ក្រសួងទេសចរណ៍​ បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​និន្នាការ​ នៃ​ទីផ្សារ​ទេសចរណ៍​រុស្សី​

ក្រសួងទេសចរណ៍​ បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​និន្នាការ​ នៃ​ទីផ្សារ​ទេសចរណ៍​រុស្សី​



ភ្នំពេញ ៖ កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​ពី​និន្នាការ​ នៃ​ទីផ្សារ​ទេសចរណ៍​រុស្សី និង​ស្វែងរក​ធាតុ​ចូល​សំខាន់ៗ​ដើម្បី​រៀបចំ​នយោបាយ និង​យុទ្ធសាស្ត្រ​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​រុស្សី​ឲ្យ​មក​ទស្សនា​ និង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​ទីផ្សារ​ទេសចរណ៍​រុស្សី ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដោយមាន​ការចូលរួម​ពី​ផ្នែក​ឯកជន​ជាច្រើន​ទៀត​ផង​ដែរ។

បើ​យោង​តាម​Facebook ផ្លូវការ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នោះ​បាន​ពិភាក្សា​ពី​និន្នាការ​នៃ​ទីផ្សារ​ទេសចរណ៍​រុស្សី និង​ស្វែងរក​ធាតុ​ចូល​សំខាន់ៗ​ដើម្បី​រៀបចំ​នយោបាយ និង​យុទ្ធសាស្ត្រ​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​និង​វិនិយោគិន​រុស្សី​ឲ្យ​មក​ទស្សនា ​និង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។
យុទ្ធសាស្ត្រ​សំខាន់ៗ​ដើម្បី​ទាក់ទាញ​ទេសចរ​រុស្សី​មាន​ដូចជា ១​-បង្កើន​ការរៀបចំ FAM Trip រួមគ្នា ទទួល​ក្រុម​សារព័ត៌មាន និង​វិនិយោគិន រុស្ស៊ី។ ២​-រៀបចំ​កម្មវិធី​បង្ហាញ​ផ្លូវ​ទេសចរណ៍ Cambodia Tourism Roadshow ទៅកាន់​រុស្ស៊ី។ ៣-​បង្កើន​ការចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍​នៅ​រុស្ស៊ី ។

៤​-អភិវឌ្ឍន៍​ឲ្យ​មាន​គេហទំព័រ​ទេសចរណ៍​កម្ពុជា ជា​ភាសា​រុស្ស៊ី និង​រៀបចំ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក Digital Marketing។ ៥​-រៀបចំឡើង​ឲ្យ​មាន​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ ទាក់ទាញ​ទេសចរ​រុស្ស៊ី។ ៦​-ជំរុញ​ឲ្យ​មាន​ការ​ត.ភ្ជាប់​កម្ពុជា​ជាមួយ​រុស្សី ​តាម​ជើង​ហោះហើរ​ផ្លូវ​អាកាស​ឲ្យ​បាន​ឆាប់។ ៧-​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែល​ចេះ​ជំនាញ​ភាសា​រុស្ស៊ី​ដូចជា មគ្គុទ្ទេសក៍​ទេសចរណ៍ និង​បុគ្គលិក​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ ចេះ​និយាយ​ភាសា​រុស្ស៊ី។ ៨​-ការលើកលែង​ទិដ្ឋាការ និង​ការ​សម្រួល​លិខិតឆ្លងដែន​ជូន​ទេសចរ​រុស្ស៊ី។

សូម​បញ្ជាក់​ថា ទេសចរ​រុស្សី​ធ្វើដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​ក្នុង​១​ឆ្នាំ ​ប្រហែល​៣១​លាន​នាក់ ក្នុងចំណោម​ប្រជាជន​ជាង​១៤៤​លាន​នាក់។ -​ភ្ញៀវ​ទេសចរ​រុស្សី​មក​ទស្សនា​កម្ពុជា ឆ្នាំ​២០១៣ មាន ១៣១.៦៧៥ (​កើន ៣២%) ប៉ុន្តែ​ឆ្នាំ​២០១៤ មាន​១០៨.៦០១ (​ថយ​១៧,៥%) និង​ឆ្នាំ​២០១៥ មាន​៥៥ ៥០០ (​ថយ​៤៨,៩%)។ ទីផ្សារ​រុស្ស៊ី​ ជា​ប្រភព​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា​ទៀត​ផង​៕
ក្រសួងទេសចរណ៍​ បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​និន្នាការ​ នៃ​ទីផ្សារ​ទេសចរណ៍​រុស្សី​