ការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​ថ្មី​ៗ​នៅ​តំបន់​HAUT-KARABAKH​រវាង​កងទ័ព​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់

ការ​ប្រយុទ្ធ​គ្នា​ថ្មី​ៗ​រវាង​កងទ័ព​អា​មេ​នី និង​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៣​នាក់​កាលពី​ថ្ងៃ​ទី​៤ មេ​សា ក្នុង​តំបន់​មាន​ជម្លោះ HAUT-KARABAKH។

ទាហាន​របស់​ប្រទេស​ទាំង​២​យ៉ាងតិច​៤០​នាក់ និង​ជន​ស៊ី​វិល​៦​នាក់​ត្រូវ​ស្លាប់​រួច​មនុស្ស​ជាង​២០០​នាក់ រង​របួស​ចាប់តាំងពី​ផ្ទុះ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ពី​ថ្ងៃ​ទី​១ មេ​សា មក ។ វា​ជា​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម​ចាប់តាំងពី​បទ​ឈប់​បាញ់​គ្នា​រវាង​ក្រុង​យ៉េ​រ៉េ​វ៉ា​ន និង​ក្រុង​បា​គូ កាលពី​ឆ្នាំ​១៩៩៤​មក ។ ផ្ទុយ​ទៅ​វិញ​ពុំ​មាន​សន្ធិសញ្ញា​សន្តិភាព​ណាមួយ​ត្រូវ​ចុះហត្ថលេខា​ឡើយ ក្រោយ​សង្គ្រាម​មួយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​ជា​៣០.០០០​នាក់​ស្លាប់​ហើយ​មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​រត់​ភៀសខ្លួន ពិសេស​ប្រជាជន​អា​ស៊ែ​បៃ​ហ្ស​ង់​មក ។

ជម្លោះ​នេះ​ដែល​ប្រភព​កើត​មាន​ចាប់តាំងពី​ច្រើន​សតវត្ស​មក​ហើយ តែ​លេច​ច្បាស់​សម័យ​សូ​វៀត ពេល​ក្រុង​មូ​ស្គូ​ប្រគល់​ដែនដី​ដែល​មាន​ជនជាតិ​អា​មេ​នី​ភាគច្រើន​នេះ​ទៅ​ឱ្យ​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត​អា​ស៊ែ​បៃ​ហ្ស​ង់​។ ជម្លោះ​កើត​មាន​ក្នុង​តំបន់​យុទ្ធសាស្ត្រ​កូ​កាស់​ជា​តំបន់​ដឹក​ជញ្ជូន​ប្រេងកាត និង​ឧស្ម័ន​សំខាន់​ស្ថិត​នៅ​ជិត​ប្រទេស​អុ​ី​រ៉​ង់ តួ​ក​គី និង​តំបន់​មជ្ឈិម​បូព៌ា​។

ការ​ផ្ទុះ​ឡើង​ថ្មី​នៃ​ជម្លោះ​យោធា​នេះ​កើត​មាន​ពេល​រុ​ស្ស៊ី​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​អា​មេ​នី ហើយ​តួ​ក​គី​ជា​សម្ព័ន្ធ​ប្រពៃណី​របស់​អា​ស៊ែ​បៃ​ហ្ស​ង់​កំពុង​ឆ្លងកាត់​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​មួយ​ដោយសារ​សង្គ្រាម​នៅ​ស៊ី​រី ។

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន អះអាង​កាលពី​ថ្ងៃ​ទី​៤ មេ​សា ថា តំបន់ HAUT-KARABAKH ច្បាស់​ណាស់​ក្នុង​ថ្ងៃ​ណាមួយ​នឹង​វិល​មក​រក​ម្ចាស់​ដើម​វិញ​គឺ​អា​ស៊ែ​បៃ​ហ្ស​ង់ ។

វិបត្តិ​នេះ​ជា​ប្រធានបទ​សំខាន់​បំផុត​នៃ​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី និង​សម​ភាគី​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឡាវ​រ៉ូ​វ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក លោក MARK TONER ថ្លែង​ថា យើង​ស្នើ​ដល់​ភាគី​ទាំង​២ ឱ្យ​បញ្ឈប់​ជា​បន្ទាន់ការ​ប្រើប្រាស់​កម្លាំង ហើយ​ចៀសវាង​រាល់​រូបភាព​នៃ​ការ​បង្កើន​ជម្លោះ ៕