ទប់ស្កាត់​ការវាយប្រហារ​ពី​ដែនអាកាស ពួក IS ប្រើ​អាវុធ​គីមី​វាយលុក​ចូល​មូលដ្ឋានទ័ព​ស៊ី​រី​

RIA Novosti នៅ​ថ្ងៃទី ៥ មេសា នេះ បាន​ផ្សាយ​ព័ត៌មាន​ឲ្យ​ដឹងថា ពួក​ភេរ​វករ IS បាន​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​វាយលុក​ចូល​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី នៅ​ខេត្ត Deir ez-Zor ។​

“​ពួក​ទាហាន Daishev (IS) បាន​វាយលុក​ចូល​ព្រលានយន្តហោះ​មួយ ស្ថិតក្នុង​មូលដ្ឋាន​ទ័ពអាកាស​នៅ Deir ez-Zor ដោយ​ប្រើ​អាវុធ​គីមី ។ របាយការណ៍​ខ្លះ​ឲ្យ​ដឹងថា មាន​កងទ័ព​មួយចំនួន​ពិបាក​ដកដង្ហើម​” -​ប្រភពព័ត៌មាន​យោធា​នៅ​ស៊ី​រី​ប្រាប់ RIA Novosti ។​

​មុននេះ ក៏មាន​របាយការណ៍​ឲ្យ​ដឹងថា ពួក​ភេរ​វករ IS បាន​ប្រឹងប្រែង​វាយលុក​ចូល​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​ស៊ី​រី សំដៅ​រារាំង​ការវាយប្រហារ​ពី​ដែនអាកាស ដែល​បានធ្វើ​ឲ្យ​ពួកវា​បាត់បង់​ទាំង​កម្លាំង​ទ័ព និង​សំភារៈ​សឹក ។​

​ការវាយប្រហារ​ពី​ដែនអាកាស​របស់​រុស្ស៊ី និង​សម្ព័ន្ធ​កងទ័ព​ដឹកនាំ​ដោយ​អាមេរិក បាន​បង្ក​នូវ​អន្តរាយ​គួរ​ឲ្យ​កត់សំគាល់​លើ​ពួក​ភេរ​វករ ។​

​ពួកវា​បាន​បាត់បង់​ការត្រួតត្រា​ដែនដី​ច្រើន​កន្លែង ព្រមទាំង​អាវុធ​យោធ​ភ័​ណ្ឌ ។ នេះ​ក៏​ពុំមែន​ជា​លើកដំបូង​ទេ ដែល​ពួក IS ត្រូវបាន​ចោទប្រកាន់ថា​ប្រើប្រាស់​អាវុធ​គីមី វាយលុក​លើ​គោលដៅ​មួយចំនួន​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ។​

​កាលពីដើម​ខែមីនា ២០១៦ The Wall Street Journal ដកស្រង់​សម្តី​របស់​មន្ត្រី​សន្តិសុខ និង​មន្ទីរពេទ្យ​នៅ​អ៊ីរ៉ាក់ ឲ្យ​ដឹងថា IS បាន​ប្រើ​អាវុធ​គីមី​វាយប្រហារ​ប្រជុំជន Taza ខេត្ត Kirkuk នៅ​អ៊ីរ៉ាក់ ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ៤០០ នាក់ មាន​អាការ​ចម្លែក​លើ​ប្រព័ន្ធ​ដកដង្ហើម និង​ចេញ​កន្ទួល​លើ​ខ្លួនប្រាណ ។​

​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi គ្រានេះ បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​ប្រើ​សារធាតុពុល និង​លើ​ពលរដ្ឋ​សាមញ្ញ ពិសេស​នារីៗ និង​ក្មេងៗ នៅ Taza ថា​ជា​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ៕​

ទប់ស្កាត់​ការវាយប្រហារ​ពី​ដែនអាកាស ពួក IS ប្រើ​អាវុធ​គីមី​វាយលុក​ចូល​មូលដ្ឋានទ័ព​ស៊ី​រី​