ត្រី​ផ្សោត​មួយ​ក្បាល​ទម្ងន់​ជាង​១០០​គីឡូក្រាម​ងាប់​នៅ​ដង​ទន្លេ​ខេត្ត​ក្រចេះ

ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ប្រទះ​ឃើញ​សត្វ​ផ្សោត​ងាប់​មួយ​ក្បាល​មាន​ទម្ងន់​ជាង ១០០​គីឡូក្រាម អណ្ដែត​តាម​ច្រាំង​ទន្លេ​នៅ​ភូមិ​ឫស្សីចារ ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេសា។

ប្រធាន​ឆ្មាំ​ទន្លេ និង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ លោក ម៉ុក ពន្លឺ ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​នៃ​ការ​ងាប់​របស់​សត្វ​ផ្សោត​នោះ​ទេ ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​ថា ត្រី​ផ្សោត​នោះ​មាន​អាយុ​ជាង ២​០ឆ្នាំលោក​ថា ដង​ខ្លួន​របស់​សត្វ​ផ្សោត​នោះ​ពុំ​មាន​ស្លាកស្នាម​ឡើយលោក​សន្និដ្ឋាន​ថា មូលហេតុ​អាច​បណ្ដាល​ឲ្យ​សត្វ​ផ្សោត​នោះ​ងាប់ អាច​មក​ពី​អាយុកាល ឬ​ក៏​ការ​ប្រែប្រួល​ស្ថានភាព​ទឹក៖ «ការ​ស្លាប់​របស់​វា​យើង​មិន​ទាន់​សន្និដ្ឋាន បើ​ជាប់​មង យើង​ឃើញ​ស្លាកស្នាម តែ​មិន​ឃើញ​ស្លាកស្នាម​គួរ​ឲ្យ​កត់​សម្គាល់​ទេ។ យើង​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​វ័យ​ចាស់។ ទី​ពីរ អាច​បណ្ដាល​ពី​ស្ថានភាព​ទឹក»

លោក ម៉ុក ពន្លឺ បន្ថែម​ថា សត្វ​ផ្សោត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង បច្ចុប្បន្ន នៅ​សល់​ប្រមាណ ៨០​ក្បាល ក្នុង​នោះ ៦៥​ក្បាល​នៅ​ខេត្ត​ក្រចេះ។

កាល​ពី​ឆ្នាំ​២០១៥ ផ្សោត​នៅ​ខេត្ត​ក្រចេះ ងាប់ ៤​ក្បាល បណ្ដាល​មក​ពី​ជាប់​មង​អ្នក​នេសាទ និង​អាយុកាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។