អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ឆ្នាំ​ថ្មី

មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ និង​វិស័យ​ឯកជន ជួប​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ រយៈពេល ១០​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២៥ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រតិបត្តិករ​ទេសចរ មិន​ជំទាស់​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​រដ្ឋាភិបាល ឬ​ក្រសួង​ទេសចរណ៍ ទេ ប៉ុន្តែ​ស្នើ​ឲ្យ​ផែនការ​អភិវឌ្ឍន៍​នេះ​ស្មើ​ភាព​គ្នា​ទាំង​អាជីវករ​តូចតាច អ្នក​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​ធន។

ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ លោក នូ សុផល មាន​ប្រសាសន៍​ថា ស្រប​ពេល​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​បន្ត​កើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍ ក៏ដូចជា​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​នា​ខេត្ត​ព្រះសីហនុ កំពុង​រក​យុទ្ធសាស្ត្រ​កែលំអ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​នា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែ​មេសា លោក នូ សុផល បាន​លើក​យក​បញ្ហា​ប្រឈម​មួយ​ចំនួន​ដាក់​ជូន​មន្ត្រី​តាម​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រតិបត្តិករ​ទេសចរ​ចូលរួម​សហការ​កែលំអ។ បញ្ហា​ទាំង​នោះ​មាន​ដូចជា ការ​គ្រប់គ្រង​កាក​សំណល់​រឹង​រាវ​គ្រប់​ប្រភេទ​មិន​ទាន់​បាន​ល្អ មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ឬ​អាង​ច្រោះ​ទឹក​ស្អាត​ត្រឹមត្រូវ ការ​បំផ្លាញ​បរិស្ថាន​ឆ្នេរ និង​កោះ​បាន​បន្ត​កើត​មាន ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន​ភ្ញៀវ​ទាំង​តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​គ្មាន​ចំណត​ឲ្យ​បាន​ត្រឹមត្រូវ សំណង់​មួយ​ចំនួន​ត្រូវ​គេ​សង់​រំលោភ​លើ​ចំណី​ឆ្នេរ និង​កោះ​ដោយ​ខុស​ច្បាប់ និង​ខុស​បទដ្ឋាន​បច្ចេកទេស ព្រម​ទាំង​ការ​កំណត់​តម្លៃ​សេវា​ស្នាក់នៅ ដឹក​ជញ្ជូន និង​សេវា​ចំណី​អាហារ​មិន​ទាន់​បាន​ល្អ ជាដើម។ ជាង​នេះ​ទៀត បញ្ហា​អសន្តិសុខ និង​ការ​លក់​ដូរ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​លើ​ឆ្នេរ​សមុទ្រ ក៏​ជា​បញ្ហា​ប្រឈម​ដែល​ត្រូវ​កែលំអ ឬ​ដាក់​ចូល​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ១០​ឆ្នាំ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​នេះ​ដែរ។

លោក នូ សុផល ថ្លែង​ថា៖ «មិន​ទាន់​មាន​ធុង​សំរាម​គ្រប់គ្រាន់ មិន​ទាន់​មាន​ការ​ដឹក​ជញ្ជូន​សំរាម​ឲ្យ​បាន​ទៀងទាត់។ ការ​ដំឡើង​តម្លៃ​សេវា​ម្ហូប​អាហារ​ខ្ពស់​នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន​ម្តងៗ។ បញ្ហា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​តាម​ឆ្នេរ ដូចជា​ការ​ដាក់​តុ​កៅអី​គ្មាន​សណ្ដាប់ធ្នាប់​នៅ​លើ​ឆ្នេរ​លើ​ដី​ខ្សាច់ ជាដើម នាំ​ឲ្យ​បាត់បង់​នូវ​សោភណភាព​ឆ្នេរ មិន​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​សម្រាក ឬ​ដេក​សំដិល​ថ្ងៃ​នៅ​លើ​ឆ្នេរ​បាន។ បញ្ហា​សុវត្ថិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តាម​ឆ្នេរ។ ក្មេង​សុំ​ទាន អ្នក​ដើរ​ម៉ាស្សា ឬ​ទូក​គ្មាន​ចំណត​ជាដើម គឺ​ជា​បញ្ហា​ប្រឈម​លើ​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​កែលំអ»

ទាក់ទិន​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ឈិន សេងងួន ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​បង្ហាញ​ទស្សនៈ​ថា ដើម្បី​សម្រេច​បាន​ជោគជ័យ​លើ​ផែនការ​យុទ្ធសាស្ត្រ​កៀរគរ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​កើន​ច្រើន​ថែម​ទៀត ទាល់​តែ​មាន​ការ​ចូលរួម​សហការ​ពី​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រតិបត្តិករ​ទេសចរ​ឲ្យ​បាន​ស្រុះ​គ្នា។ លោក​បន្ត​ថា ការ​សម្អាត​បរិស្ថាន​ឆ្នេរ និង​សេវា​បម្រើ​ទាំង​ការ​ដឹក​ជញ្ជូន ស្នាក់នៅ និង​អាហារ​ទទួល​ទាន គឺ​ត្រូវ​តែ​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ ក្នុង​នោះ​បញ្ហា​សុវត្ថិភាព ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទាំង​នៅ​លើ​ដី​គោក និង​លើ​កោះ ជាដើម។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​ត្រូវ​មន្ត្រី​មន្ទីរ​ទេសចរណ៍ អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា មិន​ជំទាស់​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ ឬ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​ទេ ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​ដែល​បង្ហាញ​ក្នុង​ប្លង់ គឺ​មាន​តែ​ឆ្នេរ​ខ្សាច់ និង​មិន​មាន​ដាំ​ដើម​ឈើ​នៅ​តាម​ឆ្នេរ​ច្រើន​ទេ។ លោក ប៊ួន ណារិទ្ធិ ស្នើ​រដ្ឋាភិបាល ឬ​ក្រសួង​ទេសចរណ៍ ពិចារណា​ដាំ​ដើម​ឈើ​ឲ្យ​បាន​ច្រើន​នៅ​តាម​ឆ្នេរ ដើម្បី​ធ្វើ​ជា​ម្លប់​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ឲ្យ​បាន​ច្រើន ស្រប​តាម​ផែនការ​កែន​គរ​កំណើន​ភ្ញៀវ​ទេសចរ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ៖ «ប្លង់​ឆ្នេរ​ថ្មី​ដែល​គ្រោង​បង្កើត​នៅ​តាម​ឆ្នេរ​អូរត្រេះ និង​ឆ្នេរ​អូរឈើទាល គឺ​ហាក់​ដូចជា​មិន​សមស្រប​ទៅ​នឹង​សកម្មភាព​ជាក់ស្តែង​នៅ​ខេត្ត​ព្រះសីហនុ ទេ គឺ​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​នេះ​មាន​តែ​វាល​ខ្សាច់ ប៉ុន្តែ​មិន​សូវ​ឃើញ​មាន​ដាំ​ដើម​ឈើ​ឲ្យ​បាន​ច្រើន​សម្រាប់​ជា​ម្លប់ ឬ​ជា​រនាំង​បាំង​ខ្យល់​បោក​បក់​នោះ​ទេ»

ចំណែក​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ទិត ចន្ថា មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល គឺ​ត្រូវ​ជំរុញ​ឲ្យ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ ជាពិសេស​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជំរុញ​អភិវឌ្ឍ​តំបន់​នេះ​ជា​តារា​រះ​នា​ទិស​និរតី។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង ក្នុង​ការ​រួម​ចំណែក​ជំរុញ​សេដ្ឋកិច្ច​បៃតង។ ទេសចរណ៍ គឺ​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម នាំ​មក​នូវ​ប្រាក់​ចំណូល ឱកាស​ការងារ និង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ពិសេស​រួម​ចំណែក​រក​ចំណូល​ថវិកា​ជាតិ​ជាង ១០​ភាគរយ​នៃ​ចំណូល​ជាតិ​សរុប​កាល​ពី​ឆ្នាំ​២០១៥៖ «ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ចាំបាច់​ត្រូវ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ហើយ​តម្រូវ​ឲ្យ​មាន​ផែនការ​យុទ្ធសាស្ត្រ វិធានការ និង​សកម្មភាព​សំខាន់ៗ​ជាច្រើន ដើម្បី​ជំរុញ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ នេះ»

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣៦​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ​ជាង ១​លាន ២​សែន​នាក់ គឺ​កើន​ឡើង ២០​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ) មាន​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រ​ថ្លា ឆ្នេរ​រាក់ ទឹក​ធ្លាក់ ផ្កា​ថ្ម ឧទ្យាន​ជាតិ និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។