និស្សិត​កម្ពុជា​៣​រូប​ ទទួល​បាន​ជ័យលាភី​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​ខ្សែ​វីដេអូ​ខ្លី ​ក្នុងចំណោម និស្សិត​ប្រើប្រាស់​ភាសា​បារាំង ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

និស្សិត​កម្ពុជា​៣​រូប​ ទទួល​បាន​ជ័យលាភី​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​ខ្សែ​វីដេអូ​ខ្លី ​ក្នុងចំណោម និស្សិត​ប្រើប្រាស់​ភាសា​បារាំង ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក



ភ្នំពេញ ៖ និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន​៣​រូប ​ទទួល​បាន​ជ័យលាភី​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​ខ្សែ​វីដេអូ​ខ្លី ក្នុងចំណោម​និស្សិត​ប្រើប្រាស់​ភាសា​បារាំង ក្នុង​តំបន់ Asie-Pacifique​ ហើយ​នេះ​ជា​លើក​ទី​២ ​ដែល​និស្សិត​សាកលវិទ្យាល័យ​នេះ​ទទួល​បាន​ជ័យលាភី​លេខ១​ចំណាត់​ថ្នាក់​លេខ​១។
កម្មវិធី​នេះ​រៀបចំ​ដោយ​ទីភ្នាក់ងារ​សាកលវិទ្យាល័យ នៃ​បណ្ដា​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​បារាំង មាន​ចំណងជើង​ថា ​«​ហេតុផល​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្រលាញ់​សាកលវិទ្យាល័យ​ប្រើប្រាស់​ភាសា​បារាំង​»​ ដោយមាន​និស្សិត​ចំនួន​៧​ក្រុម​ ចូលរួម​ប្រកួត​មកពី​ប្រទេស​ឡាវ​កម្ពុជា ​និង​វៀតណាម​ដោយ​កំណត់ពេល​ថត​អតិបរមា​៣​នាទី ថត​ដោយ​ទូរស័ព្ទ​ដៃ​ និង​មិន​ឲ្យ​មាន​ការ​គាំទ្រ​បច្ចេកទេស​ពី​អ្នក​ជំនាញ។

ការ​ប្រគល់​ជ័យលាភី ​និង​រង្វាន់​ដល់​និស្សិត​ជ័យលាភី​លេខ​១​ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​រសៀល​ថ្ងៃ​ទី​០៤​ ខែ​មេសា​ ឆ្នាំ​២០១៦​ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​និង​Jean-Claude poimboeuf​ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។

លោក​សាស្ត្រាចារ្យ សា​ផុន វ​ឌ្ឍ​នះ សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា ​«​ក្នុងនាម​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ ​និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ​ខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ ​និង​មោទនភាព​ក្រៃលែង​ដែល​បាន​ដឹង​ថា​ ក្រុម​និស្សិត​សាកលវិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិបាល​យើង​ទទួល​បាន​ជ័យលាភី​លេខ​១​ នៃ​ការប្រកួតប្រជែង​ខ្សែ​វីដេអូ​ខ្លី ក្នុងចំណោម​និស្សិត​ប្រើប្រាស់​ភាសា បារាំង ក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​»។

លោក​បាន​បន្ត​ថា ​ខ្សែ​វីដេអូ ដែល​ក្រុម​និស្សិត​ទទួល​បាន​ជ័យលាភី​មាន​ចំណងជើង​ថា ឡឺ​ហ្វង់​សេ សែ​បុ​ង ពួរ​ឡា សង់​តេ គឺជា​ខ្សែ​វីដេអូ ដែល​មាន​ភាព​រស់រវើក និង​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីករាយ និង​ការ​ប្រឈម​ក្នុង​ការសិក្សា​វេជ្ជសាស្ត្រ នៅ​ប្រទេស​កម្ពុជា។ ខ្សែ​រឿង​នេះ ក៏បាន​បង្ហាញ​អំពី​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​រួមមាន ការសិក្សា​ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ជា​ច្រក​រុករក​ទិន្នន័យ​វិទ្យាសាស្ត្រ និង​ច្រក​នៃ​ការ​ស្គាល់​ពី​វប្បធម៌​បរទេស ក៏ដូចជា​សម្រាប់​ការ​ផ្លាស់ប្ដូរ និង​ការ​ចែករំលែក​ផ្សេងៗ។​

លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​ថា ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ​និង​សូម​កោតសរសើរ​ដោយ​ស្មោះ​ដល់​និស្សិត​កម្ពុជា​យើង​ដែល​ដណ្តើម​បាន​ជ័យលាភី​ នៃ​សាកលវិទ្យាល័យ​នានា ​មកពី​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​ទី​ភ្នាក់ងារ​សាកល​វិទ្យាល័យ​នៃ​បណ្តា​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​បារាំង​(AUF)​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ ជាពិសេស​នោះ ​នេះ​ជា​លើក​ទី​២​ ហើយ​ដែល​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិបាល​យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ ក្នុង​ការ​ប្រកួតប្រជែង​នេះ​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​«​ពានរង្វាន់​ជ័យលាភី​នេះ មិន​ត្រឹមតែ ជា​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ផ្ទាល់​របស់​ជ័យលាភី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ផង​ដែរ សម្រាប់​សាកល​វិទ្យាល័យ ក៏​ដូច​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​»។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​អ្វី​ដែល​ទទួល​បាន​នា​ពេល​នេះ​ វា​ជា​សមិទ្ធផល​ នៃ​ការ​រួម​ចំណែក នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និង​និស្សិត​ នៃ​សាកលវិទ្យាល័យ​ផ្ទាល់ ដែល​បាន​ខិតខំ ធ្វើ​យ៉ាង​ណា​ឈាន​ទៅ​រក​ឧត្ដមភាព ក្នុង​ការ​បណ្ដុះបណ្ដាល ការស្រាវជ្រាវ និង​ការ​ផ្តល់​សេវា ដែល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕និស្សិត​កម្ពុជា​៣​រូប​ ទទួល​បាន​ជ័យលាភី​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​ខ្សែ​វីដេអូ​ខ្លី ​ក្នុងចំណោម និស្សិត​ប្រើប្រាស់​ភាសា​បារាំង ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក
និស្សិត​កម្ពុជា​៣​រូប​ ទទួល​បាន​ជ័យលាភី​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​ខ្សែ​វីដេអូ​ខ្លី ​ក្នុងចំណោម និស្សិត​ប្រើប្រាស់​ភាសា​បារាំង ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក