លោក អ៊ុន សុខ​ឃាង មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​២ លេខ​៣ សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា មេ​គយ​ចល័ត​ឈរជើង​នៅលើ​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ គឺ​លោក អ៊ុន សុខ​ឃាង កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត យ៉ាង​សុខសាន្ត​។ ដោយហេតុថា​នៅពេលដែល​ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​ខេត្តកណ្ដាល ខេត្តតាកែវ និង​ខេត្តកំពត ហើយ​ឆ្លង​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លេខ​៣​នោះ គឺ​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​លោក អ៊ុន សុខ​ឃាង ឡើយ​។ សូម្បីតែ​ទំនិញ​ដែល​ឈ្មួញ​បង់ពន្ធ​ស្របច្បាប់​ក៏ត្រូវ​បង់លុយ​ឲ្យ​លោក អ៊ុន សុខ​ឃាង ដែរ​គឺ​មេ​គយ​ចល័ត​រូបនេះ​អាច​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​គយ​តូចតាច​នៅ​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា លោក អ៊ុន សុខ​ឃាង ហៅ​គ្រូ​ចិន​សែ អាច​រក​ចំណូល​តាមរបៀប​ពុករលួយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ បាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃៗ​។ ក្នុងនោះ​ករណី​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន​ខេត្តតាកែវ និង​ខេត្តកំពត ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ ត្រូវ​បង់លុយ​តាម​ការកំណត់​ទើប​គ្មាន​ការរំខាន​ពី​គយ​ចល័ត​។ ការដែល​លោក អ៊ុន សុខ​ឃាង ហៅ​គ្រូ​ចិន​សែ អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តកណ្ដាល ដោយមាន​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក អ៊ុន សុខ​ឃាង ខ្លះ​ផង​ព្រោះ​មន្ត្រី​គយ​រូបនេះ​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកណ្ដាល ខេត្តតាកែវ និង​ខេត្តកំពត ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ បាន​ឲ្យ​ដឹងថា​ពួកគេ​កំពុង​រង​ការគាបសង្កត់​យ៉ាងខ្លាំង​ពី​លោក អ៊ុន សុខ​ឃាង ហៅ​គ្រូ​ចិន​សែ បើទោះបី​ពួកគេ​បង់ពន្ធ​ត្រឹមត្រូវ​ក៏ដោយ​។ ទន្ទឹមនឹងនេះ​លោក អ៊ុន សុខ​ឃាង បាន​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរពិនិត្យមើល​អំពើពុករលួយ​របស់លោក អ៊ុន សុខ​ឃាង ផងដែរ​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ដូចជា គ្រឿងសំណង់ ដែក​ស៊ីម៉ងត៍ និង​ទំនិញ​ចាប់ហួយ​ផ្សេងៗ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ យ៉ាង​អនាធិបតេយ្យ​បំផុត​៕

123លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ KA-01-04-2016-18