ចង់ឲ្យ​កូន​ស្អាត ឆ្លាត ហើយ​សុខភាព​ល្អ ម្តាយ​គួរ​បំបៅ​ដោះ​កូន ឲ្យបាន​យ៉ាងតិច ៦ ខែ

ចង់ឲ្យ​កូន​ស្អាត ឆ្លាត ហើយ​សុខភាព​ល្អ ម្តាយ​គួរ​បំបៅ​ដោះ​កូន ឲ្យបាន​យ៉ាងតិច ៦ ខែ

​អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ម្តង​ហើយ​ម្តងទៀត​ថា ស្ត្រី​ជា​ម្តាយ​គ្រប់រូប គួរតែ​បំបៅកូន​ដោយ​ទឹកដោះ យ៉ាងតិច​ឲ្យបាន ៦ ខែ​ដំបូង ហើយ​បន្ត​បំបៅ​ទៀត រួម​ជាមួយនឹង​អាហារ​រឹង​បន្ថែម រហូត​ដល់​កូន​អាយុ ២ ឆ្នាំ​។​

​ការ​បំបៅ​ដោះកូន ពិតជា​មាន​អត្ថប្រយោជន៍​ច្រើនណាស់ សម្រាប់​ម្តាយ និង​ទារក ដូចជា ការពារ​ជំងឺ និង​ការឆ្លង​មេរោគ​ផ្សេងៗ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ទារក​រឹងមាំ និង​ជួយ​ការពារ​ម្តាយ ពី​ជំងឺ​នានា ពិសេស ជំងឺមហារីក​ដោះ​។​

​សារៈប្រយោជន៍ ចំពោះ​ម្តាយ​
​ទំនាក់ទំនង រវាង​ម្តាយ និង​កូន អំឡុងពេល បំបៅកូន​ដោយ​ទឹក​ដោះ ពិតជា​មាន​សារៈសំខាន់ និង​គុណប្រយោជន៍​ជាច្រើន​។ ការ​បំបៅ​ដោះកូន ជួយ​ឲ្យ​ការបញ្ចេញទឹក​ដោះ មាន​ដំណើរការ​រលូន ហើយ​ថែមទាំង​អាច​ការពារ​ម្តាយ ពី​ជំងឺ​រលាក​ក្រពះ​ថែមទៀត​ផង​។​

​ការ​បំបៅ​ដោះកូន អាច​កាត់បន្ថយ​ការ​ហូរឈាម និង​ការ​រលាក​នានា ក្រោយ​ពេល​សម្រាលកូន​។ ការ​បំបៅ​ដោះកូន អាច​ជួយ​ថែរក្សា​រាងកាយ និង​សុខភាព​ម្តាយ ឲ្យ​មាំមួន និង​ចៀសផុត​ពី​ជំងឺ​នានា ដូចជា ជំងឺមហារីក​មាត់ស្បូន ជំងឺមហារីក​ដោះ ជំងឺ​បេះដូង ជំងឺ​សរសៃឈាម ជំងឺលើសឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​ការ​បំបៅកូន​ដោយ​ទឹកដោះ ក៏​អាច​ធ្វើ​ឲ្យ​ម្តាយ សប្បាយរីករាយ គ្មាន​ស្ត្រេ​ស និង​ស្រឡាញ់​កូន​ខ្លាំង​បំផុត​។​

​សារៈប្រយោជន៍ ចំពោះ​កូន​
​ទឹកដោះ​ម្តាយ មាន​សារធាតុចិញ្ចឹម និង​វីតាមីន​ដ៏​ល្អ​បំផុត ដើម្បី​ការលូតលាស់ និង​ការវិវត្ត​របស់​ទារក​។ ទារក ដែល​បៅដោះ​ម្តាយ មិនសូវ​មាន​ជំងឺ រឹងមាំ និង​ឆ្លាត​វៃ ជាង​ទារក​ដែល​បៅ​ទឹកដោះគោ​។ យ៉ាងណាមិញ ទារក​ដែល​បៅដោះ​ម្តាយ មិន​ងាយ​ឈឺ​នោះ​ទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។