ព្រះរាជអាជ្ញា​សម្រេច​ដោះលែង​អ្នកបើក​ទូកដរ រីឯ​អ្នកបើករថយន្ត​ប្រឈម​និង​ផ្លូវច្បាប់​

កណ្តាល:
ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​កណ្ដាល​លោក លឹម សុគ​ន្ថា បានសម្រេច​បញ្ជា​ឲ្យសមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ដោះលែង​អ្នកបើក​ទូកដរ​និង​ជា​អ្នក​ដាក់កំណល់​រថយន្ដ​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ ។​

 អ្នកបើកបរ​ទូកដរ​និង​ជា​អ្នក​ដាក់​កំណល់​ឈ្មោះ ស៊ិន រតនា ហៅ​ខុង ភេទ​ប្រុស អាយុ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ដ​កណ្ដាលត្រូវបាន​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ធ្វើការឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ ដើម្បីធ្វើការ​សាកសួរ​ជុំវិញ​ករណី​រថយន្ដ​ធ្លាក់​ដរ​ចូលទៅក្នុង​ទឹកទន្លេ​បាសាក់ បណ្ដាលឲ្យ​មាន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៧​នាក់​ស្លាប់ ។​

​ហេតុការណ៍​នេះ​បានកើត​ហេតុ​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩​និង​១៥នាទី នៅ​ចំណុច​កំពង់ចម្លង​អុងប៉ាង​ត្រើយ​ខាងកើត​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិ​បា​រ៉ែ​នលើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ សាក់ សារ៉ាក់ អាយុ​៣៣​ឆ្នាំ​មុខរប​រៈ​ជាង​ឌី​ណា​ម៉ូ ម៉ូតូមាន​ទីលំនៅ​ភូមិ​ព្រែក​ហូ សង្កាត់​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បាន​បើកបររថយន្ត​លុច​ស៊ី​ស RX300 ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-9169​ធ្វើដំណើរ​ពីសង្កត់​ថ្នូរ​នៅ​ផ្សារ​ព្រែក​តា​ជន ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប ត្រឡប់ទៅផ្ទះ​វិញ មក​ឆ្លង​ដរ​ព្រែកអុងប៉ាង​ត្រើយ​ខាងកើត​ទន្លេបាសាក់​ទៅ​ត្រើយ​ខាងលិច​ដោយ​នៅក្នុង​រថ​យន្តនោះ​មាន​គ្នា​១១​នាក់ ក្មេង​៦​នាក់​៕​R