ពូ​ប៊ិះ​ស្លាប់ បន្ទាប់​ពីអង្គុយ​​ផឹកស្រា​ជាមួយ​​ក្មួយ

ខេត្តកំពង់ចាម ​៖ ទំនាស់​ផ្តើម​​ចេញពី​​ការ​ផឹកស៊ី​​ រវាង​ឪពុកមា​ ​និង​ក្មួយ​ប្រុស​បង្កើត ​រហូត​ឈាន​​ដល់​​ផ្ទុះ​​​ហិ​​ង្សា ដោយ​​ក្មួយ​​បាន​​ប្រើ​កាំបិត​​​បុ័ងតោ​កាប់​ប្រហារ​​ឪពុកមាចំនួន​​៣​កាំបិត​​ចំ​​កញ្ចឹង.ក និង​ខ្នង​២​កាំបិត​​ហូរឈាម​​​ជោប្រាណ​ ​រួច​រត់គេច​ខ្លួន​បាត់ ​ដែល​ហេតុ​ការ​ណ៍​នេះ ​​កើតឡើង​កាល​ពី​​​ល្ងាច​​ថ្ងៃ​ទី​០៤ ​មេ​សា ២០១៦ ស្ថិត​នៅ​ភូមិ​ទី​៨ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម  ។

ជន​​រង​​​គ្រោះ​ឈ្មោះ​ប៊ុត ម៉ៅ អាយុ​ជាង​​៥០​ឆ្នាំ បាន​​ឱ្យ​​ដឹង​​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តថា សព្វថ្ងៃ​​​គាត់មាន​មុខ​របរ​​រត់​​​រទេះ​សេះ ​និង​នេសាទ​ត្រី​​តាម​ដង​​ទន្លេមេគង្គ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ ព្រមទាំង​មានកូន​​៧​នាក់  ។ ​នៅ​​​ល្ងាចថ្ងៃ​​កើតហេតុនោះ ​​គាត់​បាន​ដើរទៅ  ស្រាយ​​​ខ្សែចំណង​​សេះ​ ​នៅនឹង​គល់​ស្វាយ ​ព្រោះតែ​ខ្លាច​​​​ក្មេង​ដើរ​ឆ្លងកាត់​ ក្បែរ​ដើម​ស្វាយ​អាច​នឹង​ត្រូវ​សេះ​​ធាក់ ទើប​គាត់​ស្រាយ ​ដើម្បី​​យក​ទៅ​ចង​នៅ​កន្លែង​ផ្សេង​វិញ ។

ក្នុង​ពេល​ដែល​ស្រា​យ​មក​ដល់ផ្ទះ ​គ្រាន់តែ​ដាក់​គូទ​អង្គុយ​បាន​​តែ​បន្តិច ត្រូវ​ឈ្មោះ​នី រស់នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា ​យក​កាំបិតមក​កាប់​ប្រហារ​​លើ​រូប​គាត់​ចំ​​កញ្ចឹង.ក ​និង​ខ្នង​២​កាំបិតតែម្តង បណ្តាល​​​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន  ។ ភ្លាម​ៗ​នោះ​ បាន​ស្រែក​ឡើង​ហៅ​គេ​ឯង​ឱ្យ​​មក​ជួយ ដោយ​មនុស្ស​ម្នា​​ក្នុងភូមិ​មក​ជា​ច្រើន ហើយ​ជន​បង្កដែល​កាប់​រូប​គាត់​​ប៉ង​សម្លាប់​នោះ ​បាន​រត់គេច​ខ្លួន​បាត់​  ។ គាត់បន្ត​ថា​ ​​កន្លង​មក គាត់​​ធ្លាប់​​ឈ្លោះ​គ្នា​ជាមួយជនដៃដល់ និង​​ម្តាយ​របស់​គេ​​ ។

ចំណែក​​លោក​វរ​សេនី​យ៍​ទោ ជា ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កំពង់សៀមក៏​បានប្រាប់វិញ​​​ថា ​​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ និង​អ្នក​កាប់​​នាំ​គ្នា​​ផឹកស្រា​ជាមួយ​​គ្នា​នៅ​ក្នុងភូមិ​ខាងលើ ។ បន្ទាប់​មក ​នៅ​ពេល​ដែល​សុរាបាន​ជ្រាប​ពេញ​ខ្លួន​​ស្រវឹងនោះ បាន​និយាយ​លេប​​​ខា​យ​ចុះឡើង​ ក៏​ស្រាប់តែ​មាន​ជម្លោះ​ពាក្យសម្តី​​ឡើង​តែ​ម្តង ។ បន្ទាប់​មក ត្រូវ​ជនដៃដល់ជា​​​ក្មួយបង្កើត​នោះ​ បាន​យក​​កាំបិត​មក​កាប់ប្រហារ​តែ​ម្តង ។