សំណួរ​ដែល​អ្នក​គួរ​សួរ​ពេទ្យ មុន​ពេល​សម្រាលកូន​ដោយ​វះកាត់​

សំណួរ​ដែល​អ្នក​គួរ​សួរ​ពេទ្យ មុន​ពេល​សម្រាលកូន​ដោយ​វះកាត់​

​មិនមែន​ស្ត្រី​គ្រប់គ្នា សុទ្ធតែ​មាន​សំណាង សម្រាលកូន​ធម្មតា ឬ​ដោយ​ធម្មជាតិ​ឡើយ​។ វា​អាច​ដោយសារតែ បញ្ហា​សុខភាព​របស់​ម្តាយ និង​កូន​ផ្ទាល់ ទើប​ត្រូវ​ការផ្លាស់ប្តូរ របៀប​សម្រាលកូន​មក​វះកាត់​វិញ​។ ការ​សម្រាលកូន​ដោយ​វះកាត់ អាចជា​រឿង​ត្រូវតែ​ធ្វើ​តែម្តង ក្នុង​ករណី​មួយ​ចំនួន​ដូចជា របើក​សុក កូន​ថប់ដង្ហើម ឈប់​ឈឺពោះ​សម្រាល ពេល​កំពុង​តែ​សម្រាល និង​មាន​អ្វី​ច្រើន​ទៀត​។ បើសិន​ជា​គ្រូពេទ្យ​ណែនាំ​ថា អ្នកត្រូវការ​សម្រាលកូន ដោយ​វះកាត់​ហើយ​នោះ អ្នក​ក៏​គួរតែ​មាន​សំណួរ ដែល​ត្រូវ​សួរ​គាត់​ទុកជា​មុន​សិន​ដែរ​។

តើ​ខ្ញុំ​ត្រូវការ​ពេល​សម្រាក យូរ​ប៉ុណ្ណា​ទៅ ក្រោយ​ពី​វះកាត់​រួច​?
ជាធម្មតា ការ​សម្រាលកូន​ដោយ​វះកាត់ ត្រូវការ​សម្រាក​យ៉ាងហោចណាស់ ៦ សប្តាហ៍​ដែរ​។ យ៉ាងណាមិញ មាន​ករណីខ្លះ អាច​យូរ​ជា​នេះ​ទៅទៀត​។ ដូច្នេះ អ្នក​គួរតែ​សួរ​គ្រូពេទ្យ អំពី​ពេលវេលា ដែល​តម្រូវ​ឲ្យ​អ្នកសម្រាក ក្រោយ​ពី​ចេញ​ពី​មន្ទីរ​។ ចំពោះ​ម្តាយ​ដែល​ធាត់​ជ្រុល មាន​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ ប្រហែល​ជា​ត្រូវការ​សម្រាក យូរ​ជាង​ម្តាយ​ធម្មតា​។

​តើ​ខ្ញុំ​អាច​បំបៅ​ដោះកូន​បានទេ​?
ជាទូទៅ អ្នក​នឹង​អាច​បី​កូន​បាន នៅ​រយៈពេល​ពីរ​ថ្ងៃ ក្រោយ​ពី​សម្រាលកូន​រួច ព្រោះ​វា​ជា​ពេលវេលា ដែល​ថ្នាំស្ពឹក​អស់​ប្រសិទ្ធភាព​។ ក្នុង​ពេល​នេះ​ដែរ កូន​អ្នក​អាច​នឹង​ត្រូវការ បៅ​ទឹកដោះគោ​ម្សៅ​សិន​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​បារម្ភ អំពី​ការ​បំបៅ​ដោះ​កូន​នោះ ចូរ​សុំ​ឲ្យ​គ្រូពេទ្យ ធ្វើយ៉ាងណា ច្របាច់​ទឹកដោះ ដើម្បី​បំបៅ​ដោះកូន​ក៏បានដែរ​។

តើ​ខ្ញុំ​ត្រូវការ ការថែទាំ​អ្វី​ពិសេស​ដែរ​ទេ ដើម្បី​ចៀសវាង​ការ​ឈឺពោះ​?
យក​ល្អ អ្នក​គួរតែ​ធ្វើយ៉ាងណា រក្សា​សម្ពាធ​ក្នុង​ពោះ ឲ្យបាន​តិច​បំផុត ព្រោះ​វា​ជា​ពេលវេលា ដែល​ត្រូវការ​ឲ្យ​សរីរាង្គ ក្នុង​ពោះ​ជា​វិញ​។ បើសិន​ជា​អ្នក ប្រញាប់​ធ្វើ​ការងារ​ធ្ងន់ ក្នុង​ផ្ទះ​វិញ​នោះ ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន​ថា អាច​ចាប់ផ្តើម ឬ​អត់​។ ចូរ​ចាំ​ថា ការដាក់​សម្ពាធ លើ​សាច់ដុំ​ពោះ​លឿន​ពេក អាច​ប្រឈម​នឹង​ក្លិន ឬ​លៀន​សរីរាង្គ តាម​កន្លែង​វះកាត់​បាន​។

តើ​ការចាក់​ថ្នាំ​ស្ពឹក នៅ​ឆ្អឹងខ្នង អាច​ធ្វើឲ្យ​ខ្ញុំ មាន​បញ្ហា​ខ្នង នៅ​ថ្ងៃក្រោយ​ទេ​?
ការ​សម្រាលកូន​ដោយ​វះកាត់ ច្រើន​តែ​ធ្វើ​ជាមួយ​នឹង ការចាក់​ថ្នាំស្ពឹក​នៅ​ឆ្អឹងខ្នង​។ ខណៈពេល​ដែល​វា មិន​មាន​ផល​រំខាន​ដូចៗ​គ្នា​នោះ តែ​គ្រូពេទ្យ​មួយចំនួន បាន​ព្រមាន​ថា វា​អាច​នឹង​មាន ការឈឺ​ខ្នង​នៅ​ថ្ងៃក្រោយ​ដែរ​។

តើ​ខ្ញុំ​អាច​ប្រើប្រាស់ វិធី​ពន្យារកំណើត​អ្វី​បាន​ទៅ​?
អ្នក​នឹង​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ត្រូវការ​តម​ការរួម​ភេទ យ៉ាងហោចណាស់ ៦ សប្តាហ៍ ក្រោយ​ពី​សម្រាល​រួច​។ ប៉ុន្តែ អ្នក​អាច​ប្រើ​វិធី​ពន្យារកំណើត ដោយ​ការដាក់​កង​ក្នុង​ស្បូន​ក៏​បាន​ដែរ ហើយ​អ្នក​ក៏​អាច​ពិភាក្សា អំពី​វិធី​ពន្យារកំណើត​ផ្សេងៗ​ទៀត ជាមួយ​គ្រូពេទ្យ​បានដែរ​។

តើ​ខ្ញុំ​អាច​ហាត់ប្រាណ​បាន​ដែរ​ទេ ក្រោយ​ពី​សម្រាលកូន​ដោយ​វះកាត់​រួច​?
គ្រូពេទ្យ​មិនដែល​ហាម អំពី​រឿង​នេះ​ឡើយ​។ យ៉ាងណាមិញ យក​ល្អ គួរតែ​ពិភាក្សា​ជាមួយ​គាត់​ថា ការ​ហាត់ប្រាណ​បែបណា ដែល​សាក​សម​សម្រាប់​អ្នក ហើយ​អ្នក​គួរតែ​ធ្វើ​ដូចម្តេច​។ អ្វី​ដែល​ល្អ​បំផុត​នោះ គឺ​ការ​សម្រក​ទម្ងន់​សិន​។

តើ​ពោះ​ខ្ញុំ​អាច​ស្រក​ខ្លាញ់​បានទេ​?
សំណួរ​នេះ ស្តាប់​ទៅ​ដូច​ជា​ល្ងង់​ហើយ ប៉ុន្តែ រឿងនេះ គ្រូពេទ្យ​នឹង​អាច​ប្រាប់​អំពី វិធី​ហាត់ប្រាណ ឬ​ការព្យាបាល​ផ្សេងៗ ដែល​ជួយ​ឲ្យ​ក្បាលពោះ​សំប៉ែត​វិញ​។ ស្ត្រី​ភាគច្រើន នឹង​មាន​សភា​ពរាងកា​យ​ល្អ ដូច​មុន​ក្រោយ​ពី​សម្រាលកូន បាន​ពីរ​បី​សប្តាហ៍​ហើយ​។ យ៉ាងណាមិញ មិនមែន​មានន័យថា ស្ត្រី​គ្រប់​គ្នា​សុទ្ធតែ​អញ្ជឹង​ឡើយ​។ បញ្ហា​រូបរាងកាយ ក៏​អាច​ជា​ដើមហេតុ កើត​ជំងឺ​បាក់​ទឹកចិត្ត ក្រោយ​សម្រាលកូន​ដែរ​។

តើ​ស្នាមរបួស នឹង​បាត់​ទៅ​វិញ​ដែរ​ទេ​?
ចម្លើយ​ដែល​អាច​និយាយបាន​នោះ​គឺ ទេ​។ ប៉ុន្តែ បើសិន​ជា​អ្នក​គិតថា មាន​ការព្យាបាល​អ្វី ដែល​ពិសេស​នៅ​កន្លែង​ណាមួយ​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​រឿង​នេះ​ទៅ​។

ពេល​មាន​កូន​លើក​ក្រោយ តើ​ខ្ញុំ​នឹង​ត្រូវ​សម្រាល ដោយ​វះកាត់​អញ្ជឹង​ដែរ​ឬទេ​?
បើសិន​ជា​អ្នក មាន​គម្រោង​យក​កូន​ទី​ពីរ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា អាច​ធ្វើ​ដូចម្តេច ដើម្បី​កាត់បន្ថយ​ឱកាស សម្រាល​ដោយ​វះកាត់​ម្តងទៀត​។ ពេលនោះ គ្រូពេទ្យ​នឹង​អាច​ឲ្យ​ជា ដំបូន្មាន​មួយចំនួន​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។