សូម​ប្រយ័ត្ន ! ក្មេងៗ​ពុល​មី​កញ្ចប់​តូច​​នៅ​សៀមរាប

ខេត្តសៀមរាប ៖ ក្មេង​ៗ​ប្រុស​ស្រី​៣​នាក់​បាន​ពុល​មី​កញ្ចប់​តូច​ម៉ាក​អា​ប៉ូ​ឡូ (APollo) ដែល​ពួក​គេ​ទិញ​នៅ​តូប​ចាប់ហួយ​យក​មក​ហូប ស្រាប់តែ​ក្អួតចង្អោរ​ពុល​តែ​ម្តង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មណ្ឌល​សុខភាព​ជីក្រែង ដើម្បី​ជួយ​សង្គ្រោះ​ទាន់​ពេល ។ ហេតុការណ៍​ពុល​មី​កញ្ចប់​តូច​មាន​រសជាតិ​ជូរអែម​ៗ​ដែល​នាំ​មក​ពី​ភ្នំពេញ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៦ ក្នុងភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ស្តីទី​ស្រុក​ជីក្រែង បានឱ្យ​ដឹង​ថា ក្មេង​ៗ​ដែល​ពុល​មី​(​មី​សម្រាប់​ក្មេង​ៗ)​ដែល​មាន​លាយ​គ្រឿងផ្សំ​រួច​ច្រក​កញ្ចប់​តូច​ៗ​លក់​នោះ​គឺ​ពិតជា​មាន​មែន ហើយហេតុការណ៍​នេះ​ក្រុម​គ្រួ​សារបាន​ជួយ​យក​ទៅ​សង្គ្រោះ​ទាន់​ពេល ដោយ​មិន​បណ្តាល​ឱ្យ​ក្មេង​ណា​ម្នាក់​រង​ការ​ពុល​ធ្ងន់ធ្ងរ​នោះ​ទេ ។ លោក​បន្ត​ថា ក្មេង​ដែល​ពុល​មី​កញ្ចប់​តូច​ដែល​មាន​លេខ​កូដ​៨៩១​នោះ​មាន ទី​១-​ឈ្មោះ ហឹ​ម សុ​ឃី ភេទ​ស្រី អាយុ​៨​ឆ្នាំ​, ទី​២-​ឈ្មោះ ហឹ​ម ឃន់ ភេទ​ប្រុស អាយុ​៣​ឆ្នាំ ត្រូវជា​ប្អូន​ឈ្មោះ ហឹ​ម សុ​ឃី និង ទី​៣-​ឈ្មោះ វី ពិសិដ្ឋ ភេទ​ស្រី អាយុ​២​ឆ្នាំ អ្នក​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ បញ្ជាក់​ថា ចំពោះ​ផលិតផល​មី​កញ្ចប់​តូច​ៗ​វិញ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ស្រុក​កំពុងធ្វើការ​ត្រួ​តពិនិត្យ​ជាមួយ​មន្ទីរ​សុខាភិបាល​ស្រុក ដើម្បី​ឱ្យ​ដឹង​ថា មី​កញ្ចប់​តូច​​នោះ​មាន​សារធាតុពុល ឬ​មួយ​មក​ពី​ផលិតផល​នោះ​ហួស​កាលបរិច្ឆេទ ។

លោក​បន្ថែម​ថា ក្នុង​នាម​ជា​សមត្ថកិច្ច​សូម​ធ្វើការ​អំពាវនាវ​ដល់​មាតា​បី​តា​ក្មេង​ៗ​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​អំពី​បញ្ហា​សុខុមាលភាព​របស់​កូន​ៗ ត្រូវ​ធ្វើការ​ពន្យល់​ឱ្យ​បាន​ច្រើន​អំពី​នំចំណី​ដែល​ញាំ​ទៅ​ធ្វើ​ឱ្យ​ពុល​ដូច​ជា​ករណី​ខាងលើ​នេះ ។

សូម​រំលឹក​ថា កន្លង​ទៅ​នៅ​ខេត្តសៀមរាប​ធ្លាប់​មានកូន​ក្មេង​តូច​ៗ​បាន​ទៅ​ទិញ​នំចំណី​ផ្សេង​ៗ​នៅ​តាម​តូប​ចាប់ហួយ ហើយ​បាន​ពុល​ជា​បន្តបន្ទាប់​ដែរ តែ​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ​ហាក់​នៅ​មិន​ទាន់​ស្រាយ​ច​ម្ង​ល់​ទាំងនេះ​ជូន​រាស្ត្រ​នៅឡើយ​ទេ ៕