ម៉ូតូ​ និង​ម៉ូតូ​ បើក​បុក​គ្នា​លាន់​ឮ​ដូច​រន្ទះ​ខែប្រាំង ​របួស​ធ្ងន់​សន្លប់​ស្ដូក​ទាំង​សងខាង

ម៉ូតូ​ និង​ម៉ូតូ​ បើក​បុក​គ្នា​លាន់​ឮ​ដូច​រន្ទះ​ខែប្រាំង ​របួស​ធ្ងន់​សន្លប់​ស្ដូក​ទាំង​សងខាង



ព្រះសីហនុ​ ៖​ មនុស្ស​ប្រុស​២​នាក់​ បាន​រង​របួស​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​កើតហេតុ​​​ ខណៈ​ពេល​ពួកគេ​ជិះ​ម៉ូតូ ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​ ក្នុង​គោលដៅ​បញ្ច្រាស​ទិស​គ្នា។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​២៣​និង​៣៥​នាទី​យប់​ ថ្ងៃ​ទី​០៤​ ខែ​មេសា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ ​ត្រង់​ចំណុច​ស្ពាន​តំបន់​អូរ​មួយ ​ស្ថិត​នៅ​ក្នុង​ភូមិ​លេខ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ។ ជនរងគ្រោះ​ ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​រថយន្ត​សាម៉ុយ​របស់​មន្ទីរពេទ្យ​ឯកជន ​រស្មី​ កំពង់សោម​មក​ដឹកនាំ​យក​ទៅ​ធ្វើ​ការ​ជួយ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ។

ទាក់ទិន​នឹង​ហេតុការណ៍​ខាង​លើ​នេះ​ បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ ​បាន​និយាយ​រៀបរាប់​​​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​ គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​(គឺ​ម៉ូតូ​មានតែ​គ្រោងឆ្អឹង ​ដែក​សុទ្ធ​)​ ជិះ​ឌុប​ស្ត្រី​ម្នាក់​ និង​កូន​ក្មេង​ម្នាក់ មក​ពី​ទិស​ខាងលិច។ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​មាន​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត បើក​ក្នុង​ល្បឿន​លឿន ដូច​ហោះ​ក្នុង​ គោលដៅ​មក​ពី​ទិស​ខាងកើត​(​បញ្ច្រាស​ទិស​គ្នា​)​ទំនងជា​មើល​មិន​ឃើញ​ ក៏បាន​ទៅ​បុក​ម៉ូតូ​ និង​ម៉ូតូ​បញ្ច្រាស ​ដែល​ជិះ​អត់​ភ្លើង​ខាង​លើ យ៉ាង​ពេញទំហឹង ឮ​សូរ​ដូច​រន្ទះបាញ់​ខែប្រាំង បណ្ដាល​កើត​គ្រោះថ្នាក់​រង​របួស ធ្ងន់​សន្លប់​ស្ដូក​ទាំង​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្ដង។ ប៉ុន្តែ​សំណាងល្អ​សម្រាប់​ស្ត្រី​ និង​កូនក្មេង ដែល​មាន​អាយុ​ប្រហែល​១​ឆ្នាំ ដែល​ជិះ​ម៉ូតូ​កញ្ចាស់ មិន​មាន​រង​របួស​អ្វី​នោះ​ទេ។

ក្រុម​សាក្សី​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ គេ​ឃើញ រថយន្ត​សាម៉ុយ​ របស់​មន្ទីរពេទ្យ រស្មី​កំពង់សោម ​មក​ដឹក​ជនរងគ្រោះ​នាំ​យក​ទៅ​ជួយ​សង្គ្រោះ។ ដោយឡែក​សម្រាប់ សមត្ថកិច្ច ប៉ូលិស​ចរាចរណ៍​ គេ​មិន​បាន​ឃើញ​មាន​វត្តមាន ​ក្នុង​ពេល​កើតហេតុ​នោះ​ទេ​ ហើយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ​ស៊េរី​ឆ្នាំ ២០០២ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1C.7720​ ដែល​ជា​របស់​ជន​បង្ក ត្រូវ​បាន​បក្ខពួក​របស់​គេ មក​យក​ទៅ​បាត់។ ចំណែក​ឯ​ម៉ូតូ​កញ្ចាស់​ គ្មាន​ស្លាក​លេខ​​ (​មិន​ស្គាល់​ម៉ាក​) របស់​ជនរងគ្រោះ​ មិន​ត្រូវ​បាន​គេ​យក​ទៅ​ណា​នោះ​ទេ គឺ​ទុកចោល​នៅ​កន្លែង​កើតហេតុ​តែ​​ម្ដង៕

ម៉ូតូ​ និង​ម៉ូតូ​ បើក​បុក​គ្នា​លាន់​ឮ​ដូច​រន្ទះ​ខែប្រាំង ​របួស​ធ្ងន់​សន្លប់​ស្ដូក​ទាំង​សងខាង