លោក George Soros ពី​ក្មេង​ចំណាក​ស្រុក​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​លេខ ២៣ ពិភពលោក

លោក George Soros គឺ​ជា​មហាសេដ្ឋី​ពាណិជ្ជកម្ម​អាមេរិក សញ្ជាតិ​ដើម​ហុងគ្រី លោក​គឺ​ជា​ស្ថាបនិក និង ជា​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ Soros Fund Management។ បច្ចុប្បន្ន​លោក​មាន​សញ្ជាតិ ពីរ គឺ អាមេរិក និង ហុងគ្រី។ កាល​ពី​ឆ្នាំ ១៩៩២ លោក​គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​មាន​ឈ្មោះ​ថា បុគ្គល​មាន​ជាង​គេ​បំផុត​នៅ​លើ​ផែនដី។ ប៉ុន្តែ​មក​ដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ​វិញ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​អ្នក​មាន​ជាង​គេ​នៅ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ២៣ វិញ​ជាមួយ​ទ្រព្យសម្បត្តិ ២៤,៩ ពាន់​លាន​ដុល្លារ។

 

តើ​លោក George Soros ដែល​ជា​ជន​ភៀសខ្លួន​មក​ពី​ប្រទេស ហុងគ្រី​រូប​នេះ មាន​ប្រវត្តិ និង បទពិសោធន៍​ក្នុង​ជីវិត​អ្វី​ខ្លះ​មុន​ក្លាយ​ជា​មហាសេដ្ឋី។

 

លោក George Soros កើត​នៅ​ក្នុង​ទីក្រុង Budapest ប្រទេស ហុងគ្រី ក្នុង​គ្រួសារ​ជនជាតិ ជ្វីស ម្តាយ​ឈ្មោះ Elizabeth មក​ពី​គ្រួសារ​មួយ​ដែល​មាន​ហាង​លក់​សូត្រ​ខ្លួន​ឯង ចំណែក​ឪពុក​គឺ​ជា​មេធាវី។ កាល​ពី​ក្មេង​លោក​ត្រូវ​បាន​ឪពុក និង ម្តាយ បង្រៀន​និយាយ​ភាសា Esperanto។ នៅ​ពេល​ដែល​លោក George Soros មាន​វ័យ ១៣ ឆ្នាំ​ នៅ​ក្នុង​ខែ​មិនា ឆ្នាំ ១៩៤៤ គឺ​ជា​ពេល​ដែល​របប​ណាហ្សី អាល្លឺម៉ង់​បាន​ចូល​កាន់កាប់​ប្រទេស ហុងគ្រី ហើយ​រាល់​ក្មេងៗ​ដែល​មក​ពី​គ្រួសារ​ជ្វីស ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​សាលា​រៀន​ឡើយ។

 

នៅ​ឆ្នាំ ១៩៤៧ លោក George Soros បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស អង់គ្លេស ដែល​ទីនោះ​ហើយ​លោក​បាន​ចូល​រៀន​នៅ​ក្នុង​សាលា London School of Economics។ ពេល​កំពុង​រៀន​លោក George Soros បាន​ចូល​ធ្វើ​ការងារ​ជា កម្មករ​ធ្វើ​ផ្លូវ​រថភ្លើង និង ជា​អ្នក​បម្រើ។ នៅ​ឆ្នាំ ១៩៥១ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក វិទ្យាសាស្ត្រ ក្នុង ទស្សនវិជ្ជា និង​នៅ​ក្នុង​ឆ្នាំ ១៩៥៤ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​ទស្សនវិជ្ជា ពី​សាលា London School of Economics ដដែល។

 

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា លោក George Soros មាន​ភាព​លំបាក​ខ្លាំង ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ និង ការ​តាំង​ទី​លំនៅ​ ដោយ​សារ​ការងារ​របស់​លោក ជា​អ្នក​លក់​ទំនិញ​បោះ​ដុំ​ ឲ្យ​អ្នក​លក់​រាយ​នៅ​តាម​កន្លែង​កម្សាន្ត​ដែល​តម្រូវ​ឲ្យ​លោក​ធ្វើ​ដំណើរ​ជា​ប្រចាំ។ នៅ​ពេល​នោះ​លោក​បាន​ពិពណ៌នា​ជីវិត​ខ្លួន​ឯង​ថា​ គឺ​ជា​ចំណុច​ទាប​បំផុត​ក្នុង​ជីវិត។ ស្រប​ពេល​គ្នា​នោះ​ផង​ដែរ​លោក​បាន​សរសេរ​លិខិត​ស្នើ​សុំ​ការងារ​ជា​ច្រើន​ពី​ធនាគារ ប៉ុន្តែ​លោក​មិន​ទទួល​ជោគជ័យ​ឡើយ​ដោយ​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ស្នើ​សុំ​ដាក់​ពាក្យ ហើយ​មួយ​ចំនួន​បាន​បំបាក់​មុខ​គាត់​ពេល​សម្ភាសន៍​ទៀត​ផង។

 

នៅ​ឆ្នាំ ១៩៥៤ ដដែល លោក​ទទួល​បាន​ជោគជ័យ​ដោយ​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ Singer and Friedlander ដែល​ទទួល​ស្គាល់​នូវ​គុណ​តម្លៃ​របស់​លោក ដោយ​សារ​អ្នក​គ្រប់គ្រង​គឺ​ជា​មិត្ត​រួម​សញ្ជាតិ​ហុងគ្រី​ដូចគ្នា។ លោក​ទទួល​បាន​ការងារ​ជា​ស្មៀន និង ក្រោយ​មក​ទៀត បាន​ប្តូរ​ទៅ​ខាង​ការ​គ្រប់​គ្រង​ផ្នែក​លក់ និង ទិញ​ភាគហ៊ុន​វិញ។ មិត្ត​រួម​ការងារ​ជាមួយ​លោក George Soros បាន​ស្នើ​ឲ្យ​លោក​ទៅ​រស់​នៅ​អាមេរិក ដើម្បី​ធ្វើ​ជា​ឈ្មួញ​កណ្តាល​ទិញ​លក់​ភាគ​ជាមួយ​ក្រុមហ៊ុន F.M Mayer នៅ​ ទីក្រុង New York។

 

នៅ​ក្នុង​ឆ្នាំ ១៩៥៦ លោក George Soros បាន​ទៅ​រស់​នៅ​ក្នុង​ទីក្រុង New York ធ្វើ​ជា​ឈ្មួញ​កណ្តាល​ផ្នែក​ទិញ​លក់​ភាគហ៊ុន ឲ្យ​ក្រុមហ៊ុន F.M Mayer ដោយ​ពេល​នោះ​លោក​ពិត​ជា​មាន​ជំនាញ​ណាស់​ខាង​ផ្សារ​ភាគហ៊ុន​អឺរ៉ុប។ នៅ​ឆ្នាំ ១៩៥៩ បន្ទាប់​ពី​ចំណាយ​ពេល​៣ ឆ្នាំ​ជាមួយ F.M Mayer លោក​បាន​ទៅ​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន Wertheim & Co ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ផ្សារ​ហ៊ុន​អឺរ៉ុប ដែល​លោក​បម្រើ​ការងារ​នេះ​រហូត​ដល់​ឆ្នាំ ១៩៦៣។

 

ក្នុង​គម្រោង​រយៈ​ពេល ៥ ឆ្នាំ​ធ្វើ​ការ​នៅ​អាមេរិក​លោក​សន្សំ​បាន​ប្រាក់ ៥០០ ០០០ ដុល្លារ។ ចាប់​ពី​ឆ្នាំ ១៩៦៣ ដល់ ១៩៧៣ លោក George Soros បាន​ក្លាយ​ជា​អនុប្រធាន​ក្រុមហ៊ុន​ធនាគារ​វិនិយោគ Arnhold and S. Bleichroeder ដោយ​លោក​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​ការងារ​នេះ។ ក្នុង​អំឡុង​ពេល​ធ្វើ​ការ ពោល​គឺ​ឆ្នាំ ១៩៦៦ លោក​បាន​បណ្តាក់​ទុន​ចំនួន ១០០ ០០០​ដុល្លារ ដើម្បី​ដក​ពិសោធន៍​ក្នុង​ផ្សារ​ហ៊ុន។

 

នៅ​ឆ្នាំ ១៩៦៧ លោក​បាន​បង្កើត​ ក្រុមហ៊ុន First Eagle Funds ដែល​ជា​ក្រុមហ៊ុន​ទទួល​រៀប​ចំ​ការ​វិនិយោគ។ នៅ​ឆ្នាំ ១៩៦៩ លោក George Soros បាន​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត ឈ្មោះ​ថា Double Eagle Hedge Fund ជា​មួយ​ដើម​ទុន ៤ លាន​ដុល្លារ​​ជា​ការ​បណ្តាក់​ទុន​ពី​វិនិយោគិន ដោយ​ខ្លួន​លោក​មាន​សាច់​ប្រាក់​តែ ២៥០ ០០០ ដុល្លារ​ប៉ុណ្ណោះ​ដែល​ជា​របស់​ខ្លួន។ នៅ​ឆ្នាំ ១៩៧៣ មូលធន​របស់ Double Eagle Hedge Fund បាន​កើន​ដល់ ១២ លាន​ដុល្លារ ហើយ​ពេល​នោះ​លោក​បាន​ប្តូរ​ឈ្មោះ ពី Double Eagle Hedge Fund ទៅ​ជា Soros Fund វិញ​ដោយ​លោក George Soros និង​ដៃគូ​វិនិយោគ Jim Rogers ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​បណ្តាក់​ទុន​របស់​ខ្លួន​ចំនួន ២០% ក្នុង​មួយ​ឆ្នាំៗ។

 

ចំណែក​ឯ​ឆ្នាំ ១៩៧០ លោក George Soros បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Soros Fund Management ដោយ​លោក​គឺ​ជា​ប្រធាន​ក្រុមហ៊ុន។ នៅ​ឆ្នាំ ១៩៧៣ ដោយ​សារ​មាន​ជម្លោះ​ទៅ​នឹង​សមត្ថភាព​របស់​លោក​ដែល​ដឹកនាំ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ពីរ​ដំណាល​គ្នា លោក George Soros បាន​សម្រេច​ចិត្ត​លា​ចេញ​ពី​តំណែង​ក្នុង​ក្រុមហ៊ុន First Eangle Fund ពេល​នោះ​ហើយ​ដែល​លោក​បាន​ទាក​យក​នូវ​វិនិយោគិន​យ៉ាង​ច្រើន​មក​បណ្តាក់​ទុន Soros Fund Management វិញ​ម្តង។

http://www.forbes.com/profile/george-soros/?list=billionaires

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com