មហាមេឃ​គំរាម​យក​ជីវិត​អ្នកកាសែត

ខេត្តកំពង់ធំ ៖ ​អ្នក​យក​ព័ត៌មាន​ឲ្យ​ស្ថានីយទូរទស្សន៍​លេខ​៣ ប្រចាំ​ខេត្តកំពង់ធំ​ម្នាក់ ត្រូវ​បាន​ឈ្មួញ​បទល្មើស​ព្រៃឈើ​ម្នាក់​គំរាម​សម្លាប់​ចោល​តាម​ទូរស័ព្ទ ហើយ​ត្រូវ​ស្ងប់​ស្ងាត់​​ទៅ​វិញ បន្ទាប់​ពី​ទទួល​បាន​លុយ​ជា​ថ្នូរ​ចំនួន​២.០០០​ដុល្លារ ។

គួរ​រំលឹក​ថា ករណី​គំរាម​សម្លាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ប្រចាំ​ខេត្តកំពង់ធំ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១២​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​០១ មេ​សា ២០១៦ ខណៈ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បាន​ថត​យក​ព័ត៌មាន​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ស្រាប់តែ​មាន​ទូរស័ព្ទ​ខ​ល​ចូល​ទូរស័ព្ទ​លោក ប៊ុ​ន រិ​ទ្ធី ឲ្យ​ទៅ​ជួបនឹង​លោក​មហាមេឃ​នៅ​ចំណុច​ផ្លូវ​គំរូ​ក្នុងស្រុក​សណ្តាន់ តែ​ត្រូវ​បាន​លោក ប៊ុ​ន រិ​ទ្ធី ប្រកែក​ថា មិន​ទៅ​ទេ ហើយ​ជន​ដែល​ប្រើ​នាម​មហាមេឃ​នេះ និយាយ​គំរាម​ថា ស៊ូស្លាប់​ក្នុង​សមរភូមិ​មែន​ទេ? ឥឡូវ​មាន​ផ្លូវ​២​ឲ្យ​ជ្រើសរើស ១-​បើ​នៅ​ស្លាប់ ២-​បើ​មក​រស់ យក​១​ណា? ក្រោយមក​បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​លេខ​ទូរស័ព្ទ ទើប​ដឹង​ច្បាស់​ថា បុគ្គល​ដែល​បាន​ទូរស័ព្ទ​គំរាម​សម្លាប់​រូប​លោក​នោះ គឺ​លោក​វរសេនីយ៍ត្រី ញ៉ែ​ម សំ​ផ​ន ហៅ​អ៊ូ​តាន់ អាយុ​៤៦​ឆ្នាំ បម្រើ​ការ​នៅ​អង្គភាព​យោធា​ភូមិភាគ​ទី​៤ ប្រចាំ​ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពោធិ​បាក់​ករ សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ និង​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ល្បី​រន្ទឺ​ដឹក​ចេញពី​ទឹកដី​ភូមិសាស្ត្រ​ស្រុក​សណ្តាន់ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ប្រឆាំង​គាំទ្រ​ពី​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​រួច​មក លោក ប៊ុ​ន រិ​ទ្ធី ថា នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​០៥ មេ​សា ២០១៦ នេះ ក៏​ប៉ុន្តែ​ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា លោក​វរសេនីយ៍ត្រី ញ៉ែ​ម សំ​ផ​ន ហៅ​អ៊ូ​តាន់ សុំ​សម្របសម្រួល​នឹង​សងជំងឺចិត្ត​ចំនួន​២.០០០​ដុល្លារ ក្រៅផ្លូវការ ដោយ​​ពុំ​មានការ​ដឹង​ឮ​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​ក៏​ស្ថាប័ន​តុលាការ​នោះ​ឡើយ ធ្វើ​ឲ្យ​ក្រុម​អ្នក​សារព័ត៌​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​នេះ ហើយ​នាំ​គ្នា​ដាក់​ជា​សំណួរ​ចោទសួរ​គ្នា​ថា គេ​គំរាម​សម្លាប់​ចោល​ហើយ យក​លុយ​ទៅ​សូក​វិញ តែ​២.០០០​ដុល្លារ​ស្ងាត់​មាត់​ឈឹង ជីវិត​អ្នក​សារព័ត៌មាន​ម្នាក់​ថោក​អី​ក៏​ថោក​ដល់​ថ្នាក់​ហ្នឹង មាន​តម្លៃ​ត្រឹមតែ​២.០០០​ដុល្លារ?

ជុំវិញ​ច​ម្ង​ល់​នេះ នៅ​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ នេះ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ធំ បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​វរសេនីយ៍ត្រី ញ៉ែ​ម សំ​ផ​ន ហៅ​អ៊ូ​តាន់ ដែល​មាន​រហ័ស​នាម​មហាមេឃ និង​លោក ប៊ុ​ន រិ​ទ្ធី តាម​ទូរស័ព្ទ​ដៃ​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ ខ​ល​ចូល​តែ​គ្មាន​អ្នក​ទទួល បើ​ព័ត៌មាន​នេះ​មានការ​វិវឌ្ឍន៍​យ៉ាងណា​ទៀត​នោះ យើង​នឹង​​រង់ចាំ​តាមដាន​បន្ត​ទៀត​ទាំងអស់​គ្នា​។