​​វីដេអូ​៖​ហោរាសាស្ត្រ​ដ៏​ល្បី​បង្ហើប​ប្រាប់​នូវ​ឆ្នាំ​ទាំង​៤ ​ដែល​រាសី​ដាក់​ខ្លាំង​នៅ​ក្នុង​សង្ក្រាន្ត​ឆ្នាំ​វក​នេះ​!

រាជធានី​ភ្នំពេញ​៖ ​នៅ​ក្នុង​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី ​ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ គ្រិស្តសករាជ ២០១៦ ​ដែល​នឹង​ចូល​មក​នៅ​ថ្ងៃ ពុធ ៧​កើត ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា វេលា​ម៉ោង ២០ ​និង​ ០០​នាទី​ខាង​មុខ​នេះ  តាម​ទំនាយ​នៃ​វិជ្ជា​ហោរាសាស្ត្រ​គុណ​គូរ​ឃើញ​ថា មាន​ឆ្នាំ​ចំនួន​៤ ​ដែល​ត្រូវ​រាសី​ដាក់​ខ្លាំង​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់ ​ដែល​តម្រូវ​ឲ្យ​ធ្វើ​ពិធី​រំដោះគ្រោះ​ចេញ ​ដើម្បី​សុំ​សេចក្ដី​សុខ​សប្បាយ ​និង​លាភ​យស​មក​វិញ​។

​ឯកឧត្ដម អឹុម បុរិន្ទ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​បុណ្យជាតិ ​អន្តរជាតិ និង​ជា​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ ​និង​ប្រពៃណី ​ទំនៀម​ទម្លាប់​ខ្មែរ (ហោរាសាស្ត្រ​ល្បី​ឈ្មោះ​ទី​១​នៅ​កម្ពុជា​) បាន​ថ្លែង​ប្រាប់​គេហទំព័រ​ព័ត៌មាន Kqube.net ឲ្យ​បាន​ដឹង​ថា ​នៅ​ក្នុង​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​វក​នេះ ​មាន​ឆ្នាំ​ដែល​រាសី​ដាក់​ខ្លាំង​ជាង​គេ​ចំនួន​៤ ​ទី​១-ឆ្នាំ​វក ២-ឆ្នាំ​ម្សាញ់ ៣-ឆ្នាំករ ទី​៤-ឆ្នាំ​ខាល ហើយ​ក្នុង​ឆ្នាំ​ទាំង​៤​នេះ​ ឆ្នាំ​ដែល​រាសី​ដាក់​ខ្លាំង​ជាង​គេ ​គឺ​ឆ្នាំ​ខាល​តែ​ម្ដង​។

លោក​បាន​បន្ត​ថា អ្នក​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​ទាំង​បួន​ខាង​លើ ​សូម​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ប្រកដ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ ​ដែល​អាច​កើត​មាន​ចំពោះ​ខ្លួន ដោយ​យថាហេតុ ​ព្រោះ​មនុស្ស​កើត​ក្នុង​ឆ្នាំ​ទាំង​នោះ ​សូម្បី​តែ​សេចក្ដី​ស្នេហា ​ឬ​ការ​ប្រកប​មុខ​របរ​រក​ស៊ី​ផ្សេង​ៗ គឺ​មាន​ការ​ប្រឈម​ខ្លាំង ​ដោយ​អាច​នឹង​មាន​ការ​ខាត​បង់ ​ឬ​បែក​បាក់​គ្នា​ផង​ដែរ​។ ចំពោះ​ការងារ ​ក៏​មិន​សូវ​មាន​ការ​រីក​ចម្រើន​ដែរ​ ព្រោះ​ឆ្នាំ​ទាំង​នេះ មាន​ការ​ជួប​បញ្ហា​ច្រើន​ជា​អន្លើ​ៗ​។

ជា​មួយ​គ្នា​នឹង​ការ​បង្ហើប​ប្រាប់​នៅ​ឆ្នាំ​ទាំង​៤ ដែល​មាន​រាសី​ស្រុត​ចុះ​ខ្លាំង​នេះ​ដែរ ​ឯកឧត្ដម អឹុម បុរិន្ទ ​ក៏​បាន​ទម្លាយ​ប្រាប់​អំពី​អភូតហេតុ​ផ្សេង​ៗ ​ដែល​នឹង​កើត​មាន​ក្នុង​ឆ្នាំ​នេះ​ថា ​តាម​ទំនាយ​នៃ​ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​វក​នេះ គឺ​ចំពោះ​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​មាន​ព្រះ​តេជានុភាព​ល្អ​ប្រសើរ​ណាស់ ​ហើយ​អាច​នឹង​ទទួល​បាន​នូវ​បណ្ដាការ ​ឬ​កិត្តិសព្ទ​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ថែម​ទៀត ប៉ុន្តែ​ដោយ​ឡែក ​សម្រាប់​កុមារ​តូច​ៗ ​និង​សត្វ​ចិញ្ចឹម​វិញ ​គឺ​មិន​សូវ​ល្អ​ទេ ​ព្រោះ​មាន​ជំងឺ​កើត​ឡើង​ច្រើន​។
គួរ​រម្លឹក​ថា ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ​ឆ្នាំ​នេះ ​មាន​រហូត​ដល់​ចំនួន​៤​ថ្ងៃ​ឯណោះ ​ដែល​មាន​លក្ខណៈ​ខុសគ្នា អំពី​ឆ្នាំ​មុន​ៗ ​ហើយ​ត្រង់​ចំណុច​នេះ​ដែរ ​លោក​គ្រូ​ហោរាសាស្ត្រ​រូប​នេះ ​ក៏​បាន​ពន្យល់​ថា ​ការ​ចូល​ឆ្នាំ​មាន​ចំនួន ​៤​ថ្ងៃ​នេះ​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ​ហើយ​ក្នុង​រយៈ​ពេល​បួន​ដប់​ឆ្នាំ​មុន ​ក៏​ធ្លាប់​មាន​ការ​ចូល​ឆ្នាំ​ចំនួន​៤​ថ្ងៃ​ដូច​គ្នា ​នឹង​ការ​ចូល​ឆ្នាំ​២០១៦​នេះ​ដែរ ​ព្រោះ​តាម​ក្បួន​វិជ្ជា​ហោរាសាស្ត្រ ​ដែល​គុណ​គូរ​ជើង​លេខ ​នៃ​ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​បូក​ចូល​គ្នា​ទៅ ​គឺ​ត្រូវ​ឃើញ​បែប​នេះ​។
ដើម្បី​ទទួល​ជ្រាប​អំពី​ព័ត៌មាន​នេះ ​កាន់​តែ​ច្បាស់​នោះ ​សូម​អញ្ជើញ​ទស្សនិកជន ​ចុច​ទស្សនា​វីដេអូ កិច្ច​សន្ទនា រវាង​លោក ចេង ចំរើនភ្នាក់ងារ​ព័ត៌មាន​គេហទំព័រ Kqube.net នឹង ឯកឧត្ដម អឹុម បុរិន្ទ ដែល​បង្ហាញ​ជូន​នៅ​ខាង​ក្រោម​នេះ ​ដោយ​មាន​សំនួរ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ​ដែល​លោក​ពិធីករ​បាន​ចោទសួរ ហើយ​ក្នុង​នោះ ឯកឧត្ដម​រូប​នេះ ​ក៏​តប​វិញ​យ៉ាង​ក្បោះក្បាយ ​សម្រាប់​ចែករំលែក​ជូន​បងប្អូន​ប្រិយមិត្ត ជន​រួម​ជាតិ​ទាំង​អស់ ​ស្ដាប់ កត់ត្រា​ទុក​ជា​ចំណេះដឹង ​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ​នេះ ​និង​សម្រាប់​ជា​សេចក្ដី​សុខ​សម្រុង​ចម្រើន ដល់​ក្រុម​គ្រួសារ​អស់​លោក​អ្នក​ផង​ដែរ​៖

ប្រភព៖ news.kqube

  • ​​វីដេអូ​៖​ហោរាសាស្ត្រ​ដ៏​ល្បី​បង្ហើប​ប្រាប់​នូវ​ឆ្នាំ​ទាំង​៤ ​ដែល​រាសី​ដាក់​ខ្លាំង​នៅ​ក្នុង​សង្ក្រាន្ត​ឆ្នាំ​វក​នេះ​!已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:វីដេអូ
Tags: