ណាក់ ស្រី​ណា លេច​សញ្ញា​មន្ត្រី​យោធា​តាម​ស្នេហ៍​

ណាក់ ស្រី​ណា លេច​សញ្ញា​មន្ត្រី​យោធា​តាម​ស្នេហ៍​



ភ្នំពេញ ៖ តារា​សម្ដែង និង​ពិធី​ការិនី​វ័យក្មេង​សម្រស់​ស្រស់​សោភា​ដែល​កំពុងតែ​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ​កញ្ញា ណាក់ ស្រី​ណា ថ្មីៗ​នេះ ឮ​ដំណឹង​ថា កំពុង​មាន​មន្ត្រី​យោធា​ម្នាក់​ពេញចិត្ត​តាម​ស្រលាញ់​ចង់បាន​នាង​ជា​គូ​អនាគត​។​ ប៉ុន្តែ​ជា​ចម្លើយ​គេ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ ស្រី​ណា ឆ្លើយ​OK ឬមួយ​យ៉ាងណា​នោះ​ទេ?

តាម​ប្រភព​និយាយ​ក្នុង​លក្ខខ័ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​មន្ត្រី​យោធា​ឋានៈ​ខ្ពស់​ម្នាក់​បាន​ចេញ​ចិត្ត​ និង​ព្យាយាម​តាម​ទាក់ទង​សុំ​សេចក្ដី​ស្រលាញ់​ពី​កញ្ញា ណាក់ ស្រី​ណា​។ ​មិន​តែ​ប៉ុណ្ណោះ​ បុរស​ម្នាក់​នេះ​ក៏​មាន​បំណង​ចង់​រៀបការ​ជាមួយ​ស្រី​ស្រស់​ ណាក់ ស្រី​ណា ទៀត​ផង​។​ បុរស​ម្នាក់​នេះ​បាន​ដាក់​ចិត្ត​ស្រឡាញ់​កញ្ញា ណាក់ ស្រី​ណា យូរ​ឆ្នាំ​មក​ហើយ​គ្រាន់តែ​កន្លងមក​គ្មាន​ភាព​ក្លាហាន​ចេញមុខ​សារភាព​ស្នេហ៍​នៅ​ចំពោះ​មុខ​នាង។

ប្រភព​បាន​និយាយ​ទៀត​ថា ដោយ​មើល​ឃើញ​ពី​សមត្ថភាព និង​រូប​សម្រស់​ស្រស់​សោភា​បូករួម​នឹង​អត្តចរិត​រុះរោយ​រាក់ទាក់​ កញ្ញា ណាក់ ស្រី​ណា ត្រូវ​បាន​មន្ត្រី​យោធា​ខាងលើ​តាម​ប្រាថ្នា ស្រលាញ់​ចង់បាន​រៀបការ​ស្របច្បាប់​ជា​គូ​អនាគត​។​ ម្យ៉ាងទៀត ​ប្រសិនជា​ពិធី​ការិនី​កញ្ញា​ ណាក់ ស្រី​ណា ឆ្លើយ​យល់ព្រម​ទទួល​ស្នេហ៍​ពី​បុរស​ម្នាក់​នោះ​នា​ថ្ងៃ​អនាគត ​នាង​អាច​រស់​នៅ​លើ​គំនរ​មាស​ប្រាក់​យ៉ាង​សុខ​ស្រួល ​ដោយ​មិន​ចាំ​បាញ់​ចំណាយ​ពេល​វេលា​សន្សំ​ប្រាក់​ល្អិតល្អោច​បាន​មក​ពី​សិល្បៈ​នោះ​ឡើយ។​

កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៦​នេះ​ បាន​ព្យាយាម​ភ្ជាប់​ទូរស័ព្ទ​ដើម្បី​ធ្វើការ​ទំនាក់ទំនង​សួរ​នាង​ជា​ច្រើនលើកច្រើនសា​ដែរ​ ប៉ុន្តែ​លេខ​ទូរស័ព្ទ​របស់​នាង​ត្រូវ​បាន​ឆ្លើយ​ថា មិន​អាច​ភ្ជាប់​ទំនាក់ទំនង​បានទេ​។​ យ៉ាង​ណា​មិញ ​ពាក់ព័ន្ធ​រឿង​ដំណឹង​ស្នេហ៍​មន្ត្រី​យោធា​ចំពោះ​តារា​សម្តែង​និង​ពិធី​ការិនី​ កញ្ញា ណាក់ ស្រី​ណា ខាង​លើ​នេះ​ កម្ពុជា​ថ្មី​សង្ឃឹមថា នឹង​មាន​ការ​ចេញ​មុខ​បំភ្លឺ​ពី​សំណាក់​សាមី​ខ្លួន​ កញ្ញា ណាក់ ស្រី​ណា ដើម្បី​បញ្ជាក់​ការពិត។

ពិធី​ការិនី​ដ៏​ស្រស់ប្រិមប្រិយ​ កញ្ញា ណាក់ ស្រី​ណា បាន​ឈាន​ជើង​ចាប់​យក​អាជីព​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ​២០១០ ក្រោយពី​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ផ្នែក​ពិធី​ការិនី​ក្នុង​កម្មវិធី ពេជ្រ​កំពុង​ច្នៃ​ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍។ បន្ទាប់ពី​ទទួល​ផ្លែផ្កា​ពី​សិល្បៈ​ តារា​សម្ដែង ណាក់ ស្រី​ណា មួយ​រយៈ​ចុងក្រោយ​នេះ ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ​នាង​កាន់តែ​ប្រឹងប្រែង​បន្ត​ខិតខំ​ស្វះស្វែង​សាង​កេរ្តិ៍ឈ្មោះ​បន្ថែម​ទៀត ​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ផង​ដែរ៕
ណាក់ ស្រី​ណា លេច​សញ្ញា​មន្ត្រី​យោធា​តាម​ស្នេហ៍​
ណាក់ ស្រី​ណា លេច​សញ្ញា​មន្ត្រី​យោធា​តាម​ស្នេហ៍​