និស្សិត​វិស្វករ​ម្នាក់ រវល់​បោក​គក់​សំលៀកបំពាក់​ចោរលួច​ម៉ូតូ​បាត់

និស្សិត​វិស្វករ​ម្នាក់ រវល់​បោក​គក់​សំលៀកបំពាក់​ចោរលួច​ម៉ូតូ​បាត់



ភ្នំពេញ ៖ បុរស ជា​និស្សិត​វិស្វករ​ម្នាក់ បន្ទាប់ពី​ចេញពី​ការសិក្សា មាន​ពេលទំនេរ បាន​ឆ្លៀត​គក់​សំលៀកបំពាក់ ដោយ​ចត​ម៉ូតូ​ទុក​នៅមុខ​បន្ទប់​ជួល ហើយ​ត្រូវ​បាន​ចោរ​មិន​ដឹង​ថា​ដើរ​ចេញ​​ចំណុច​ណា​ទេ លួច​ម៉ូតូ​បាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ និង​ខំ​ដើរ​សួរ​គេឯង ក្រែង​អ្នកណា​បាន​ឃើញ តែ​គ្មាន​អ្នកណាម្នាក់​បាន​ដឹង​ថា ចោរលួច​ពី​កាលណា​ឡើយ។

ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា គឺ​បាន​បាត់​ម៉ូតូ​កាល​វេលា​ម៉ោង​១៧​ល្ងាច ថ្ងៃទី​០៤ ខែមេសា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ អ៊ុត សិលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​និស្សិត​ឆ្នាំ​៥ ផ្នែក​វិស្វករ​មាន​ភូមិកំណើត​នៅ​ភូមិ​ថ្នល់​បំបែក ឃុំ​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ​។ ម៉ូតូ ដែល​ជនសង្ស័យ​លួច​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លា​ភ្នំពេញ​1AS-2043។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ចត​ម៉ូតូ​ទុក​នៅមុខ​ផ្ទះ​ជួល ដោយមាន​ក្មេង​លេង​នៅមុខ​ផ្ទះ​ជួល​ជា​ហូរហែ​ផង​ដែរ ហើយ​គាត់​រវល់​គក់​សំលៀកបំពាក់​អស់​រយៈពេល​២​ទៅ​៣​ម៉ោង នៅ​ពេល​បោក​គក់​រួច បាន​មក​មើល​ម៉ូតូ ស្រាប់តែ​បាត់​មិន​ឃើញ​ម៉ូតូ​នោះ​សោះ។

នៅ​ពេល​សួរនាំ​គេ​នៅ​កន្លែង​កើតហេតុ ពួកគេ​ក៏​មិន​ដឹង​ដែរ បន្ទាប់ពី​សួរនាំ​គេ​មិន​ដឹង​ថា មាន​អ្នកណា​លួច​នោះ ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ចោមចៅ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​នឹង​ឲ្យ​ជួយ​ស្វែងរក​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមច្បាប់៕