The Voice Cambodia ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ម្ចាស់ Account Facebook ឈ្មោះ Ah Ko

The Voice Cambodia ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ម្ចាស់ Account Facebook ឈ្មោះ Ah Ko



ភ្នំពេញ​ ៖ ខណៈ​ដែល​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​The Voice Cambodia​ រដូវ​កាល​ទី​២ ​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ កំពុងតែ​ដំណើរការ​ទៅមុខ​យ៉ាង​ជោគជ័យ​ឆ្លង​ផុត​ពី​មួយ​វគ្គ​ចូល​មួយ​វគ្គ​ និង​មានការ​គាំទ្រ​ច្រើន​ពី​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​នោះ​ថ្មីៗ​នេះ​ ស្រាប់​តែ​មាន​ជន​អនាមិក​ប្រើ Account Facebook ឈ្មោះ Ah Ko បាន​ក្លែង​កាត់ត​កាឡៃ​បទ​ចម្រៀង ដោយ​បញ្ចូល​បទ​ចម្រៀង​ផ្សេង​ធ្វើការ​រិះគន់​រាជរដ្ឋាភិបាល​ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កម្មវិធី​ទាំងមូល។

ដើម្បី​បញ្ជាក់​ការពិត​ប្រាប់​ដល់​ទស្សនិកជន​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​លើ​បញ្ហា​ខាងលើ​ភ្លាមៗ​នេះ​ក្រុមការងារ​របស់ The Voice Cambodia បាន​ធ្វើការ​ថ្កោលទោស​ និង​ចេញ​សេចក្ដី​អំពាវនាវ ​ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ស្រាវជ្រាវ និង​ចាត់វិធានការ​លើ​ម្ចាស់ Account Facebook ឈ្មោះ Ah Ko។​

តាមរយៈ​ហ្វេ​ស​ប៊ុ​ក The Voice Cambodia បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​ថា ក្រុមការងារ​របស់ The Voice Cambodia សូម​ថ្កោលទោស​ចំពោះ​ម្ចាស់ Account Facebook Ah Ko ដែល​បាន​យក Logo និង​កម្មវិធី The Voice Cambodia ដែល​ជា​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​យក​ទៅ​កាត់ត និង​កាឡៃ​បទ​ចម្រៀង ដោយ​បញ្ចូល​បទ​ចម្រៀង​ផ្សេង​ធ្វើការ​រិះគន់​រាជរដ្ឋាភិបាល។ ក្រុមការងារ​របស់ The Voice Cambodia បាន​ចាត់​ទុក​អំពើ​នេះ​ជា​ទង្វើ​លាប​ពណ៌ និង​ថោកទាប​បំផុត​ដែល​សង្គម​ស្អប់ខ្ពើម។ ​ក្រុមការងារ The Voice Cambodia ក៏ដូចជា​ស្ថានីយ​ទូរទស្សន៍​រស្មី​ហង្ស​មាស HDTV សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ខ្លឹមសារ​បទ​ចម្រៀង​ក្នុង Account Facebook ខាងលើ មិន​មែន​ជា​សំឡេង​ច្រៀង​របស់​បេក្ខជន​ក្នុង​កម្មវិធី​The Voice Cambodia​ទេ ហើយក៏​សូម​អាជ្ញាធរ​មេត្តា​ជួយ​ស្រាវជ្រាវ និង​ចាត់វិធានការ​ចំពោះ​ម្ចាស់ Account Facebook Ah Ko យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។
សូម​ជម្រាប​ថា កម្មវិធី​ប្រឡង​ចម្រៀង​លំ​ដាក់​ថ្នាក់​ពិភពលោក​The Voice Cambodia​រដូវ​កាល​ទី​២ ​គឺជា​កម្មវិធី​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​ ព្រោះថា កម្មវិធី​នេះ​ជា​កម្មវិធី​មួយ​ដ៏​ល្អ​ក្នុង​ការ​ផ្តល់​ឱកាស​ឲ្យ​បេក្ខជន​ដែល​មាន​សមត្ថភាព​អាច​ចូលរួម​ដាក់ពាក្យ​ប្រកួត​ប្រជែង​ដើម្បី​យក​ជ័យជំនះ។ មិនតែប៉ុណ្ណោះ ​សម្រាប់​បេក្ខជន​ទទួល​បាន​ជ័យ​លាភី​លេខ​១​ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កម្មវិធី​នេះ​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល​ ហើយ​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ទៀត​ផង​៕
The Voice Cambodia ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ម្ចាស់ Account Facebook ឈ្មោះ Ah Ko