ចោរ​អាកា​ប្លន់​កក្រើក​នៅ​ខេត្តកំពត យក​មាស​ទៅ​លក់​ចាប់​បាន​២​នាក់

ខេត្តកំពត ៖​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​កក្រើក​ខេត្តកំពត ពិសេស​ក្នុង​ទឹកដី​ស្រុក​អង្គរ​ជ័យ ស្រុក​ឈូក និង​ស្រុក​ដងទង់ ពេល​នេះ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​២​នាក់ និង​អាកា​ស្វាយ​បត់​១​ដើម​មាន​គ្រាប់​៧​គ្រាប់ ​ហើយ​កាលពី​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ​ឈូក ស្ថិត​ក្នុងភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយ​រង​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កម្លាំង​​សមត្ថកិច្ច​ស៊ើបដឹង​ថា ជនល្មើស​ទាំង​៣​នាក់​បាន​យក​មាស​ដែល​ពួក​គេ​ប្លន់​បាន​ពី​ជន​រង​គ្រោះ​កន្លង​មក​ទៅ​លក់​នៅ​ផ្សារ​ឈូក ស្ថិត​ក្នុងភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក កម្លាំង​សមត្ថកិច្ច​យើង​បាន​តាម​ប្រ​ម៉ា​ញ់​ជាប់​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជាក់ស្តែង​បាន​២​នាក់ បក្សពួក​ជនល្មើស​ម្នាក់​ទៀត​បាន​រត់​រួច ហើយ​គេចខ្លួន​បាត់ ។

លោក​វរសេនីយ៍ត្រី លក ញ៉ា​វ បញ្ជាក់​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​មាន ១-​ឈ្មោះ អ៊ុ​ក មឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ និង ២-​ឈ្មោះ មួ​ង រ៉េ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងទង់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ។

លោក​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​០៥​មេ​សា​នេះ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​ដើម្បី​ស្វែង​ជ្រាវ​រក​ព័ត៌មាន​ជុំវិញ​សកម្មភាព​ប្លន់​ក្នុងស្រុក​ទាំង​បី​នៃ​ខេត្តកំពត ថា​តើ​ប្លន់​ប៉ុន្មាន​លើក ហើយ​កន្លែង​ណាខ្លះ ៕