យំផង! សំពះ​ផង! ​ឱ្យ​តែ​កូនព្រមទៅ​ផ្ទះ​វិញ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ម្តាយ ព្រោះតែ​បាត់​កូនប្រុស​ពី​ផ្ទះ​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយ​គាត់​ខំ​ដើរ​រក​គ្រប់​ទីកន្លែង លុះ​បាន​ប្រទះ​ឃើញ​កូន​ហើយ ក៏​ហៅ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ត្រូវ​កូនប្រុស​រូប​នោះ​ប្រកែក​មិន​ព្រមទៅ​ទេ បើ​ទោះបីជា​ម្តាយ​យំ​អង្វរ និង​លើកដៃ​សំពះ​​កូន​យ៉ាងណា​ក៏​ដោយ ។

ហេតុ​ការ​ណ៏​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ នេះ ស្ថិត​នៅ​ក្នុង​វត្ត «​ឧត្តរា​វ​តី​» ក្នុងភូមិ​មិត្តភាព សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ក្មេង​ប្រុស​ខាងលើ​ឈ្មោះ​យិ​ន សម្បត្តិ អាយុ​១៤​ឆ្នាំ ។ ចំណែក​ម្តាយ​ឈ្មោះ​ញ៉ែ​ម សុខ​ឃឿ​ន អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​នៅ​ជិត​ផ្លូវ​រទេះភ្លើង ក្នុងភូមិ​ខាងលើ ។ ស្ត្រី​ជា​ម្តាយ​បន្ទាប់​ពី​លួង​កូនប្រុស​មិន​ព្រមទៅ​ផ្ទះ​នោះ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​ណែនាំ​កូនប្រុស​ដែ​េ ព្រោះតែ​គាត់​ខ្លាច​កូន​ជួប​គ្រោះថ្នាក់​ណាមួយ ។

បើ​តាម​កូនប្រុស​បាន​និយាយ​ថា មូលហេតុ​ដែល​មិន​ចូល​ផ្ទះ​នោះ គឺ​មក​ពី​ឪពុក​-​ម្តាយ​ជេរ​ខ្លួន​ពេក ។ គ្រួសារ​ខាងលើ ​ត្រូវ​គេ​ដឹង​ថា តែងតែមាន​ជម្លោះ​​ជា​រៀងរាល់ថ្ងៃ និង​ដឹង​ទៀត​ថា ក្មេង​ប្រុស​នោះ​ធ្លាប់​ប្រើ​គ្រឿងញៀន​ផង​ដែរ ។