សម្ដេច​តេ​ជោ ប្រាប់​លោក សាំ ពិសិដ្ឋ ឲ្យបង្កើន​ការ​ជួសជុល​ផ្លូវ​ខូច​ក្នុង​រាជធានី​ភ្នំពេញ​

សម្ដេច​តេ​ជោ ប្រាប់​លោក សាំ ពិសិដ្ឋ ឲ្យបង្កើន​ការ​ជួសជុល​ផ្លូវ​ខូច​ក្នុង​រាជធានី​ភ្នំពេញ​



ភ្នំពេញ ៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៦​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ក្រើនរំលឹក និង​ជំរុញ​ឲ្យ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បង្កើន​ការ​ជួសជុល​ផ្លូវ​ខូច​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​ត្រូវ​គិតតែ​ពី​សាងសង់​ផ្លូវ​អាកាស និង​ផ្លូវ​ថ្មី​នោះ​ទេ​។ ​ការ​ក្រើនរំលឹក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​បន្ទាប់ពី​មានការ​រិះគន់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​សង្កេត​របស់​សម្ដេច​ផ្ទាល់​ឃើញ​ថា ផ្លូវ​ដែល​ខូច​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហាក់​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជួសជុល​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សង្កត់ធ្ងន់​បែបនេះ «​ខ្ញុំ​មានការ​ងឿងឆ្ងល់​មួយ​ សូម​និយាយ​ជា​សាធារណៈ​តែម្ដង រឿង​ឆ្ងល់​ត្រង់​ថា អា​ផ្លូវ​ចេះ​តែ​ធ្វើ តែ​ត្រង់​ជួសជុល វា​មិនសូវ​ជួសជុល។ សេនាធិការ គឺ​ប្រធាន​សាធារណការ​សម្រាប់​អភិបាលក្រុង តែ​ភ្នែក​មានបាន​មើល​ទេ អា​ផ្លូវ ពេល​ខ្លះ​ដល់​ខ្ញុំ​ហៅ​ទូរស័ព្ទ​រក​អភិបាលក្រុង​ថា នែក​អា​ផ្លូវ​កន្លែង​នេះ​! វា​អ៊ីចេះ វា​អ៊ីចុះ​! មើល​! ប្រធាន​សាធារណការ អនុប្រធាន​សាធារណការ លោក​អភិបាលខណ្ឌ​អី​ទៅ​ណា​អស់​ទៅ កន្លែង​ខ្លះ​ថ្ងៃ​ហ្នឹង​វា​ខូច​ប៉ុណ្ណឹង ប៉ុន​ចាន​ចង្កឹះ ស្អែក​វា​ខូច​ប៉ុន​ចានគោម ខានស្អែក​វា​ខូច​ប៉ុន​ឆ្នាំងខ្ទះ​»​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ជំរុញ​ឲ្យ​លោក សាំ ពិសិដ្ឋ ឧស្សាហ៍​ដើរ​មើលផ្លូវ​នៅ​ក្នុង​ក្រុង ប្រយ័ត្ន​អស់​បុណ្យ​អស់​ស័ក្ដិ​។ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា សម្ដេច​បាន​ឈឺក្បាល​ខ្លាំង​ចំពោះ​រឿង​សាធារណការ​នេះ៕