ភ្នំពេញក្រោន ចុះកុងត្រាជាមួយកីឡាករកូរ៉េ ២រូបព្រមគ្នា ដើម្បីពង្រឹងសមត្ថភាពក្រុមបន្ថែម

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសជាផ្លូវការថា ពេលនេះក្លឹបបានទិញយក កីឡាករកូរ៉េខាងត្បូង ២នាក់បន្ថែមទៀត គឺកីឡាករ Sim Woon Sub និង Jang In Yong ក្នុងកុងត្រា នារដូវកាល ឆ្នាំ២០១៦នេះ បន្ទាប់ពីធ្វើការតេស្ដ សមត្ថភាព ប៉ុន្មានសប្ដាហ៍មកនេះ។ នេះបើយោងតាម Facebook ផ្លូវការរបស់ក្លឹប ភ្នំពេញក្រោន បានប្រកាស កាលពីម្សិលមិញ ។

យោងតាមប្រភពព័ត៌មានខាងលើ បានអះអាងថា កីឡាករកូរ៉េទាំងពីរ បានបង្ហាញសមត្ថភាពដ៏ល្អ ក្នុងអំឡុងពេលធ្វើតេស្ដ សមត្ថភាព ទើបក្លឹបសម្រេច ចុះកុងត្រាជាមួយ ពួកគេដូច្នេះ ។ សម្រាប់កីឡាករ Woon Sub ក្នុងវ័យ ២៦ឆ្នាំ មុននឹងផ្លាស់មកលេងឲ្យ ភ្នំពេញក្រោន រូបគេធ្លាប់មានបទពិសោធន៍ លេងឲ្យក្លឹបធំៗ មួយចំនួន នៅវៀតណាម រួមមានក្លឹប Vissai Ninh Binh, Dong Tam Long និងចុងក្រោយគេ បានផ្ទេរទៅលេងឲ្យក្លឹប Ayeyawady United នៃប្រទេសមីយ៉ាន់ម៉ា ។

ដោយឡែកកីឡាករ In Yong ធ្លាប់បង្ហាញវត្តមាន ក្នុងលីកកំពូលកម្ពុជា មួយរដូវកាលមកហើយ ជាមួយនឹងក្លឹបណាហ្គាវើល កាលពីឆ្នាំ២០១៤ ។ ប៉ុន្ដែក្រោយមក គេបានចាកចេញពី កម្ពុជា ទៅបន្ដអាជីពជាមួយក្លឹប CD Ciudad Real នៃប្រទេសអេស្ប៉ាញ ។ សម្រាប់វិលត្រឡប់មកលេង ក្នុងលីកកំពូលកម្ពុជា ជាលើកទី២នេះ In Yong នឹងត្រូវពាក់អាវ លេខ៧ លេងក្នុងមុខតំណែងជា ខ្សែប្រយុទ្ធទៀតផង ។

ជាមួយនឹងការចាប់អាជីពបាល់ទាត់ ជាច្រើនប្រទេស រហូតវិលត្រឡប់ មកលេងឲ្យ ក្លឹបភ្នំពេញក្រោន ដែលជាក្រុមការពារ តំណែងជើងឯក លីក កំពូលកម្ពុជា រដូវកាលថ្មីនេះ In Yong បានលើកឡើងថា ឪពុកម្តាយលោក ចង់ឲ្យលោក មានបទពិសោធន៍ លេងនៅក្រៅប្រទេស ឲ្យបានច្រើន ដូចនេះទើបលោក ធ្វើដំណើរជាច្រើនប្រទេស រៀនបានច្រើន ពីក្លឹបនីមួយៗ ដែលជួយឲ្យខ្ញុំ រីកចម្រើនក្នុងការប្រកួត ។ ម្យ៉ាងលោកក៏ចូលចិត្ត វិស័យបាល់ទាត់ ក្នុងប្រទេសកម្ពុជាដែរ ហើយការវិលត្រឡប់នេះ លោកសង្ឃឹមថា នឹងជួយភ្នំពេញក្រោន ឲ្យទទួលបាន លទ្ធផលល្អ ជាមិនខាន ៕

ភ្នំពេញក្រោន ចុះកុងត្រាជាមួយកីឡាករកូរ៉េ ២រូបព្រមគ្នា ដើម្បីពង្រឹងសមត្ថភាពក្រុមបន្ថែម