អគ្គនាយកដ្ឋាន​ពន្ធដារ និង​សហគ្រាស​សហប្រតិបត្តិការ​សិង្ហ​បុរី​ចុះហត្ថលេខា​លើ​អនុស្សរណៈ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង "​អគ្គនាយកដ្ឋាន​ពន្ធដារ និង​សហគ្រាស​សហប្រតិបត្តិការ​សិង្ហ​បុរី​” កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក Kong WyMun ជានា​យក​ប្រតិបត្តិ​នៃ​សហ​គ្រាស​​​សហប្រតិបត្តិការ​សិង្ហ​បុរី (Singapore Cooperation Enterprise) និង​មានការ​ចូលរួម​ពី​ឯកឧត្តម លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ត្រី​ដែល​ពាក់​ព័ន្ធ ព្រមទាំង​គណៈប្រតិភូ​របស់​សហគ្រាស​សហប្រតិបត្តិការ​សិង្ហ​បុរី ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា សហគ្រាស​សហប្រតិបត្តិការ​សិង្ហ​បុរី (Singapore Cooperation Enterprise) គឺជា​ភ្នាក់ងារ​ដែល​បង្កើត​ឡើង​ដោយ ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​ក្រសួងការបរទេស របស់​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​សឹ​ង្ហ​បុរី ។ តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា និង​សហគ្រាស​សហប្រតិបត្តិការ​សិង្ហ​បុរី​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ​លើ​វិស័យ​ពន្ធដារ​សម្រាប់​ឆ្នាំ​២០១៦ នេះ​តទៅ ដោយ​ផ្តោត​លើ​គោលដៅ​ចម្បង ២ គឺ​៖(១)​ការ​ចែករំលែក​បទ​ពិសោធន៍​នៃ​ឧត្ត​មា​នុ​វត្ត​ន៍ (Best Practice) លើ​វិស័យ​ពន្ធដារ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​បច្ចេកវិទ្យា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​មាន​ប្រសិទ្ធភាព​រដ្ឋបាល​សារពើពន្ធ និង​(២) ការ​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។

លោក​ប្រតិភូ​រាជរដ្ឋាភិបាល សង្ឃឹម​នឹង​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​នេះ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា បន្ថែម​លើ​អ្វី​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​នឹង​កំពុង​ធ្វើ ជា​ពិសេស​កំណែ ទម្រង់​រដ្ឋបាល​សារពើពន្ធ​ស្រប​តាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល (RMS) និង​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ (PFM) ដើម្បី​ធានា​បាន​នូវ​ចីរភាព​កំណើន​ចំណូល​ពន្ធ ។ ប ន្ថែ​ម​ពី​នេះ​ទៀត លោក​រំពឹង​​ថា កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​នេះ នឹង​ក្លាយជា​វប្បធម៌​ការងារ​ដ៏​ទូលំទូលាយ និង​គ្រប់​ជ្រុងជ្រោយ ដែល​អាច​ជា​គំរូ​ដ៏​ល្អ​មួយ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ដៃគូ​អន្តរជាតិ​ផ្សេង​ៗ​ទៀត​នា​ពេល​អនាគត​ផង​ដែរ ។

លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ការងារ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​ជូនពរ ឯកឧត្តម លោក លោកស្រី ទាំងអស់​សូម​ប្រកប​នឹង​ពុទ្ធិ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ទាំង​ក្នុង​ការងារ និង​ក្រុម​គ្រួសារ ជា​ពិសេស​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​កាន់តែ​កៀក​ចូល​មក​ដល់​នេះ ៕