ពលរដ្ឋ​ជីកដី​ធ្វើ​អាង​ក្រពើ ប្រទះ​ឃើញ​រូប​បដិមាករ

ខេត្តសៀមរាប ៖ ពលរដ្ឋរ​បាន​ជីកដី​ធ្វើ​អាង​ក្រពើ បាន​ប្រទះ​ឃើញ​រូប​បដិមាករ ដែល​បាន​កប់​នៅ​ក្នុង​ដី បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​ប្រាសាទបាគង គេ​បាន​នាំ​គ្នា​សន្និដ្ឋាន​ថា ខ្លះ​ជា​សំ​រិ​ទ្ធ ឯ​អ្នកខ្លះ​ថា​ជា​ស្ពាន់ រួច​ប្រគល់​ឱ្យ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​រក្សា​ទុក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​ក្រុម​ប្រពល​រដ្ឋ​ដែល​នាំ​គ្នា​មក​ចោមរោម​មើល​ហេតុ​ការ​នេះ បាន​និយាយ​ថា  រូប​បដិមាករ​ដែល​ពលរដ្ឋ​ជីកដី ដើម្បី​ធ្វើ​អាង​ក្រពើ ខណៈ​ប្រទះ​ឃើញ​នេះ អ្នកខ្លះ​ថា រាង​ដូច​សំ  រិ​ទ្ធ បន្តិច ស្ពាន់​បន្តិច​។​ប្រភព​ពី​ពលរដ្ឋ​បាន​បន្ត​ថា នេះ​សំណាង​ហើយ​ប៉ះ ចំ​ពលរដ្ឋ​ស្លូតត្រង់​តែ ដែល​ជា​ម្ចាស់ផ្ទះ បាន​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត បើ​ចំ​អ្នក​ខូចខិល​វិញ​ប្រាកដជា​យក​ទៅ​លក់​បាត់​ហើយ ។ លោក​វរសេនីយ៍ទោ មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ ថា ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅផ្ទះ​អ្នក​ភូមិ​ខាងលើ​ម្នាក់​មានឈ្មោះ អន ផា ដែល​គាត់​បាន​ជីកដី ដើម្បី​ធ្វើ​អាង​ក្រពើ​ស្រាប់តែ​ប្រទះ​ឃើញ រូប​បដិមាករ​មួយ​នេះ​តែ​ម្តង ។

លោក​បន្ត​ថា រូប​បដិមាករ​នេះ​ប្រភេទ​ស្ពាន់​កម្ពស់​៣​តឹក ទម្ងន់​១​គីឡូ​នឹង​៧​ខាំ ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​រូប​បដិមាករ​មួយ​នេះ កំពុង​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ដើម្បី​រង់ចាំ​ខាង​មន្ទីរ​ជំនាញ ឬ​មន្ទីរ​វប្បធម៌​មក​ទទួលយក​ទៅ​ថែរក្សា​បន្ត ។ គួរ​រំលឹក​ផង​ដែរ មាន​ក្រុម​ឈ្មួញ ដែល​ធ្លាប់​ដើរ​រក​ទិញ​វត្ថុ​បុរាណ តែងតែ​ធ្លាប់​រកស៊ី​ជួញដូរ​វត្ថុ​បុរាណ​នោះ ប្រសិ​ន​បើ​បានឃើញ ពិតជា​មាន​អ្ន​ស្រក់ទឹកមាត់ ចង់​ទិញ យក​ទៅ​លក់​នៅ​ទីផ្សារ ឯ​ក្រៅប្រទេស​ជាក់​ជា​ពុំខាន ផង​ដែរ ៕