ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រង​ការ​ឈ្លេច​សួរ​រឿង​ពុករលួយ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​និយាយ​ថា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដើម្បី​សាកសួរ​ទាក់ទិន​នឹង​ការ​ចោទ​រឿង​ពុករលួយ ហើយ​រំពឹង​ថា​នឹង​ត្រូវ​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ដដែល​នោះ។

យោង​តាម​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​ដឹង​ថា លោក​ឯកអគ្គរាជទូត ស៊ុត ឌីណា ត្រូវ​បាន​ហៅ​ពី​ក្រសួង​ការបរទេស​មក​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ក្រុង​ភ្នំពេញ បន្ទាប់ពី​មាន​ការ​ស៊ើបអង្កេត​ល្អិតល្អន់​លើ​ការ​ចោទ​ប្រកាន់​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ដែល​ឆ្លើយតប​ទៅ​នឹង​បណ្តឹង​ទាក់ទិន​នឹង​លោក​ពី​ក្រុម​មន្ត្រី​ក្រសួង​និង​អ្នក​ប្រើ​ហ្វេសប៊ុក។

លោក យ៉ិនទៀង បាន​និយាយ​នៅ​ពេល​ថ្ងៃ​ត្រង់​ថ្ងៃ​ច័ន្ទ​ថា “យើង​បាន​អញ្ជើញ​គាត់​ពី​ក្រសួង​ការបរទេស​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​នេះ។ យើង​មិន​ទាន់​ឃាត់​ខ្លួន​គាត់​នៅ​ឡើយ​ទេ យើង​នៅ​ស្តាប់​ចម្លើយ​របស់​គាត់​សិន ប៉ុន្តែ​ពេល​ប៉ុន្មាន​ម៉ោង​ទៀត គាត់​នឹង​ត្រូវ​ឃាត់​ខ្លួន”។

លោក​បាន​និយាយ​បន្ថែម​ថា “ខ្ញុំ​អាច​និយាយ​បាន​ថា គាត់​នឹង​មិន​អាច​គេច​ផុត​ពី​ការ​ឃាត់​ខ្លួន​ទេ”។

លោក យ៉ិនទៀង បាន​និយាយ​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​៦​រូប​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ខែ​មីនា​ដើម្បី​អង្កេត​ករណី​នេះ និង​សម្ភាស​លោក ឌីណា បន្ទាប់ពី​ទទួល​បាន​បណ្តឹង​ពី​ប្រភព​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​អ្នក​ប្រើ​ហ្វេសប៊ុក​ផង ហើយ​ថា​អង្គភាព​នេះ​ជិត​បញ្ចប់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ហើយ។

លោក​បាន​និយាយ​ថា “យើង​មាន​ភ័ស្តុតាង​ស្ទើរតែ​គ្រប់គ្រាន់។ យើង​មាន​ភ័ស្តុតាង​ពី​សាក្សី​ជាច្រើន​នាក់។ យើង​មាន​ពាក្យ​បណ្តឹង​ដែល​បាន​ប្តឹង​តាម​ហ្វេសប៊ុក និង​បណ្តឹង​ផ្សេងទៀត”។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក យ៉ិនទៀង បាន​បដិសេធ​មិន​បញ្ចេញ​ឲ្យ​ដឹង​សេចក្តី​ពិស្តារ​នៃ​ការ​ចោទ​ប្រកាន់​នេះ​ទេ ដោយ​លើក​ឡើង​នូវ​ភាព​ចាំបាច់​ត្រូវ​រក្សា​ការ​សម្ងាត់ ដូច្នេះ​លោក ឌីណា មិន​អាច​កែប្រែ​រឿង​របស់​គាត់​បាន​ទេ បន្ទាប់ពី​អាន​ករណី​នេះ​ក្នុង​សារព័ត៌មាន។

លោក​បាន​និយាយ​ថា “វា​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ គ្មាន​អ្វី​ផ្សេង​ទេ។ យើង​កំពុង​សាកសួរ​[គាត់]។ បើ​យើង​និយាយ​ចេញ វា​អាច​ឲ្យ​គាត់​រួច​ពី​ការ​ចោទ​ប្រកាន់”។

នៅ​ថ្ងៃ​ដដែល​នោះ លោក យ៉ិនទៀង មិន​អាច​ទាក់ទង​បាន​ដើម្បី​បញ្ជាក់​ថា​តើ​ឯកអគ្គរដ្ឋទូត​ត្រូវ​បាន​ឃាត់​ខ្លួន​ឬ​យ៉ាង​ណា​ទេ។ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ម្នាក់​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ព្រោះ​គ្មាន​សិទ្ធិ​និយាយ​ទៅ​កាន់​បណ្តាញ​ព័ត៌មាន បាន​និយាយ​ថា ការ​សាកសួរ​លោក ឌីណា បាន​បញ្ចប់​ហើយ ប៉ុន្តែ​លោក​មិន​ឲ្យ​ដឹង​ទីកន្លែង​នៅ​របស់​លោក ឌីណា ទេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​និយាយ​ថា លោក​”មិន​មាន​ព័ត៌មាន”​អំពី​ករណី​នេះ​ទេ។

លោក ឌីណា បាន​លេច​ធ្លោ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ មុន​ពេល​ចាប់​ផ្តើម​បែក​សាខា បន្ទាប់ពី​ថ្នាំង​ថ្នាក់​ជាមួយ​ថ្នាក់​ដឹកនាំ​ផ្សេងទៀត។ បន្ទាប់​មក លោក​បាន​បង្កើត​និង​ដឹកនាំ​គណបក្ស​រណសិរ្ស​ជាតិ​ខ្មែរ មុន​ពេល​ចាក​ចេញ​ពី​គណបក្ស​នរោត្តម​រណឫទ្ធិ ក្នុង​ឆ្នាំ២០០៦។

នៅ​ទី​បញ្ចប់ លោក​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០០៩ និង​ទទួល​បាន​ការ​តែងតាំង​ជា​អនុ​រដ្ឋលេខាធិការ​នៅ​ក្រសួង​ការបរទេស មុន​ពេល​តែងតាំង​ជា​បេសកជន​របស់​រដ្ឋាភិបាល​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ​២០១៤។

ការ​កាន់​មុខ​តំណែង​របស់​លោក ឌីណា ជា​ឯកអគ្គរាជទូត មាន​ជួប​ភាព​ចម្រូង​ចម្រាស។ មិន​បាន​យូរ​ប៉ុន្មាន​ផង​ក្រោយពី​ការ​តែងតាំង​រូប​លោក រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​សរសេរ​ទៅ​លោក​ដោយ​រិះគន់​ការ​ពាក់ព័ន្ធ​ទៅ​នឹង​សមាជិក​គ្រួសារ​របស់​លោក​ក្នុង​កិច្ចការ​ស្ថានទូត។ លោក ឌីណា ក៏​បាន​ក្លាយ​ជា​ព័ត៌មាន​សំខាន់ ព្រោះ​បាន​ព្រមាន​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​មិន​ឲ្យ​ចូល​រួម​ព្រឹត្តិការណ៍​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​គំរាម​និរទេស​កម្មករ​ចំណាក​ស្រុក​ទៀត​ផង។

បន្ទាប់ពី​ទស្សនកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ខែ​មីនា លោក ឌីណា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ក្នុង​ការ​ស៊ើបអង្កេត​រឿង​ពុករលួយ និង “ផ្តល់​យុត្តិធម៌”​ដល់​រូប​លោក។

លោក ឌីណា បាន​សរសេរ​ថា “ហេតុ​អី រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​ខ្ញុំ​បាទ​បំពេញ​មុខងារ​ជា​ឯកអគ្គរាជទូត​នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​ខ្ញុំ​បាទ​បាន​លះបង់​គ្រប់យ៉ាង ដើម្បី​រាជ​រដ្ឋាភិបាល ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា ពលរដ្ឋ​ចំណាក​ស្រុក និស្សិត​និង​ស្ត្រី​ដែល​រៀបការ​នៅ​កូរ៉េ បែរ​ជា​ត្រូវ​ទទួល​រង​ក្នុង​សេណារីយ៉ូ​មូល​បង្កាច់​បង្ខូច​និង​មាន​ការ​ចាត់​បញ្ជូន​ក្រុម​មនុស្ស​មក​ធ្វើ​សវនកម្ម”។ លោក​បាន​ត្អូញត្អែរ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​ក្រសួង​ការ​បរទេស​គិតតែ​រក​ឧបាយកល “មូល​បង្កាច់​និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក”៕ និត

 

The post ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រង​ការ​ឈ្លេច​សួរ​រឿង​ពុករលួយ appeared first on ខេមបូឌា ដេលី.