អតីត​អ្នក​បុរីកីឡា​​ខាន​ដាក់​លិខិត​ទាមទារ​សំណង​បន្ថែម​ពី​សាលា​ក្រុង

អតីត​ពលរដ្ឋ​សហគមន៍​បុរីកីឡា មក​ពី​តំបន់​ភ្នំបាត ជាង ៥០​នាក់ នាំ​គ្នា​ទៅ​ដាក់​លិខិត​ទាមទារ​ប្រាក់​សំណង​បន្ថែម​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋសភា បន្ទាប់​ពី​ខកខាន​មិន​បាន​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា។

តំណាង​សហគមន៍​បុរីស្រះពោធិ៍ គឺ​លោកស្រី ខៀវ ឡៃ ថ្លែង​ថា សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ បាន​រារាំង​មិន​ទទួល​លិខិត​ពី​ពួកគាត់​នោះ​ទេ ដោយ​សំអាង​ថា សាលា​រាជធានី​មាន​ពិធី​សម្ពោធ​អគារ​ដោយ​មាន​ការ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី។ លោកស្រី​បន្ត​ថា មាន ២​ចំណុច​ដែល​អ្នក​រស់​នៅ​ភ្នំបាត ទាមទារ​នៅ​ពេល​នេះ គឺ​ទាមទារ​ឲ្យ​ពួកគាត់​បាន​ទៅ​រស់​នៅ​ភូមិ​អណ្ដូង ដូច​អ្នក​បុរីកីឡា មួយ​ចំនួន​ដែល​ទទួល​បាន​សំណង​កាល​ពី​ពេល​ថ្មីៗ រួម​មាន​បាន​ផ្ទះ​ ឬ​លុយ ៥.០០០​ដុល្លារ បើ​ពុំ​នោះ​ទេ ពួកគេ​ទាមទារ​សំណង ១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រួសារ ជា​ថ្នូរ​នឹង​ការ​បន្ត​រស់​នៅ​តំបន់​ភ្នំបាត ដដែល។

លោកស្រី ខៀវ ឡៃ៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​រដ្ឋាភិបាល​គាត់​មាន​ឆន្ទៈ​គាត់​យល់​ពួក​ខ្ញុំ ត្រូវ​តែ​ជួយ​ដោះស្រាយ​ពួក​ខ្ញុំ​ដោយសារ​ពី​មុខ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ថា បើ​សិន​ជា​ពួក​ខ្ញុំ​អត់​ចេញ​គេ​ឈូស​ឆាយ​ពួក​ខ្ញុំ​ហើយ ដូច​គេ​គិត​មែន។ ពួក​ខ្ញុំ​ទៅ​នេះ ដោយសារ​យក​កន្លែង​នៅ​សិន ឱកាស​ល្អ​ខ្ញុំ​នឹង​ទាមទារ​សំណង​បន្ថែម ចាំ​មើល​រចនាសម្ព័ន្ធ​របស់​គាត់​យូរ​កាន់​តែ​អត់​ទៅៗ។ រដ្ឋាភិបាល​បាន​ឃើញ​ពួក​ខ្ញុំ​មាន​ទុក្ខ​លំបាក​ខ្លាំង​បាន​ជា​ដាច់​ចិត្ត​មក​ទារ​ប្រាក់​សំណង​បន្ថែម»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​ពី​២០១២ ពលរដ្ឋ​រស់​នៅ​តំបន់​បុរីកីឡា មួយ​ចំនួន​ត្រូវ​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន​ដើម្បី​យក​ទីតាំង​ធ្វើ​ការ​អភិវឌ្ឍ។ អតីត​អ្នក​បុរីកីឡា ចំនួន ១៤០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​នៅ​តំបន់​ភ្នំបាត ត្រង់​ចំណុច​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ខ្លះ​ត្រូវ​យក​ទៅ​ដាក់​នៅ​ឯ​ទួលសំបូរ ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ។

ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​ចាត់​ថា ការ​លំបាក​របស់​ពួកគាត់​រាល់​ថ្ងៃ​គឺ​ផ្ដើម​ចេញ​ពី​​ការ​អភិវឌ្ឍ​ដែល​គ្មាន​យុត្តិធម៌ មិន​មាន​តម្លាភាព និង​ការ​អភិវឌ្ឍ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​រដ្ឋាភិបាល គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ធ្វើ​អោយ​ពួកគាត់​បាត់បង់​ផ្ទះ​សម្បែង គ្រួសារ និង​មុខ​របរ។

ទោះ​ជា​យ៉ាង​ណា អតីត​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង​នោះ គ្រោង​នឹង​ជួប​ជុំ​គ្នា​ម្ដង​ទៀត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។