លោក​បណ្ឌិត​សភាចារ្យ​ សុខ ទូច ​ធ្វើ​បាឋកថា ស្ដីពី​សង្គ្រាម​លោក​លើក​ទី​៣​ផ្ទុះឡើង​យ៉ាង​ស្ងៀម​ស្ងា​ត់​

លោក​បណ្ឌិត​សភាចារ្យ​ សុខ ទូច ​ធ្វើ​បាឋកថា ស្ដីពី​សង្គ្រាម​លោក​លើក​ទី​៣​ផ្ទុះឡើង​យ៉ាង​ស្ងៀម​ស្ងា​ត់​



​ភ្នំពេញ ៖ ​លោក​បណ្ឌិត​សភាចារ្យ​ សុខ ទូច អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ​និង​ជា​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ បាន​ធ្វើ​បាឋកថា​ស្ដីពី​សង្គ្រាម​លោក​លើកទី​៣​ផ្ទុះឡើង​យ៉ាង​ស្ងៀមស្ងាត់ ដល់​មន្ត្រី​សិស្ស និស្សិត​ និង​មន្ត្រី​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​កាលពី​ថ្ងៃទី​៣​ ខែមេសា ​ឆ្នាំ​២០១៦​។​

​ ​នៅក្នុង​ពិធី​ថ្លែង​បាឋកថា​នោះ លោក​បណ្ឌិត​សភាចារ្យ​ សុខ ទូច បាន​លើក​ឡើង​អំពី​ប្រវត្តិសាស្ត្រ​នៃ​បណ្ដា​ប្រទេស​មហាអំណាច​នៅក្នុង​ពិភពលោក ​និង​មូលហេតុ​ផ្សេងៗ ​ដែល​នាំ​កើត​មាន​ឡើង​នូវ​ស​ង្គ្រាម​លោក ដោយ​ក្នុង​នោះ លោក​បណ្ឌិត​សភាចារ្យ​ក៏​បាន​លើកឡើង​អំពី​និយមន័យ​នៃ​សង្គ្រាម​ដែ​ល​ចែកចេញជា​បី គឺ​ទី​១​សង្គ្រាមស៊ីវិល គឺជា​សង្គ្រាម​ឈ្លោះ​គ្នា​រវាង​ជាតិ​សាសន៍​មួយ​នៅក្នុង​ប្រទេស​មួយ ជាក់ស្តែង​ដូចជា​ប្រទេស​កម្ពុជា​ ដែល​បាន​បែងចែក​៤​ពណ៌ ​នៅក្នុង​ឆ្នាំ​១៩៧០ ដែល​មាន​ពណ៌​ក្រហម ស ប្រផេះ​ និង​បៃតង​ជាដើម​។ ​ទី​២​គឺ​សង្គ្រាមត្រជាក់ គឺជា​សង្គ្រាម​ ដែល​មាន​ប្រទេស​មហា​អំ​ណាច​នៅ​ពីក្រោយ​ និង​ឲ្យ​ប្រទេស តូចតាច​វៃ​គ្នា​​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​១៩៤៣-៤៥​។ ​រីឯ​សង្គ្រាម​លោក​លើក​ទី​២​បាន​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ​១៩៣៩​នៅ​ប្រទេស​ប៉ូឡូញ ពេលនោះ​នៅ​លើ​ទឹកដី​ប៉ូឡូញ​មាន​ប្រទេស​មហាអំណាច​ពីរ​គឺ​បារាំង​ និង​អង់គ្លេស។​ មូលហេតុ​ ដែល​សង្គ្រាមលោក​លើក​ទី​២​នេះ​កើតឡើង​ដោយសារតែ​ទីផ្សារ ទើប​ក្រោយមក​គេ​បង្កើត​ឲ្យ​មាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​សង្គ្រាម​កើត​ឡើងជា​បន្ត​ទៀត​។ ​ដោយឡែក​ទី​៣​គឺ​សង្គ្រាមលោក តាម​និយ​ម​ន័យ​មានន័យថា ​គឺជា​សង្គ្រាម​ដែល​ផ្ទុះឡើង​របស់​ប្រទេស​មហាអំណាច​ចាប់ពី​បី​ឡើង​ទៅ គេ​ហៅ​ថា​សង្គ្រាមលោក។​
​ ​
ដោយ​យោង​ទៅលើ​និយមន័យ​សង្គ្រាមលោក​នេះ​ ទើប​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​អះ​អា​ង​ថា ​សង្គ្រាម​លោក​លើក​ទី​៣​បាន​ផ្ទុះឡើង​យ៉ាង​ស្ងៀមស្ងាត់ ដោយសារ​តែ​មាន​ប្រទេស​មហា​អំណា​ច​ចំនួន​៥​បាន​ប្រកាស​សង្គ្រាម​ដូចជា ​ប្រទេស​បារាំង អង់គ្លេស អាមេរិក រុស្សី និង ចិន។

លោក​បណ្ឌិត​បាន​បន្ថែម​ថា បុព្វ​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតឡើង​នេះ​ដោយសារតែ​កត្តា​ភាព​ក្រីក្រ​នៅក្នុង​មជ្ឈិម​បូព៌ា អំណាច​ផ្ដាច់ការ ការ​មិន​យកចិត្តទុកដាក់​លើ​ជនជាតិភាគតិច ការ​ចង់​ស្គាល់​រសជាតិ​លទ្ធិប្រជាធិបតេយ្យ និង​ការ​ឆក់​យក​ឱកាស​របស់​ក្រុម​ជ្រុលនិយម​ជាដើម៕​

លោក​បណ្ឌិត​សភាចារ្យ​ សុខ ទូច ​ធ្វើ​បាឋកថា ស្ដីពី​សង្គ្រាម​លោក​លើក​ទី​៣​ផ្ទុះឡើង​យ៉ាង​ស្ងៀម​ស្ងា​ត់​