៩) មាន​តុ​ធ្វើ​ការ​មួយ​ដែល​រញ៉េរញ៉ៃ ៖ លោក Donald Trump ពន្យល់​ថា បុគ្គល​ជោគជ័យ​គឺ​ជា​មនុស្ស​ដែល​មមាញឹក និង រវល់​បំផុត​ចំពោះ​ការងារ និង ការ​រៀន​សូត្រ​បន្ថែម​ពី​អ្វី​ដែល​ថ្មី។ សម្រាប់​លោក​ បាន​ដាក់​កិច្ចការ​ទាំង​អស់​នៅ​លើ​តុ​មិន កាសែត ទស្សនាវដ្តី កិច្ចការ​ទាំង​ឡាយ ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​លោក​មាន​ភាព​មមាញឹក ធ្វើ​ការ​បាន​ច្រើន​គ្រប់​រឿង​ដែល​មាន​នៅ​លើ​តុ និង អាច​អាន​ អាច​រៀន​បាន​ច្រើន​ពី​អ្វី​ដែល​លោក​ទុក​ចោល​លើ​តុ។

 

១០) ធ្វើ​រឿង​ដែល​អ្នក​ស្រលាញ់ ៖ លោក Donald Trump ថ្លែង​ថា​នៅ​ពេល​ដែល​អ្នក​ធ្វើ​រឿង​ខ្លួន​ស្រលាញ់ វា​ជា​កត្តា​មួយ​ជួយ​ជំរុញ​ចិត្ត​អ្នក​បន្ថែម​ទៀត​ ឲ្យ​កាន់​តែ​សកម្ម​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com