សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ប្រកាស​លុបចោល​គម្រោង​ផ្លូវអាកាស​ល្បឿន​លឿន​

សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ប្រកាស​លុបចោល​គម្រោង​ផ្លូវអាកាស​ល្បឿន​លឿន​



ភ្នំពេញ ​៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បា​ន​ប្រកាស​លុបចោល​គម្រោង​ផ្លូវអាកាស​ល្បឿន​លឿន​​មាន​តម្លៃ​ប្រមាណ ៣៦០​លាន​ដុល្លារ​អា​មេរិក ​ដែល​ជា​គម្រោង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន។​ ការប្រកាស​លុបចោល​គម្រោង​ផ្លូវអាកាស​ល្បឿន​លឿន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ផ្លូវ​រថភ្លើង​នេះ​នាំគ្នា​ធ្វើបាតុកម្ម​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​ការ​វិនិយោគ​នេះ។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៥ ខែ​មេ​សា ​ឆ្នាំ​២០១៦​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ដើម្បី​កុំ​ឲ្យ​មាន​ប្រជាពលរដ្ឋ​តវ៉ា​តទៅទៀត​សម្ដេច​ សម្រេច​មិន​ឲ្យ​មាន​ការ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ ដើម្បី​ធ្វើដំណើរ​ទៅ​ព្រលាន​យន្តហោះ​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ “​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​សូម​បងប្អូន​តាមផ្លូវ​រថភ្លើ​ង​ពី​ភ្នំពេញ​ទៅ​ពោធិចិនតុង​ឈប់​ធ្វើបាតុកម្ម​ទាមទារ​ធ្វើ​វេទិកាសាធារណៈ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អា​ផ្លូវ High Wayអ៊ិ​ច​ប្រេ​ស​ហ្នឹង​ទេ​នាំ​ពិបាក​”​។​ ជាមួយ​ការប្រកាស​បញ្ឈប់​គម្រោង​កសាង​ផ្លូវអាកាស​ល្បឿ​ន​លឿន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ​បាន​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​យក​ផ្លូវដែក ​ដែល​បច្ចុប្បន្ន​
​មិនបាន​ប្រើប្រាស់​ចាប់ពី​គីឡូម៉ែត្រ​លេខ ៦ មកដល់​បឹង​កក់​ ធ្វើជា​ផ្លូវ​ធំ​សម្រាប់​ធ្វើ​ដំណើរ​វិញ​។​

សម្ដេច​បាន​មានប្រសាសន៍ថា ​ផ្លូវ​រថភ្លើង​ចាស់​នោះ​មិន​មាន​ប្រើប្រាស់​ទៀត​ទេ ​ដូចនេះ​យើង​អាច​ធ្វើ​ជា​ផ្លូវ​កៅស៊ូ​នៅ​លើ​ផ្លូវ​រថភ្លើង​នេះ ពី​បឹង​កក់​ទៅកាន់​គីឡូម៉ែត្រ​លេខ​៦ ព្រោះ​វា​អាច​ជួយ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​បាន​មួយ​ផ្នែក​ធំ​ពី​ផ្លូវ​មាត់ទន្លេ។​

គួរ​រំលឹក​ថា ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៦ ក្នុង​ឱកាស​សម្ពោធ​ស្ពាន​អាកាស​៥មករា សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ដោះស្រាយ​សំណូមពរ ៤ ចំណុច​របស់​សាលា​រាជធានី​ក្នុង​នោះ​រួមមាន​ទី​១ ស្ថាបនា​ស្ពាន​អាកាស​បត់​កោង​ចំនួន ៣ ខ្សែ​ ដែល​មាន​ប្រវែង​សរុប ៨១០ ម៉ែត្រ និង​ផ្លូវ​ក្រោម​ដី ១ ខ្សែ​ប្រវែង ៦០៩ ម៉ែត្រ​ ទទឹង​ពី ៥ ទៅ ៧ ម៉ែត្រ​នៅ​ឯ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​ស្ថិត​ក្នុង​ខណ្ឌ​ចំ​ការមន​។​ ស្ពាន​អាកាស​ក្បាលថ្នល់​នេះ​ ដោះស្រាយ​បរិមាណ​ចរាចរណ៍​​អត់​ទាន់​គ្រប់​ទេ ​នៅ​មានការ​​កក​ស្ទះ​នៅឡើយ​ ​មាន​តម្រូវ​ការ​ធ្វើ​ផ្លូវអាកាស​កោង​ព័ទ្ធ … ដែល​ការ​ចំណាយ​នៅ​ទីនោះ​មាន​ប្រមា​ណ​ជាង​១០ លាន​ដុល្លារ​ទៀត​។​ ទី​២.​ផ្លូវ​ក្រោម​ដី​ស្ពាន ​និង​កែលំអ​ប្រព័ន្ធ​ចរាចរណ៍​នៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហាវិថី​ព្រះមុនីវង្ស​ស្តុប​បេ​កា​សេ​មាន​ប្រវែង​៣៤០​ម៉ែត្រ​ ទទឹង​១៤,៧​០​ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ។​ ទី​៣.​ស្ពាន​អាកាស​ត្រង់​ចំណុច​ផ្សារ​ដី​ហុយ​ជា​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ជាមួយនឹង​ផ្លូវ​លេខ​១០១៩ ផ្លូវ​ហាណូយ ដោយ​ត្រូវ​សាងសង់​ស្រប​ពីលើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ មាន​ប្រវែង ៦០៥ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ​ ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​សៀង​ហៃ និង​ទី​៤.ជា​ផែនការ​កំពុង​សិក្សា​…​នៅ​ត្រូវ​ការចរចា​ ប៉ុន្តែ​យើង​ឯក​ភាព​ជា​គោលការណ៍​ឲ្យ​ធ្វើ​ស្ពាន​អាកាស​ល្បឿន​លឿន​ប្រវែង​១៣ គីឡូ​៦៨៧ ម៉ែត្រ ទទឹង ១៩ ម៉ែត្រ លើ​គន្លង​ផ្លូវ​រថភ្លើង។​ អញ្ចឹង​ទេ ​រថភ្លើង​បើក​ពីក្រោម​អញ្ចឹង ទៅ​ខាង​លើ​មាន Auto Route មួយ ល្បឿ​ន​លឿន​Express Way តែម្តង​ ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​អ្នក​ទៅ​ព្រលាន​យន្តហោះ​ពោធិចិនតុង …ហើ​យ​នាំគ្នា​(​ធ្វើ​ចរាចរណ៍​)​បង់លុយ​ទៅ …។ យើង​មិន​ត្រូវការ​ទុន​របស់​រដ្ឋ​ទេ​ យើង​ត្រូវការ​ទុន​ឯកជន។​ ប្រើប្រាស់​ផ្លូវ​នោះ ​ដោយមាន​ការ​បង់ថ្លៃ …សង្ឃឹមថា ​​ផ្លូវ​ស្ពាន​បួន​ខ្សែ​ថ្មី​ទៀត​នេះ​នឹង​បានជា​ប្រយោជ​ន៍​ដល់​ប្រជាពលរដ្ឋ​របស់​យើង​បញ្ចៀស​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

ក្រោយពី​បានដឹង​គម្រោង​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ប្រជាពលរដ្ឋ​រស់នៅ​តាមផ្លូវ​ដែក​បាន​ចេញមុខ​តវ៉ា​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​ក្រសួង​សាធារណការ​បញ្ចេញ​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ល្បឿន​លឿន​នេះ​។​

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវដែក​ក្នុង​តំបន់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ឲ្យ​រក្សា​ភាព​ស្ងាត់ស្ងៀម​ ដោយ​ក្រសួង​អះអាង​ថា​ ក្រសួង​នឹង​រៀបចំ​វេទិកាសាធារណៈ​ ដើម្បី​ធ្វើការ​ដោះស្រាយ​ផល​ប៉ះពាល់​មុននឹង​អនុញ្ញាត​ឲ្យ​គម្រោង​ដំ​ណើ​រ​ការ​សាងសង់​។ ​ក្រសួង​បន្ត​ថា​ គម្រោង​សាងសង់​ផ្លូវអាកាស​ល្បឿន​លឿន​នេះ ​កំពុង​ស្ថិត​នៅក្នុង​ដំ​ណាក់​កាល​សិក្សា​នៅឡើយ​ ដោយ​ក្រសួង​អំពាវនាវ​​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​ប្រ​កប​អាជីវកម្ម​ជា​ធម្មតា​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​ពិចារណា​រក​ដំណោះស្រាយ​ណាមួយ ​ដែល​អាច​ទទួ​ល​បាន​ទាំងអស់គ្នា​។​

គួរ​បញ្ជាក់​ថា​ សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បង្ហោះ​លើ​វេ​ប​សាយ​របស់​ខ្លួន​ថា ​ផ្លូវអាកាស​ល្បឿន​លឿន​នេះ​នឹង​ចាប់ផ្តើម​សាងសង់​ពី​ឆ្នាំ​២០១៦ ហើយ​បញ្ចប់​នៅ​ឆ្នាំ ២០២១ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​អស់​៣៦០​លាន​ដុល្លារ៕