អុកចត្រង្គ​ក្លាយជា​កីឡា​នាំមុខ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ

រាជធានី​ភ្នំពេញ ៖ ប្រមាណ​ជា​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​កត់​សម្គាល់ថា កីឡា​អុកចត្រង្គ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដោយ​ចាត់​ទុក​ថា​គឺជា​កីឡា​ដែល​មាន​សក្ដានុពល​សម្រាប់​ឱ្យ​កម្ពុជា​យក​មេដាយ​បាន​ស្រួល​នៅ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ឆ្នាំ​២០២៣​នោះ​ផង ។ ជាក់ស្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ធំ​ៗ ដូច​ជា​ពិធីបុណ្យ​ទន្លេ និង​អង្គរ​សង្ក្រាន្ត សុទ្ធតែ​បាន​បំផុស​ឱ្យ​មានការ​ប្រកួតប្រជែង​ពី​សំណាក់​កីឡាករ​ផ្សេង​ៗ​ដើម្បី​បង្កើន​បរិមាណ​កីឡាករ​ដែល​មាន​សមត្ថភាព​ទាំងអស់​ឱ្យ​ក្លាយជា​ធនធាន​ត្រៀម​ទុក​សម្រាប់​ប្រកួតប្រជែង​យក​មេដាយ​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ាន ឬ​SEA Games ។

គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០១៦​នេះ គឺ​នឹង​មានការ​ប្រកួត​កីឡា​អុកចត្រង្គ​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​៣​លើក​កន្លង​មក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នៅ​មុខ​ប្រាសាទ​អង្គរ​នោះ​ឡើយ ។ ដើម្បី​សម្រាំង​យក​ជើង​ខ្លាំង​ទៅ​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផ្ដោត​ការ​ចាប់អារម្មណ៍ សហព័ន្ធ​កីឡា​អុកចត្រង្គ​បាន​សម្រេច​រៀបចំ​ដោយ​ចាប់ផ្ដើម​ប្រកួត​ជម្រុះ​តាំងពី​ថ្ងៃ​ទី​៥ មេ​សា ម្សិលមិញ រហូត​ដល់​ថ្ងៃ​ទី​៧ មេ​សា​នេះ ដើម្បី​ស្វែង​រកតែ​៨​នាក់​ជា​ជើង​ខ្លាំង​ឱ្យទៅ​ប្រកួត​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។

អុកចត្រង្គ​ក្លាយជា​កីឡា​នាំមុខ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ

មន្ត្រី​ជា​អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​នឹង​មាន​កីឡាករ​អុកចត្រង្គ​ចូលរួម​ប្រកួត​ច្រើន​ជាង​មុន ដែល​នេះ​គឺជា​លទ្ធផល​ដែល​បណ្ដាល​មក​ពី​កីឡា​មួយ​នេះ បាន​ក្លាយជា​កីឡា​ដែល​មានការ​ពេញ​និយម​ទាំង​ខេត្ត និង​រាជធានី ដោយ​មាន​ទាំង​ការ​បើក​ក្លិប​បង្ហាត់បង្ហាញ​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​ផង គឺ​មិនមែន​គ្រាន់តែ​ហាត់​លេង​តាម​គ្នា​ដូច​មួយ​រយៈ​មុន​នោះ​ឡើយ ។ ក្នុង​នោះ​កីឡា​អុកចត្រង្គ ក៏​ត្រូវ​គេ​ឃើញ​មានការ​ពេញ​និយម​យ៉ាង​ទូលាយ​នៅ​តាម​ហាង​កាហ្វេ និង​តាម​កន្លែង​មួយ​ចំនួន​បន្ថែម​ពីលើ​ការ​បើក​សាលាបង្រៀន​ដោយ​អ្នកជំនាញ ដូច​ជា​សាលា​របស់​លោក​ឈាវ បូ​រ៉ា ជា​ស្ដេច​អុក​២​ជំនាន់​នៅ​អង្គរ​សង្ក្រាន្ត​ជាដើម ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា ការ​ប្រកួត​ជម្រុះ​យក​ជើង​ខ្លាំង​ឱ្យ​មានមុខ​ប្រកួត​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មាន​កីឡាករ​ចូលរួម​សរុប​ជិត​១០០​នាក់ ដោយ​ការ​ប្រកួត​ត្រូវធ្វើ​ចុះឡើង​ៗ​ស្វែងរក​អ្នក​ឈ្នះ​ចាប់ពី​ថ្ងៃ​ទី​៥ មេ​សា ម្សិលមិញ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ខានស្អែក ។ ការ​ប្រកួត​នេះ នឹង​កំណត់​យក​៨​នាក់​ចុង​ក្រោយ​ទៅ​ប្រកួត​យក​ពាន និង​ជើងឯក​ប្រចាំឆ្នាំ​លើក​ទី​៤ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដោយ​លោក​បញ្ជាក់​ថា ការ​ប្រកួត​អុកចត្រង្គ​ឆ្នាំ​នេះ ក្រៅពី​មាន​កីឡាករ​ច្រើន​ជាង​មុន កីឡាករ​ដែល​ចូលរួម​ទាំងអស់​សុទ្ធតែ​មាន​សមត្ថ​ភាពល្អ​ៗ​ផង​ដែរ ។ លោក​រំពឹង​ថា ៨​នាក់​ដែល​ជាប់​ក្នុង​ជម្រើស​គឺ​កើត​ចេញពី​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​បំផុត​ពី​សំណាក់​កីឡាករ​ល្អ​ៗ​ដែល​មាន​ន័យ​ថា អ្នក​ឈ្នះ​គឺ​ទាល់តែ​ខ្លាំង ឆ្លាត និង​ជា​អ្នកជំនាញ​ក្នុង​ដើរ​អុក​ទើប​មានឱកាស ។

លោក​ថា អុកចត្រង្គ គឺជា​ល្បែង​មួយ​ប្រភេទ​ដែល​មាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មក​ហើយ​របស់​បុព្វបុរស​ខ្មែរ ហើយដោយ​មានការ​លើក​ស្ទួយ​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ទើប​កីឡា​នេះ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ជា​ថ្មី ។ លោក​ថា កីឡា​អុកចត្រង្គ គឺជា​ប្រភេទ​កីឡា​ពាក់ព័ន្ធ​នឹង​ល្បងប្រាជ្ញា ស្មារតី និង​ជា​ក្បួន​យុទ្ធសាស្ត្រ​សង្គ្រាម​ការ​ពារ​ទឹកដី ទើប​ការ​ចូលរួម​លេង​ភាគច្រើន​របស់​កីឡាករ​គឺ​មិន​ខុស​ពី​ការ​ជួយ​លើក​ស្ទួយ​កីឡា​បុរាណ​របស់​ខ្មែរ​ដែល​អ្នកចូលរួម​លេង​នឹង​មានគំនិត​ទូលំទូលាយ ចេះ​ដោះ​ស្រាយ​​បញ្ហា​ចោទ​ផ្សេង​ដោយ​រលូន ។ លោក​មាន​ជំនឿ​ថា មិនយូរ​មិនឆាប់ កីឡា​អុកចត្រង្គ​នឹង​ក្លាយជា​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​មាន​មនុស្ស​កាន់តែ​ច្រើន​ចូល​ចិត្ត ។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​អ្នក​ខ្លាំង​ៗ​នៅ​គ្រប់​ទិស​ទី សម្រាប់​ការ​ប្រកួត​លើក​ក្រោយ​ៗ​ផង​ដែរ ដោយ​លោក​បញ្ជាក់​ថា បើ​ទោះជា​ក្នុងឆ្នាំនេះ​មានការ​ចូលរួម​ប្រកួត​ពី​សំណាក់​កីឡាករ​ច្រើន​ជាង​មុន ក៏​មិន​ទាន់​អស់ជើង​ខ្លាំង​ដែល​មាន​ជំនាញ​លេងអុក​ចត្រង្គ​នោះ​ដែរ ។

លោក​ថា ក្នុង​ឆ្នាំ​២០២៣ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​នោះ ធនធាន​សម្រាប់​កីឡា​ប្រភេទ​នេះ​នឹង​មាន​គ្រប់គ្រាន់ ដែល​មាន​ន័យ​ថា វិញ្ញាសា​នេះ​បើ​កម្ពុជា​ដាក់​ឱ្យ​មានការ​ប្រកួត​ប៉ុន្មាន​វិញ្ញាសា​គឺ ពិតជា​ទទួល​បាន​មេដាយ​ទាំងអស់​ក៏​ថា​បាន ដោយសារ​តែ​កម្ពុជា​គឺ​មាន​អ្នកជំនាញ​លេងអុក​គ្រប់គ្រាន់ ក្នុង​ពេល​ដែល​ប្រទេស​ផ្សេង​ទៀត​មាន​តិចតួច ។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ការ​ប្រកួត​ជម្រុះ​អ្នកលេង​អុកចត្រង្គ​យក​៨​នាក់​ទៅ​កាន់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ នៅ​មិន​ទាន់​ប្រាកដ​ថា​អ្នក​ខ្លាំង​ឆ្នាំ​មុន​នឹង​បន្ត​ឈាន​ឡើង​នៅឡើយ​ទេ ដោយសារ​តែ​កីឡាករ​ដែល​ចូលរួម​ប្រកួត​ផ្សេង​ទៀត​ក៏​មានការ​អះអាង​ថា ជា​ជើង​ខ្លាំង​មិនធម្មតា ។ ក្នុង​នោះ​វត្តមាន​កីឡាករ​វ័យក្មេង​ក៏​ត្រូវ​គេ​ឃើញ​មាន​ច្រើន​ណាស់​ដែរ ដែល​ន័យ​ថា កីឡា​អុកចត្រង្គ​បាន​ទាក់ទាញ​អារម្មណ៍​យុវវ័យ​ឱ្យ​ចូល​ហាត់រៀន ដោយ​សូ​ម្បី​តែ​ការ​រៀន​លេងអុក​នោះ គឺ​ត្រូវ​ចំណាយ​លុយ​បង់ថ្លៃ​រៀន​ក្ដី ។ លោក​ថា ការ​ប្រកួត​ជម្រុះ​យក​៨​នាក់​នៅ​មិន​ទាន់​កំណត់​ចំណាត់ថ្នាក់​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ទាំង​៨​នៅ​ពេល​ឈាន​ឡើង​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បើ​ជាប់​ចំណាត់ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​១២​លាន​រៀល លេខ​២​បាន​៨​លាន​រៀល និង​លេខ​៣​បាន​៤​លាន​រៀល ។ លោក​ស្នើ​ឱ្យ​អ្នកចូលរួម​ប្រកួត​តាំងពី​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​៨ មេ​សា​នេះ គោរព​ក្រមសីលធម៌ ដោយសារ​ល្បែង​អុក​ឬ​អុកចត្រង្គ មិនមែន​ជា​ប្រភេទ​កីឡា​ឌឺដង​ពាក្យ​សម្ដី និង​កម្លាំង​នោះ​ឡើយ គឺ​ប្រើ​តែ​បញ្ញា​ដើម្បី​ទប់ទល់ និង​វាយប្រហារ​សត្រូវ​នៅ​លើ​ក្ដារអុក​ប៉ុណ្ណោះ ៕