ពួក​គាត់​ច្រឡំ​ល្បែង​ប្រជាប្រិយ​ទេ​ដឹង?

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​-​ស្រី ក្មេង​-​ចាស់​ជាង​១០​នាក់ បាន​នាំ​គ្នា​អង្គុយ​ចាក់​ខ្លា​ឃ្លោក​ជា​រៀង​រាល់​យប់ គិត​ទៅ​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ដែល​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​អ្នក​ជិតខាង រក​ដេក​មិន​បាន ព្រោះតែ​លេង​រហូត​ដល់​យប់​ជ្រៅ និង​ស្រែក​ហ៊ោកញ្ជ្រៀវ
ខ្លាំង​ៗ ស្ថិត​នៅ​ក្បែរ​រោងចក្រ «​ក្លេត​ភី​» លើ​ផ្លូវ​ផ្សារ​ឯករាជ្យ​២ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជាក់ស្តែង នៅ​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៤ មេ​សា ពេល​ដែល​អ្នក​សារព័ត៌​មានបាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ខាងលើ ក៏​ប្រទះ​ឃើញ​មនុស្ស​ជា​ច្រើន កំពុង​អង្គុយ​ចាក់​ខ្លា​ឃ្លោក​នៅ​មុខ​ផ្ទះ រួច​ក៏​បាន​ថត​យក​រូបភាព ធ្វើ​ឱ្យ​អ្នក​ចាក់​ខ្លា​ឃ្លោក​ដឹង​ថា មាន​អ្នក​ថតរូប​ភាព បាន​នាំ​គ្នា​រត់​ចោល​ក្រដាស​ខ្លា​ឃ្លោក​នៅ​លើ​តុ ហើយ​ត្រូវ​ប្រជា​កា​ពារ​ភូមិ បាន​ដកហូត​យក​ទៅ​រក្សា​ទុក  និង​ហាម​កុំឱ្យ​លេង​ទៀត ។

ទីតាំង​ខាងលើ គេ​តែង​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ទៅ​ប្រមូលផ្តុំ​គ្នា​អង្គុយ​ចាក់​ខ្លា​ឃ្លោក ចាប់ពី​ម៉ោង​១០​យប់ រហូត​ដល់​យប់​ជ្រៅ ទើប​នាំ​គ្នា​ឈប់ ។ គួរ​បញ្ជាក់​ថា កន្លង​មក ក៏​ត្រូវ​កម្លាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​អន្តរាគមន៍​ដែរ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចេញ​ទៅ​បាត់ នាំ​គ្នា​លួច​លេង​បន្ត​ទៀត ។