​សម្តេច​តេ​ជោ សែន ប្រៀប សាំ ពិសិដ្ឋ​ទៅ​នឹង​ធនញ្ជ័យ ថា​ឲ្យ​ទៅ​មើលផ្លូវ​មើល​មែន ត្រង់​ផ្លូវ​ខូច អញ​មិនដឹង គឺ​អង្គុយ​ក្នុង​ឡាន​ពាក់​ក្រវាត់ក​

ភ្នំពេញ:
​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ប្រមាន​ខ្លាំង​នៅ​ចំពោះមុខ​មន្ត្រីរាជការ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ រាប់ពាន់នាក់​ថា សាំ ពិសិដ្ឋ តាំងពី​ធ្វើ​ប្រធាន​សាធារណការ​ក្រុងភ្នំពេញ ផ្លូវ​ខូច​កើតឡើង​គ្រប់​ទីកន្លែង គ្មាន​ការជួសជុល​ឡើងវិញ​។ សម្តេច​ក៏​ប្រដូច​លោក សាំ ពិសិដ្ឋ ទៅ​នឹង​ធនញ្ជ័យ ថា​ឲ្យ​ទៅ​មើលផ្លូវ​មើល​មែន ត្រង់​ផ្លូវ​ខូច​អញ​មិនដឹង គឺ​អង្គុយ​ក្នុង​ឡាន​ពាក់​ក្រវាត់ក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ខ្ញុំព្រះករុណា មានការ​ងឿងឆ្ងល់​មួយ​ថា ងឿងឆ្ងល់​ត្រង់​ថា អា​ផ្លូវ​ចេះតែធ្វើ តែ​ត្រង់​ជួសជុល វា​មិនសូវ​ជួសជុល វា​នៅ​នឹង​តែម្តង​។ សេនាធិការ​គឺប្រធាន​សាធារណការ សម្រាប់​អភិបាលក្រុង​តើ​ភ្នែក​មានបាន​មើល​ទេ​អា​ផ្លូវ​នេះ ពេលខ្លះ​ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​រក​អភិបាលក្រុង​ថា នែ​អា​ផ្លូវ​កន្លែង​នេះ​វា​អីចេះ​វា​អីចុះ​។

​សម្តេច​តេ​ជោ បាន​សម្តែង​នូវ​ការងឿងឆ្ងល់​ថា មូលហេតុ​បានជា​ផ្លូវ​ចេះតែ​ស្ថាបនា​សាងសង់​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ក្រុងភ្នំពេញ ប៉ុន្តែ​ហេតុអ្វី​ពេល​ខូច​ផ្លូវ អត់​មាន​អ្នក​ជួសជុល​ឡើងវិញ ពោលគឺ​ទុក​តាំងពី​ខូច​ក្នុងស្ថានភាព​តូច​រហូតដល់​ធំ តើ​សាធារណការ​ទៅណា​អស់ហើយ ម៉េច​មិន​ជួសជុល​ផ្លូវ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា "​ប្រាប់​មើល​ប្រធាន​សាធារណការ អនុប្រធាន ហើយ​លោក​អភិបាលខណ្ឌ​ទៅណា​អស់​ទៅ កន្លែង​នឹង​ថ្ងៃ​ខ្លះ​វា​ខូច​ប៉ុន​ចានចង្កឹះ ស្អែក​វា​ខូច​ប៉ុន​ចានគោម ដល់​បី​ក្រោយ​វា​ទៅជា​..."​។

​សម្ដេច​តេ​ជោ សែន បាន​និយាយ​រិះគន់​ប្រធាន និង​អនុប្រធាន សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ថា មិនដែល​យក​ភ្នែក​មើលផ្លូវ​ខូច​ទេ​គិច​តែ​នាំគ្នា​ជិះឡាន​និង​អង្គុយ​ពាក់​ក្រវាត់ក​ក្នុង​ប៊ុ​យ​រ៉ូ​។ សម្តេច បាន​បន្តថា "​ដក​អា​ប្រធាន​សាធារណការ​ក្រុង​ចោល​មើ ។ ឯណា សាំ ពិសិដ្ឋ មាន​ភ្នែក​មើលផ្លូវ​ទេ​នុង លោក​ឯង​មាន​ភ្នែក​មើលផ្លូវ​ដែរ​ឬ​អត់​? និយាយ​ត្រង់ៗ​ជាមួយគ្នា​តែម្តង អាសារ​ដើរ​មើល​កុំ​នៅ​ចង​ក្រវាត់ក​ក្នុង​ហ្នឹង ។ ខ្ញុំ​និយាយ​ត្រង់ តាំងពី​លោក​ឯង​ឡើងមក​នេះ គឺ​ផ្លូវ​វា​យ៉ាប់ អា​ធ្វើ​ថ្មី​វា​ខុស​ហើយ ប៉ុន្តែ​អាចាស់​វា​មិន​ព្រម​ជួសជុល ហើយ​អស់លោក​នៅ​ខាងក្រោយ​មានបាន​កត់សម្គាល់​ដែរ​ទេ ឬក៏​កត់សម្គាល់​តែ​ខ្ញុំ​"​។​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យលោក សាំ ពិសិដ្ឋ ឧស្សាហ៍ដើរមើលផ្លូវនៅក្នុងក្រុង ប្រយ័ត្នអស់បុណ្យអស់ស័ក្តិ។ សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា សម្តេចបានឈឺក្បាលខ្លាំងចំពោះរឿងសាធារណការនេះ។
​សម្តេច​លើកឡើងថា "នៅពេលនេះ​និយាយ​គ្នា​ត្រង់ៗ ប៉ុន្តែ​ថ្ងៃ​ណាមួយ​អស់បុណ្យអស់ស័ក្តិ ព្រោះ​ខ្ញុំ​បង្ខំ​ឲ្យ​ដក គឺ​គិតតែ​ធ្វើ​អាកាស អា​ក្រោម​ដី ប៉ុន្តែ​អា​លើដី​អត់​ខំ​ធ្វើ តើ​ទទួល​ទូរស័ព្ទ​ពី​ខ្ញុំ​ប៉ុន្មាន​ដង​ហើយ តាំងពី​ខ្ញុំ​មាន​ហ្វេ​ស​ប៊ុ​ក ប្រជាពលរដ្ឋ​បាន​សួរ​ខ្ញុំ​រហូត ពួកគាត់​បាន​សួរ​ខ្ញុំ​គឺ​ត្រឹមត្រូវ​ហើយ ហើយ​ថា សម្តេច ធ្វើ​កន្លែង​មួយ​ធ្វើ​ម្តង​ជីក​ដាក់លូ​មេ ជីក​ដាក់​ខ្សែកាប អីចុះ​មិន​នឹងធ្វើ ម៉េច​មិន​សិក្សា​ឲ្យ​ហើយ ចាំ​ជីក​ច្រើនដង ខ្ញុំ​សូម​អរគុណ​ចំពោះ​អ្នក​លើក​សំណួរ​មក​ត្រូវ ហើយ​ចេះតែ​ថា អ្នក​នុះ​បក្សប្រឆាំង ប្រឆាំង​ឬ​មិន​ប្រឆាំង​ឲ្យ​តែ​សមស្រប យកទៅ​"។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា រឿងនេះ​យើង​គួរ​និយាយ​គ្នា​យក​ការពិត​មួយ ដែល​យើង​ធ្វើ​អីចឹង​មែន ព្រោះ​ខ្ញុំ​ក៏​ធុញ​ដែរ នៅពេលដែល​ជិះឡាន​ទៅ  ឃើញ​ហើយ​សួរថា អាហ្នឹង​យ៉ាងម៉េច​ចិញ្ចើមផ្លូវ​ហ្នឹង ផ្លូវ​ហ្នឹង​ជីក​ទៀតហើយ​។ ប៉ុន្តែ​រឿង​ដ៏​ស៊ាំ​ញ៉ាំ​ច្រើន គឺ​រឿង​ដែល​ពាក់ព័ន្ធ​ទៅនឹង​ថ្នាក់ក្រោម​ជាតិ ហើយ​កិច្ចការ​ខ្លះ​ថ្នាក់ក្រោម​ជាតិ​ត្រូវធ្វើ អត់​រង់ចាំ​នរណា អត់​ចាំបាច់​ស្ថាប័ន​ទេ​។ និយាយ​ទៅក្នុង​ក្របខ័ណ្ឌ​ទីក្រុង​ភ្នំពេញ គឺ​ក្រុង​ធ្វើ​ទាំងអស់ ដូច្នេះ​ខ្ញុំ​អត់​បន្ទោស​ក្រសួង​សាធារណៈការ​ទេ បន្ទោស​មន្ទីរ​សាធារណការ​ក្រុង​តែម្តង បន្ទោស​អភិបាលក្រុង នេះ​និយាយ​ឲ្យ​ចំ​។ អីចឹង សាំ ពិសិដ្ឋ ចាប់ពីពេលនេះ​ទៅ ឡាន​ត្រូវ​វិល​កង់​រហូត ប៉ុន្តែ​កុំទៅ​មើល តិច​ឲ្យ​ទៅ​មើលផ្លូវ​មើល​មែន ដូច​ធនញ្ជ័យ​ឲ្យ​ទៅ​ចាំចម្ការ អញ​ទៅ​ចាំចម្ការ​អី​តើ ត្រង់​ក្របី គោ ជល់​ស៊ី អញ​អត់​ដឹង ព្រោះ​នាយករដ្ឋមន្ត្រី បើ​អញ​មក​មើលផ្លូវ​អី​តើ ហើយ​ខូច​ប៉ុន្មាន​អញ​មិនដឹង​។

ការក្រើនរំលឹក របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីមានការរិះគន់ របស់ប្រជាពលរដ្ឋ
ក៏ដូចជាការសង្កេត របស់សម្តេចផ្ទាល់ឃើញថា ផ្លូវ
ដែលខូចមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ហាក់មានភាពយឺតយ៉ាវ ក្នុងការជួសជុល

​សម្តេច​តេ​ជោ សែន ប្រៀប សាំ ពិសិដ្ឋ​ទៅ​នឹង​ធនញ្ជ័យ ថា​ឲ្យ​ទៅ​មើលផ្លូវ​មើល​មែន ត្រង់​ផ្លូវ​ខូច អញ​មិនដឹង គឺ​អង្គុយ​ក្នុង​ឡាន​ពាក់​ក្រវាត់ក​

​សម្តេច​តេ​ជោ សែន ប្រៀប សាំ ពិសិដ្ឋ​ទៅ​នឹង​ធនញ្ជ័យ ថា​ឲ្យ​ទៅ​មើលផ្លូវ​មើល​មែន ត្រង់​ផ្លូវ​ខូច អញ​មិនដឹង គឺ​អង្គុយ​ក្នុង​ឡាន​ពាក់​ក្រវាត់ក​