ខែ​មីនា​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៩៦​លើក និង​សម្លាប់​មនុស្ស​១២១​នាក់​

ខែ​មីនា​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៩៦​លើក និង​សម្លាប់​មនុស្ស​១២១​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ចរាចរណ៍ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន​២៩៦​លើក​ របួសធ្ងន់​ស្រាល​ចំនួន​៤៦៥​នាក់​(​របួសធ្ងន់​២៨៩​នាក់​)​ បណ្ដាល​ឲ្យ​ស្លាប់​១២១​នាក់។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​ បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន​១១៥​លើក បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ចំនួន​៣៦​លើក បើកបរ​ប្រជែង​គ្រោះថ្នាក់​ចំនួន​៣៣​លើក មិន​គោរព​សិទ្ធិ​៣៧​លើក មិន​ប្រកាន់​ស្តាំ​៣៧​លើក បត់​គ្រោះថ្នាក់​៣៣​លើក កត្តា​យានយន្ត​ចំនួន​៦​លើក និង​ងងុយដេក​៥​លើក។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​កើតឡើង​ច្រើន​ជាង​គេ ​គឺ​រាជធានី​ភ្នំពេញ​កើតឡើង​ចំនួន​១៧​លើក ស្លាប់​១០​នាក់ របួសធ្ងន់​២៥​នាក់ របួសស្រាល​៦​នាក់។ ខេត្ត​កណ្តាល​១៣​លើក ស្លាប់​៨​នាក់ របួសធ្ងន់​១៣​នាក់ របួសស្រាល​៧​នាក់។ ខេត្ត​កំពង់ចាម​១៤​លើក ស្លាប់​៨​នាក់ ​របួសធ្ងន់​១១​នាក់ របួស​ស្រាល​៧​នាក់។ ខេត្ត​កំពង់ស្ពឺ​១៣​លើក ស្លាប់​៧​នាក់ របួស​ធ្ងន់​១៤​នាក់ របួសស្រាល​១​នាក់។ ខេត្ត​តាកែវ​២០​លើក ស្លាប់​៦​នាក់ របួសធ្ងន់​១៨​នាក់ របួសស្រាល​១៦​នាក់។ ខេត្ត​កំពត​១៦​លើក ស្លាប់​៦​នាក់ របួសធ្ងន់​២០​នាក់ របួសស្រាល​៧​នាក់។ ខេត្ត​សៀមរាប​៦​លើក ស្លាប់​៥​នាក់​ របួសធ្ងន់​៣​នាក់ ស្រាល​៣​នាក់។ ខេត្ត​ព្រះសីហនុ​១៩​លើក ស្លាប់​៦​នាក់ របួសធ្ងន់​៤១​នាក់ របួសស្រាល​៤៧ នាក់​។ ខេត្ត​កំពង់ធំ​៩​លើក ស្លាប់​៤​នាក់ របួសធ្ងន់​១១​នាក់ របួសស្រាល​៣​នាក់។ ខេត្ត​ត្បូងឃ្មុំ​៧​លើក ស្លាប់​៦​នាក់ របួសធ្ងន់​៤​របួសស្រាល​១​នាក់។ ខេត្ត​រតនគិរី​៩​លើក ស្លាប់​៧​នាក់ របួសធ្ងន់​៤​នាក់ របួស​ស្រាល​៣​នាក់។ ដោយឡែក ​គ្រោះ​ចរាចរណ៍​ទូទាំង​ប្រទេស​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ កើតឡើង​៩៨២​លើក ស្លាប់​៤០០​នាក់ របួសធ្ងន់ និង​ស្រាល​១.១៦១​នាក់​៕