កងទ័ព​២​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​រអិល​ធ្លាក់​ជ្រោះ​ក្បែរ​ច្រក​អាន​សេះ​រង​របួស​ធ្ងន់

កងទ័ព​២​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​រអិល​ធ្លាក់​ជ្រោះ​ក្បែរ​ច្រក​អាន​សេះ​រង​របួស​ធ្ងន់



ព្រះវិហារ ​៖ ​សេចក្ដី​រាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០៤​ ខែ​មេសា ឆ្នាំ​​២០១៦ ​មាន​មន្ត្រី​កងទ័ព​០២​នាក់​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្លាក់​ជ្រោះ​ក្បែរ​ផ្លូវ​ឡើង​ទៅកាន់​ច្រក​ទ្វារ​អាន​សេះ​ស្ថិត​ក្នុង​ឃុំ​ឈើទាល​គង​ ស្រុក​ជាំ​ក្សាន្ត​ ជាប់​ព្រំដែន​ថៃ​ ខណៈ​ពេល​ចុះ​បំពេញការងារ។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​បាន​នាំគ្នា​ចុះ​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ផង​ដែរ។ មន្ត្រី​កងទ័ព​២​នាក់​នោះ ​សង្ស័យ​បម្រើ​ការងារ​ក្នុង​អង្គភាព​វរសេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៥​ ប្រចាំ​ច្រក​អាន​សេះ​ចំណុះ​តំបន់ ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះវិហារ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ហេតុការណ៍​ធ្លាក់​ជ្រោះ​នោះ​អាច​សង្ស័យ​បណ្ដាល​មក​ពី​រអិល​កង់​ម៉ូតូ​ ហើយ​ជាន់​​​​​ហ្វ្រាំង​មិន​ជាប់ ​ក៏​រអិល​ធ្លាក់​ចូល​ជ្រោះ​ទាំង​មនុស្ស ​និង​ម៉ូតូ​តែ​ម្ដង។ ប៉ុន្តែ​សំណាង​ល្អ​មន្ត្រី​កងទ័ព​ទាំង​០២​នាក់​ ដែល​ជួប​ហេតុការណ៍​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ ទីតាំង​ជ្រោះ ​ដែល​ជនរងគ្រោះ​ជា​កងទ័ព​ធ្លាក់​ចូល​នោះ ​មាន​ជម្រៅ​ប្រមាណ​១៧​ម៉ែត្រ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​បាន​អាជ្ញាធរ​នាំគ្នា​ស្ទូច​ជនរងគ្រោះ​ទាំង​២​នាក់​ចេញពី​ជ្រោះ​ ហើយ​ប្រញាប់​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្ដេច​តេជោ​១៧៩​ស្រអែម​បាន​ទាន់​ពេល​វេលា។ រីឯ​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​២​នាក់​មិន​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឈ្មោះ​ឲ្យដឹង​នោះ​ទេ៕

កងទ័ព​២​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​រអិល​ធ្លាក់​ជ្រោះ​ក្បែរ​ច្រក​អាន​សេះ​រង​របួស​ធ្ងន់