នាយ​នគរបាល​ព្រំដែន​មួយ​រូប ទទួល​បាន​ផ្ទះ​១​ខ្នង​វិញ បន្ទាប់ពី​ទទួលរង​គ្រោះ​ដោយ​អគ្គិភ័យ

នាយ​នគរបាល​ព្រំដែន​មួយ​រូប ទទួល​បាន​ផ្ទះ​១​ខ្នង​វិញ បន្ទាប់ពី​ទទួលរង​គ្រោះ​ដោយ​អគ្គិភ័យ



សៀមរាប ៖ កាលពី​អំឡុង​ខែមីនា​កន្លង​ទៅ​នេះ ករណី​បង្ក​ឲ្យ​មាន​ក្តី​អស់សង្ឃឹម​ទៅលើ​គ្រួសារ​នាយ​នគរបាល​ការពារ​ព្រំដែន​១​រូប ដែល​បង្ក​ឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នោះ ឥឡូវ​បាន​ទទួល​នូវ​ក្តី​សង្ឃឹម​កក់ក្តៅ​ឡើងវិញ​ហើយ ដោយសារតែ​គេហដ្ឋាន​១​ខ្នង​ថ្មី ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​លើ​ដី​ភូមិ​រង​គ្រោះ​នោះ ដែល​ជា​អំណោយ​របស់​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ។​ ក្រោម​ការដឹកនាំ បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​ និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ​និង​ទី​៥ គេហដ្ឋាន​១​ខ្នង​ថ្មី ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៧៩៥ និង​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​ជនរងគ្រោះ ដែល​មាន​កូន​៤​នាក់​ក្នុង​បន្ទុក នា​ព្រឹក​ថ្ងៃទី​០៣ ខែមីនា​។​

លោក​វរសេនីយ៍ឯក ហ៊ឹម ចាន់ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៧៩៥ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ ដែល​ត្រូវ​បាន​ទទួល​អំណោយ​ផ្ទះ​ថ្មី​នោះ គឺ​គ្រួសារ​រប​ស់​លោក​អនុសេនីយ៍ទោ ស៊ឹម ធី ជា​នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​(​ទំនប់ទឹក​) ចំណុះ​វរ​សេនា​តូច​នគរបា​ល​ការពារ​ព្រំដែន​គោក​លេខ ៧៩៥។

លោក​អនុសេនីយ៍ទោ ស៊ឹម ធី ដែល​ជា​មេ​គ្រួសារ​រងគ្រោះ​នោះ បាន​និយាយ​រៀបរាប់​អំពី​ហេតុការ​ណ៍​អគ្គិភ័យ​នោះ​ថា ព្រឹត្តិហេតុ​នោះ​កើតឡើង​កាលពី​ថ្ងៃទី​២២ ខែមីនា​កន្លង​មក​នេះ។ លោក​បន្ត​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ហេតុការណ៍​នោះ​កើតឡើង​គឺ​រូបលោក​កំពុង​បំពេញភារកិច្ច​នៅ​តំបន់​ឈរជើង ភរិយា​មិន​នៅផ្ទះ កូនស្រី​អាយុ ១១​ឆ្នាំ​ជា​អ្នកដាំបាយ ដោយសារ​ស្ថិត​ក្នុង​វ័យក្មេង​ខ្ចី ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង។ ទីកន្លែង​កើតហេតុ ស្ថិតនៅ​ក្នុងភូមិ​គ្រួសារ​នគរបាល​ការពារ​ព្រំដែន​ ភូមិ​កន្ទួត ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

នាយ​ឧត្តមសេនីយ៍ ខេង សុមេធ បាន​អញ្ជើញ​ទៅ​ប្រគល់​ផ្ទះ​នោះ​ដោយ​ផ្ទាល់ និង​បាន​ជួយឧបត្ថម្ភ​បន្ថែម​នូវ​ថវិកា​២​លាន​រៀល អង្ករ​១៥០​គីឡូក្រាម មី​១​កេស​ធំ ត្រីខ​១​កេស​ធំ ទឹកស៊ីអ៊ីវ​២​យួរ និង​ទឹក​ត្រី​២​យួរ។ ដោយឡែក​គ្រួសារ​នគរបាល​ ដែល​ជា​អ្នកជិតខាង​ជនរងគ្រោះ ចំនួន​៤​គ្រួសារ​ ទទួល​បាន​ក្នុង​១​គ្រួសារ ថវិកា​ចំនួន​១០​ម៉ឺន​រៀល។​

លោក​អនុសេនីយ៍ទោ ស៊ឹម ធី និង​ក្រុម​គ្រួសារ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​នាយ​ឧ​ត្តម​សេនីយ៍ ខេង សុមេធ ដែល​បាន​ជួយ​កសាង​ផ្ទះ​ថ្មី​នេះ​ឡើង ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​មាន​ទីជម្រក​សមរម្យ និង​បាន​រស់​នៅ​កសាង​ជីវភាព​ថ្មី​ឡើងវិញ៕

នាយ​នគរបាល​ព្រំដែន​មួយ​រូប ទទួល​បាន​ផ្ទះ​១​ខ្នង​វិញ បន្ទាប់ពី​ទទួលរង​គ្រោះ​ដោយ​អគ្គិភ័យ

នាយ​នគរបាល​ព្រំដែន​មួយ​រូប ទទួល​បាន​ផ្ទះ​១​ខ្នង​វិញ បន្ទាប់ពី​ទទួលរង​គ្រោះ​ដោយ​អគ្គិភ័យ

នាយ​នគរបាល​ព្រំដែន​មួយ​រូប ទទួល​បាន​ផ្ទះ​១​ខ្នង​វិញ បន្ទាប់ពី​ទទួលរង​គ្រោះ​ដោយ​អគ្គិភ័យ