កម្មវិធី មុខរបរខ្ញុំ របស់ទូរទស្សន៍ ភីអិនអិន បង្រៀនរបៀបធ្វើជំនួញ ដល់បេក្ខជន និង អ្នកទស្សនា

ភ្នំពេញ៖  កម្មវិធី មុខរបរខ្ញុំ របស់ស្ថានីយទូរទស្សន៍ភីអិនអិន ជាកម្មវិធីកម្សាន្តដ៏មានប្រយោជន៍ និងពេញនិយមសម្រាប់ទស្សនិកជន ដែលចង់ចាប់ផ្ដើមមុខរបរថ្មី។ 

កម្មវិធីនេះផ្សាយជូនទស្សនាតាមកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងម៉ោងមាស ចាប់ពីម៉ោង ៨យប់ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដោយយើងអញ្ជើញវាគ្មិន ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់មក ចែករំលែកបទពិសោធន៍ និងបង្ហាត់បង្ហាញមុខជំនាញ ទាំងនោះដល់បេក្ខជននិងអ្នកទស្សនា។

សម្រាប់ថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍នេះ យើងបានអញ្ជើញអ្នកជំនាញផ្នែកលក់ (ទំនិញនិងសេវាកម្ម) មកធ្វើជាវាគ្មិន ហើយនៅថ្ងៃព្រហស្បតិ៍ យើងនឹងអញ្ជើញប្រធានផ្នែកម្ហូប និងសេវាកម្ម និង មេចុងភៅដ៏ចំណានមួយរូបមកបង្ហាត់បង្ហាញ អំពីវិធីចម្អិនអាហារ។

នៅថ្ងៃសុក្រ យើងនឹងរៀបចំការបោះ ឆ្នោតជម្រុះប្រចាំសប្ដាហ៍ ដើម្បីសម្រាំងយកបេក្ខជនណា ដែលត្រូវនៅ និងបេក្ខជនណាដែលត្រូវចាកចេញពីកម្មវិធី។ 

«កម្មវិធីនៅក្នុងសប្ដាហ៍នេះផ្ដោតសំខាន់លើការអប់រំ (ការរៀនជំនាញ) ហើយយើងនឹងរៀបចំការ ប្រឡងប្រជែងគ្នាទៀតផង។ នៅក្នុងឱកាសនេះ អ្នកជំនាញនឹងបង្ហាត់បង្ហាញដល់បេក្ខជន របស់យើង ហើយរង់ចាំមើលបេក្ខជន ទាំងនោះបង្ហាញសមត្ថភាពរបស់ពួកគាត់» នេះជាការគូសបញ្ជាក់របស់លោក ដែលកម្មវិធី មុខរបរខ្ញុំ របស់ស្ថានីយទូរទស្សន៍ភីអិនអិន គឺជាកម្មវិធីដែលថតអំពីជីវិតពិត ដែលផ្ដល់ជំនាញដល់បេក្ខជន ដែលចូលរួម ឲ្យចេះសហការគ្នាដើម្បីធ្វើឲ្យ មុខរបររបស់ពួកគាត់មានដំណើរការទៅមុខជានិច្ច។ មិនត្រឹមតែប៉ុណ្ណឹងទេ បេក្ខជនក៏អាចមានឱកាសឈ្នះទឹកប្រាក់ ៥០០០ ដុល្លារថែមទៀតផង។

នៅរៀងរាល់ចុងសប្ដាហ៍នីមួយៗ បេក្ខជនត្រូវឆ្លងកាត់ការជម្រុះ ដើម្បីសម្រាំងយកបេក្ខជនឆ្នើមប្រចាំសប្ដាហ៍។ បន្ទាប់មក គណៈកម្មការនឹងសម្រេចថា តើបេក្ខជនរូបណាត្រូវ ឆ្លងទៅវគ្គបន្ត និងបេក្ខជនណាខ្លះ ត្រូវចាកចេញពីកម្មវិធី។

យើងនឹងបោះឆ្នោតជម្រុះ រៀងរាល់ថ្ងៃសុក្រ លើកលែងតែសប្ដាហ៍មុន ដែលយើងបោះឆ្នោតជម្រុះ នៅថ្ងៃព្រហស្បតិ៍ វិញដោយសារមាន ការកែប្រែកម្មវិធី។ 

កាលពីសប្ដាហ៍មុន បេក្ខជនបានបោះឆ្នោតជម្រុះកញ្ញា ជិន ស្រីពៅ (Chin Srey Pov) ឲ្យចាក ចេញពីកម្មវិធី ហើយគណៈកម្មការ គឺលោក ទេព រិនដារ៉ូ ក៏បានសម្រេចទៅតាមសំឡេងឆ្នោតនោះ។ កញ្ញា ជិន ស្រីពៅ អាយុ២២ឆ្នាំ ជាបេក្ខជនមកពីរាជធានីភ្នំពេញ ត្រូវបេក្ខជនដទៃទៀត បោះឆ្នោតឲ្យចាកចេញពីកម្មវិធីនេះ ព្រោះពួកគេមើលឃើញថាកញ្ញានៅ មានការខ្វះខាតត្រង់ចំណុចខ្លះ ដែលមិនទាន់ឆ្លើយតប តាមការចង់បានរបស់លោកមេចុងភៅ។ នៅសប្ដាហ៍នេះ យើងនឹងរៀបចំការបោះឆ្នោត ជម្រុះនៅថ្ងៃសុក្រ។ កម្មវិធី មុខរបរខ្ញុំ របស់ស្ថានីយទូរទស្សន៍ភីអិនអិន ជាកម្មវិធីបង្ហាញពីជីវិតពិតៗ ព្រមទាំងផ្ដល់ ចំណេះដឹងល្អៗសម្រាប់ ប្រិយមិត្តទូរទស្សនិកជនខ្មែរ។ កម្មវិធីនេះក្រៅពីផ្ដល់ជូន លោកអ្នកនូវចំណេះជំនាញ ដើម្បីចាប់ផ្ដើមមុខរបរថ្មី វាថែមទាំងផ្ដល់ជូនអស់លោក អ្នកនូវការកម្សាន្តផងដែរ។ នៅក្នុងសប្ដាហ៍នេះ កម្មវិធី មុខរបរខ្ញុំ សូមបង្ហាញដល់បេក្ខជនអំពីវិធីចម្អិនអាហារ ក៏ដូចជារបៀបលក់ដូរអាហារថា តើគេត្រូវធ្វើយ៉ាងដូចម្តេច? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត