មាន​ឪពុក ពូកែ​លេងសើច កូន​នឹង​សំណាង​មួយ​ជីវិត​

មាន​ឪពុក ពូកែ​លេងសើច កូន​នឹង​សំណាង​មួយ​ជីវិត​

១. ជា​មិត្ត​ដ៏​ល្អ របស់​កូនៗ​
​ពេល​នៅ​ក្មេង អ្នកត្រូវការ​មិត្តភក្តិ ប៉ុន្តែ ពេល​កាន់តែ​ធំ អ្នក​កាន់តែ​ពិបាក ស្វែងរក​មិត្ត ពីព្រោះ អ្នក​មិន​ដឹង​ថា មិត្ត​ណា​ល្អ មិត្ត​ណា​អាក្រក់ ពិតប្រាកដ​ឡើយ​។​ ​អញ្ចឹង បើ​អ្នក​មាន​ឪពុក ដែល​ចូលចិត្ត​លេង​ច្រើន នោះ​អ្នក​នឹងមាន​មិត្ត ដ៏​ស្មោះត្រង់ និង​ល្អ​បំផុត ក្នុង​ជីវិត​របស់​អ្នក​។ ឪពុក នឹង​នៅ​ក្បែរ​អ្នក គ្រប់​ពេល​ដែល​អ្នកត្រូវកា​រ និង​ជួប​ទុក្ខលំបាក​។​

២. លេងសើច ប៉ុន្តែ ម៉ឺងម៉ាត់​
​អ្នកខ្លះ​គិតថា ឪពុក​លេងសើច​ច្រើន កូន​មិន​សូវ​ខ្លាច ឬ​ស្តាប់បង្គាប់​ឡើយ​។ ប៉ុន្តែ អ្នក​គិត​ខុស​ហើយ ពេល​មាន​បញ្ហា​ធំដុំ ឪពុក​បែបនេះ កម្រ​នឹង​លេងសើច​ណាស់ ហើយ​ទោះបីជា​ប្រដៅ​កូន រាល់​ពាក្យពេចន៍​គ្រប់យ៉ាង គឺ​សុទ្ធតែ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​។​

៣. បង្រៀន​អ្នក ឲ្យ​ស្គាល់​ផ្លូវកាត់​
​ពាក្យចាស់​ពោល​ថា “​ផ្លូវ​វៀច កុំ​បោះបង់ ផ្លូវត្រង់ ឲ្យ​យក​”​។ ម្តាយ​គ្រប់រូប តែងតែ​ចង់ឲ្យ​កូន ធ្វើ​ល្អ និង​ត្រឹមត្រូវ មួយរយ​ភាគរយ ប៉ុន្តែ ឪពុក​លេងសើច​ច្រើន ពេលខ្លះ អាច​នឹង​បង្រៀន​កូន នូវ​វិធី​កាត់ៗ ដើម្បី​រីករាយ និង​ឆាប់​ដល់​គោលដៅ​។​

មាន​ឪពុក ពូកែ​លេងសើច កូន​នឹង​សំណាង​មួយ​ជីវិត​

៤. ធ្វើ​ម្ហូប និង​ការងារ​ប្លែកៗ ដែល​កូន​ចូលចិត្ត​
​ម្ហូប​ដែល​ម្តាយ​អ្នកធ្វើ ប្រហែលជា​មិន​ឆ្ងាញ់ ដូច​ឪពុក​អ្នក​ចម្អិន​ឡើយ ហេតុ​អ្វី​ទៅ​? ពីព្រោះ ឪពុក​ចេះ​អ្វី​ដែល​ប្លែកៗ ហើយ​គួរឲ្យ​ចាប់អារម្មណ៍​។ ពេលខ្លះ បើ​ម្តាយ​អ្នក​មិន​ឲ្យ​ញ៉ាំ​ស្ករ​គ្រាប់ ច្បាស់​ណាស់ ឪពុក​កំហូច​ម្នាក់នេះ នឹង​លួច​ឲ្យ​អ្នក​ញ៉ាំ ហើយ​ធ្វើ​មិនដឹង ជា​មិនខានឡើយ​។ យ៉ាងណាមិញ ឪពុក​ដែល​លេងសើច ច្រើន​តែ​ចូលចិត្ត​ដាំ​បន្លែ ដាំ​ផ្កា និង​ចិញ្ចឹមសត្វ ដែល​នេះ​ហើយ គឺជា​បេះដូង​របស់​ក្មេង​តូចៗ​។​

៥. រក្សា​ការសម្ងាត់​របស់​អ្នក​
​កូនក្មេង តែងតែ​មានក្តី​ប្រាថ្នា​ច្រើន ប៉ុន្តែ បែប​ឡប់ៗ ហើយ​ពេល​ខ្លះ បើ​អ្នក​ដ៏​ទៃ យកក្តី​ប្រាថ្នា​របស់គេ មក​ចំអន់ ឬ​បង្អាប់ ច្បាស់​ណាស់ កូនក្មេង នឹង​បាក់​ទឹកចិត្ត ប៉ុន្តែ ឪពុក​ល្អ ដឹង​ច្បាស់​អំពី​រឿងនេះ ហើយ​មិន​អាច​និយាយ វា​ចេញ​ឡើយ ពីព្រោះ​គាត់​ដឹងថា ការសម្ងាត់​របស់​កូន ទោះបីជា​តូច ឬ​ធំក្តី វា​ពិតជា​មាន​តម្លៃ​ណាស់​។​

៦. បង្រៀន​អ្នក ពី​ការធ្វើ​ជា​ឪពុក​ម្តាយ​ល្អ​
​បើ​អ្នកធំ​គ្រប់គ្រាន់ ហើយ​អាច​និយាយ​ស្តាប់​គ្នា​បាន អ្នក​ពិតជា​ចង់បាន ទីប្រឹក្សា​ដ៏​ល្អ​ម្នាក់ ក្នុង​ជីវិត​រស់នៅ​។ ឪពុក​ដែល​លេង​ច្រើន តែងតែ​ដឹង​ចិត្ត​របស់​កូន ហើយ​នឹង​បង្រៀន​កូន​គ្រប់​យ៉ាង ដោយ​ឥត​ខ្មាស់អៀន ពី​បែបបទ​ជីវិត និង​ការធ្វើជា​ឪពុក​ម្តាយ​គេ​។​

៧. លើកទឹកចិត្ត​ឲ្យ​អ្នក ជឿ​ទុកចិត្ត​លើ​ខ្លួនឯង​
​ឪពុក​ដែល​លេង​ច្រើន តែងតែ​អប់រំ​កូន​បាន​ល្អ ពីព្រោះ គាត់​ដឹង​អារម្មណ៍ និង​របៀប​ចិញ្ចឹម​កូន​។ ឪពុក​ប្រភេទ​នេះ តែងតែ​យកចិត្តទុកដាក់ លើកទឹកចិត្ត និង​បង្រៀន​កូន​គ្រប់​បែបយ៉ាង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។