សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រី​ខិលខូច អសកម្ម បង្ក​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​មន្ត្រី​ល្អៗ​

ភ្នំពេញ:
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ចំពោះ​មន្ត្រី​ខិលខូច​មួយចំនួន ដែល​ក្រឡុក​នាំ​ឲ្យ​មាន​ភាព​អសកម្ម ក្នុង​ការផ្តល់​សេវាសាធារណៈ អាចជា​អ្នក​ដែលមាន​និន្នាការ បម្រើ​បក្ស​ក្រៅ​រដ្ឋាភិបាល គឺ​ត្រូវ​ចាប់ខ្លួន​ចៀសវាង​ការបង្ក​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​មន្ត្រី​ល្អៗ​។​

​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​ដែលមាន​កម្ពស់ ១២​ជាន់​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា រដ្ឋបាល​សាធារណៈ មិនមែនជា​របស់​បក្ស​នយោបាយ​ណាមួយ​ទេ ប៉ុន្តែ​មាន​បក្សនយោបាយ​ខ្លះ បាន​ប្រើប្រាស់​នូវ​មនុស្ស​ដែល​ខ្លួន​ចាត់តាំង បាន​នៅក្នុង​រដ្ឋបាល​សាធារណៈ ដើម្បី​បំផ្លាញ​កេរ្តិ៍ឈ្មោះ​នៃ​មន្ត្រីរដ្ឋបាល​សាធារណៈ​។  សម្តេច​តេ​ជោ បញ្ជាក់​បែបនេះ​ថា "​ខ្ញុំ​សូម​ស្នើ​ឲ្យ​មន្ត្រី​ដែល​ល្អៗ ចាប់ខ្លួន​អាម​នុស្ស​ហ្នឹង​ដើម្បី​ផ្តន្ទាទោស ហើយ​លាង​សង​ស្អាត​ភាព​ស្អាតស្អំ​សម្រាប់​យើង​វិញ​"​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​ផ្តល់​សេវាសាធារណៈ ជាពិសេស​សេវា​តម្រូវ​ការចាំបាច់ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​ឆាប់រហ័ស តម្លៃ​ត្រឹមត្រូវ​តាមច្បាប់​កំណត់ ដើម្បី​កុំ​បង្ក​ឲ្យ​មាន​ភាព​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោ មានប្រសាសន៍ថា “​កន្លែង​ខ្លះ មន្ត្រី​មួយ​ពាន់​នាក់ មាន​មន្ត្រី​តែ​បួន​ប្រាំ​នាក់​ទេ ដែល​ខិលខូច ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខូច​មន្ត្រី​មួយ​ពាន់​នាក់​។ មិនមែន​មន្ត្រី​យើង​ខូច​ច្រើនជាង​ល្អ​ទេ ភាគច្រើន​ល្អ ធ្វើការ​ត្រឹមត្រូវ​។ ប៉ុន្តែ​មួយចំនួន​តូច​ណា​នោះ មាន​ចេតនា​រុញ​ឲ្យ​ខ្លោច រោច​ឲ្យ​ឆៅ ហើយ​តាម​ការស្រាវជ្រាវ​ខ្លះ គឺជា​មនុស្ស​របស់​បក្ស​ផ្សេង គេ​ចង់​ធ្វើ​រឿង​ហ្នឹង ដើម្បី​ឲ្យ​រដ្ឋបាល​របស់​យើង​ខូច​ឈ្មោះ​”៕

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្ត្រី​ខិលខូច អសកម្ម បង្ក​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​មន្ត្រី​ល្អៗ​