ចោរថ្លើមពាសមេឃ ហ៊ានឆក់កាបូបក្បែរសាលាខណ្ឌទួលគោកទៀត

រាជធានីភ្នំពេញ ៖ ស្រីស្អាតម្នាក់មានភាពរន្ធត់ពន់ពេកខណៈកំពុងជិះម៉ូតូតាមផ្លូវត្រលប់ទៅផ្ទះស្រាប់តែមកដល់ខាងកើតប្រមាណជិត១០០ម៉ែត្រនៃសាលាខណ្ឌទួលគោកតាមបណ្តោយ ផ្លូវ១៨២សង្កាត់ផ្សារដេប៉ូទី១ក៏ត្រូវចោរឆក់ទាញយកកាបូបទៅបាត់ និងបណ្តាលឲ្យដួលទៅជាមួយម៉ូតូរងរបួសផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ៩និង៤៥នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ នារីរងគ្រោះឈ្មោះ សារ៉ន ដាលីន អាយុ២៣ឆ្នាំជានិស្សិតឆ្នាំទី៤ផ្នែកធានាគារនៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

ចំណែកកាបូបត្រូវចោរឆក់យកទៅបាត់នោះ មានទូរស័ព្ទ សាំស៊ុង ១គ្រឿងនិងទូរស័ព្ទណូគាអិនចុចពិល១គ្រឿងទៀត រួមទាំងលុយតិចតួចផងដែរប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹង ថាមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូ អាយខនមួយគ្រឿងធ្វើដំណើរ តាមផ្លូវ១៨២ក្នុងទិសដៅពីកើតទៅលិចស្រាប់តែមកជិះជិតមកដល់សាលាខណ្ឌទួលគោក ក៏មានជន សង្ស័យ២នាក់ជិះម៉ូតូឌ្រីមសេ១២៥មួយ គ្រឿងមិនស្គាល់ស្លាក លេខបានជិះមកពីក្រោយហើយក៏ធ្វើសកម្មភាពឆក់កាបូបនាងបានសម្រេចហើយបណ្តាលឲ្យ នាងដួលម៉ូតូអូសនឹងថ្នល់ របួសរលាត់ដៃរលាត់ជើង ។ ក្រោយពេលកើតហេតុ ជាងកន្លះម៉ោងទើបមានសមត្ថកិច្ចប៉ុស្តិ៍៣នាក់ជិះម៉ូតូមកសួរនាំរួចក៏នាំជនរងគ្រោះទៅលាងរបួសនៅមន្ទីរពេទ្យបាត់ទៅ៕