លិខិត​មិត្ត​អ្នកអាន ៖ មាន​មន្ត្រី​ឆ្លៀត​ឪ​កាស នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​

ភ្នំពេញ:
នៅក្នុង​លិខិត​របស់​មិត្ត​អ្នកអាន​យើង បាន​ផ្ញើ​កាន់ CEN ដោយបាន​សរសេរ​រៀបរាប់ថា សព្វថ្ងៃ​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ នៃ​ក្រសួង ស្ថាប័ន​នានា អម​រាជរដ្ឋាភិបាល តែងតែ​ផ្តល់​ឪ​កាស​អោយដល់​អ្នក​ដែល​ខំ ធ្វើការ មាន​ស្នាដៃ​និង​ជាពិសេស មានបទពិសោធន៍​លើ​ការងារ​របស់ខ្លួន ប៉ុន្តែ​ក្នុង​ស្ថាប័ន​មួយចំនួន ដែល​ត្រូវ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ថ្មី គេ​សង្កេត ឃើញថា រដ្ឋមន្ត្រី​ថ្មី តែងតែ​ជ្រើសតាំង ខុទ្ទកាល័យ​ថ្មី​របស់ខ្លួន និង​ផ្លាស់ប្តូរ​ប្រធាន​អង្គភាព​សំខាន់ៗ នៅក្នុង​ស្ថាប័ន របស់ខ្លួន​ស្ទើរ​អស់ ហើយ​ការផ្លាស់ប្តូរ​នេះ មិន​ប្រាកដថា​តែងតាំង​អ្នក​ដែលមាន​ជំនាញ បច្ចេកទេស​សម​ដាក់អោយ​ចំ​គោលដៅ​ទេ អោយតែ​យល់ថា​អ្នក នោះ​អាច​ផ្តល់​ប្រយោជន៍​អោយគេ​បាន​គឺ​គេ​ដាក់​អ្នកនោះ​អោយ​កាន់​តំ​ណែ​ក​សំខាន់ៗ ទោះជា​ធ្វើការ​ពុំ​កើតមាន​ប្រសិទ្ធភាព ខ្ពស់​ក៏ដោយ​។​

​នៅក្នុង​លិខិត​នោះ​បន្តថា ជាក់ស្តែង​នៅក្នុង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោយពី​ផ្លាស់ រដ្ឋមន្ត្រី ចាន់ សារុន ជំនួស​ដោយ លោក អ៊ុក រ៉ាប៊ុន ឃើញថា រដ្ឋមន្ត្រី​ថ្មី បាន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ នៃ​អង្គភាព​មួយចំនួន​។ អ្នក​ចូលមក​ជំនួស​តំណែង​ទាំងនោះ ក៏មាន​សមត្ថភាព បម្រើសេវា​ជូន រដ្ឋមន្ត្រី​របស់ខ្លួន ហើយក៏​មាន​អ្នក​ដែល​រដ្ឋមន្ត្រី​ថ្មី ផ្តល់​សិទ្ធ​អោយ​ទាំងនោះ ក៏​ឆ្លៀត​ឪ​កាស​ក្នុង​តំណែង​របស់ខ្លួន រក​ប្រយោជន៍​ដោយ​គ្មាន​ញញើត​។​

​ជាក់ស្តែង ក៏មាន​អង្គភាព​មួយ នៅក្នុង​ក្រសួង បាន​ប្រើ​សិទ្ធ​របស់ខ្លួន តែងតាំង​មន្ត្រី​បន្ថែម រហូតដល់​ទៅ​១០​នាក់ ដែល​អង្គភាព​នេះ មាន​ថ្នាក់ដឹកនាំ​គ្រប់គ្រាន់​អស់ហើយ​។ សព្វថ្ងៃ​ក្នុង​អង្គភាព​មួយ​នេះ ស្ទើរ​គ្មាន​មន្ត្រី​ទៅហើយ ព្រោះ​មន្ត្រី​ទាំង​១០​នាក់ ខាងលើ នៅសល់តែ​មន្ត្រី​ក្មេង ដែល​ទើប​ធ្វើការ​បាន​១​ឆ្នាំ ទៅ​២​ឆ្នាំ​ទេ ក្រៅពីនោះ​គឺ​មន្ត្រី​ដែល​អវត្តមាន មិន​មក​ធ្វើការ​សោះ (​ដែលជា​មន្ត្រី​សិទ្ធ​សាធ​)​។

​រឿង​គួរអោយ​ចំឡែក​ជាងនេះទៅទៀត​គឺ​លោក​ប្រធាន​អង្គភាព​មួយ​នេះ បានតែងតាំង មន្ត្រី​ម្នាក់ (​ក្នុងចំណោម​១០​នាក់​) ដែលជា​មនុស្ស​មិនដែល​មក​ធ្វើការ អង្គភាព​ជាង​១០​ឆ្នាំ អោយធ្វើជា​អនុប្រធាន ការិយាល័យ​។​