សមត្ថកិច្ច ៖ ម្ចាស់​កំពង់ចម្លង​អុងប៉ាង​គ្មាន​កំហុស​ទេ

ខេត្តកណ្ដាល ៖ បន្ទាប់​ពី​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ម្ចាស់​កំពង់ចម្លង និង​អ្នក​បើករថយន្ត​ដែល​បើក​ធ្លាក់​ពីលើ​ទូកដ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៧​នាក់​មក​សាកសួរ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​៥​មេ​សា​នេះ​ម្ចាស់​កំពង់ចម្លង​ឈ្មោះ ឈិ​ន រតនា ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ ដោយឡែក​តែ​អ្នក​បើករថយន្ត​ត្រូវ​បាន​នគរបាល​បញ្ជូន​មក​កាន់​តុលាការ​ដើម្បី​សាកសួរ​បន្ត ។

មន្ត្រី​នគរបាល​ចរាចរ​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​កំពង់ចម្លង​ឈ្មោះ ឈិ​ន រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រក​ឃើញ​ថា​មិន​មាន​កំហុស​ពាក់ព័ន្ធ​នឹង​រឿង​បើករថយន្ត​ធ្លាក់​ពីលើ​ទូកដ និង​ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។ ចំណែក​អ្នក​បើករថយន្ត​ឈ្មោះ សាក់ សា​រ៉ា​ក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​មេ​សា ដើម្បី​សាកសួរ​ពាក់​ព​ន្ធ័​នឹង​ករណី​បើកបរ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​រថយន្ត​ធ្លាក់​ពីលើ​ទូកដ​ស្លាប់​មនុស្ស​៧​នាក់ ។

គួរ​បញ្ជាក់​ថា ក្រុម​គ្រួសារ​មួយ​បាន​ជួប​គ្រោះថ្នាក់​គួរ​ឱ្យ​រន្ធត់​ពន់ពេក​ពេល​ត្រឡប់​មក​ពី​សែន​ឆេ​ង​ម៉េ​ង​វិញ ដោយសារ​បើករថយន្ត​ឡើង​លើ​ទូកដ​លឿន​ជ្រុល​រថយន្ត​ដាំ​ក្បាល​ធ្លាក់​ពីលើ​ទូកដ​ចូល​ក្នុង​ទឹកទន្លេ​លិច​បាត់​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៧​នាក់ ក្នុង​នោះ​មាន​មនុស្ស​ចាស់​២​នាក់​ប្ដី​ប្រពន្ធ និង​ក្មេង​ៗ​ប្រុស​ស្រី​៥​នាក់​ជា​បងប្អូន​បង្កើត និង​បងប្អូន​ជីដូនមួយ​គ្នា ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣ មេ​សា នៅ​ចំណុច​កំពង់ចម្លង​អុងប៉ាង​ត្រើយ​ខាងកើត​ទន្លេបាសាក់ ស្ថិត​ក្នុងភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ។

សូម​បញ្ជាក់​ថា សប្បាយ​ក្លាយជា​ទុក្ខ មួយ​ប៉​ព្រិច​ភ្នែក​ស្លាប់​អស់​៧​នាក់