អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​គ្រោង​ផ្ញើ​កំណត់​ទូត​ឲ្យ​អាជ្ញាធរ​ឡាវ​រឿង​សង់​សំណង់​តាម​ព្រំដែន

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង គ្រោង​ដាក់​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ ឲ្យ​ផ្អាក​ការ​សាងសង់​សំណង់​រឹង​នៅ​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ប្ដេជ្ញា​ថា​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដើម្បី​រក្សា​ស្ថិរភាព​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ បើ​ទោះ​បី​ជា​មាន​ចម្រូងចម្រាស​បញ្ហា​ព្រំដែន​ក្តី។

នគរបាល​ការពារ​ព្រំដែន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មេសា ថា សមត្ថកិច្ច​ព្រំដែន​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​តែ​សាងសង់​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៅ​តំបន់​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ ដែល​ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​០៣៣ និង ០៣៤ ឋិត​នៅ​ភូមិ​ដុងក្រឡ សង្កាត់​សាមគ្គី ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​ស្វាយ នៃ​វរ​សេនា​តូច​៧០១ លោក ដួង ចន្ធី កត់​សម្គាល់​ថា សមត្ថកិច្ច​ឡាវ បាន​សាងសង់​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចាប់​ពី​ថ្ងៃ​ទី​៣១ មេសា រហូត​បច្ចុប្បន្ន ទោះ​បី​ជា​សមត្ថកិច្ច​ការពារ​ព្រំដែន​របស់​កម្ពុជា បាន​ចរចា​ឲ្យ​ឡាវ គោរព​កិច្ចព្រមព្រៀង​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ក្តី។ លោក​បន្ត​ថា សមត្ថកិច្ច​ឡាវ បាន​ប្រាប់​សមត្ថកិច្ច​ការពារ​ព្រំដែន​របស់​កម្ពុជា ថា ពួក​គេ​កសាង​នេះ​ដោយសារ​មាន​បទបញ្ជា​ពី​អភិបាល​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ។ ដូច្នេះ គម្រោង​នេះ​អាច​បញ្ឈប់​បាន​លុះត្រា​មាន​ការ​ឯកភាព​ពី​អភិបាល​ខេត្ត​ចម្ប៉ាសាក់ ជា​មុន​សិន៖ «យើង​បាន​ធ្វើ​ការ​ចរចា​ហើយ យើង​បាន​ស្នើសុំ​ឲ្យ​ភាគី​ឡាវ ហើយ យើង​ប្រជុំ​បី​ដង​ហើយ នៅ​ចំណុច​កំពុង​សាងសង់ ប៉ុន្តែ​ភាគី​ឡាវ គេ​ប្រាប់​មក​វិញ​ថា បើ​ចង់​ឲ្យ​គេ​ឈប់​សាងសង់ លុះត្រា​តែ​មាន​បទបញ្ជា​ពី​ចៅហ្វាយ​ខេត្ត​ចម្ប៉ាសាក់»

លោក ដួង ចន្ធី បន្ថែម​ថា បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស​នេះ ឡាវ ហាក់​ដូចជា​ប្ដូរ​ឥរិយាបថ​ក្នុង​ការ​រៀបចំ​កង​កម្លាំង​ការពារ​ព្រំដែន ពោល​គឺ​កម្លាំង​ការពារ​ព្រំដែន​ឡាវ កាន់​តែ​កើន​ឡើង​នៅ​តំបន់​ចម្រូងចម្រាស​នោះ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក ម៉ែន គុង មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ភាគី​ឡាវ បន្ត​សាងសង់​ប៉ុស្តិ៍​ព្រំដែន និង​ជញ្ជូន​សម្ភារៈ​ចូល​តំបន់​នោះ​ក្តី រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ប្រកាន់​ជំហរ​សន្តិវិធី ដោយ​គ្រោង​សរសេរ​លិខិត​កំណត់​ទូត​ទៅ​អាជ្ញាធរ​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ ឲ្យ​បញ្ឈប់​ការ​សាងសង់​នោះ និង​រង់ចាំ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​ជា​មុន​សិន។ លោក​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ធ្លាប់​បាន​ជូន​ដំណឹង​ទៅ​ភាគី​ឡាវ ដែល​កំពុង​សាងសង់​ប៉ុស្តិ៍​ព្រំដែន​នោះ​ឲ្យ​រក្សា​ស្ថានភាព​ដើម៖ «យើង​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចម្ប៉ាសាក់ ធ្វើ​ការ​ពិនិត្យ​ពិចារណា និង​ធ្វើ​ការ​ណែនាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ផ្អាក​ការ​សាងសង់​សំណង​រឹង​នៅ​តំបន់​ព្រំដែន ដែល​ជា​ចំណុច​មិន​ទាន់​ធ្វើ​ការ​ឯកភាព​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន»

កន្លង​ទៅ គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ធ្លាប់​បាន​កោះ​ប្រជុំ​លើក​ទី​៦ ស្ដីពី​ការ​ឯកភាព​គ្នា​ឲ្យ​រក្សា​បរិស្ថាន​ព្រំដែន​ដដែល ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ប្រទេស​ឡាវ បាន​រំលោភ​កិច្ចព្រមព្រៀង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។