អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ដែល​ទទួល​សំណង​ពី​រដ្ឋ​មាន​ដូច​ជា​ដី​និង​ថវិកា​ពុំ​ត្រូវ​មក​គ្រប់គ្រង​វិញ

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ដែល​ទទួល​សំណង​ពី​រដ្ឋ​មាន​ដូច​ជា​ដី​និង​ថវិកា​ពុំ​ត្រូវ​មក​គ្រប់គ្រង​វិញ



ភ្នំ​ពេ​ញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ធ្វើ​ការណែនាំ​ដល់​លោក​ចៅសង្កាត់​ចំ​នួ​ន​៤​ដែល​គ្រប់គ្រង​ប្រជាពលរដ្ឋ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​គឺ​ត្រូវ​ទប់ស្កាត់​មិន​ឲ្យ​ប្រជាជន​មួយ​ចំនួន​ដែល​រង​ការ​ប៉ះពាល់​ចំណី​ផ្លូវ​ហើយ​បាន​ឯកភាព​ទទួលយក​សំណង​ពី​រដ្ឋ​គ្រប់​ចំនួន​មិន​អនុញ្ញាត​ឲ្យ​មក​សាងសង់​លើ​ដី​ដែល​នៅ​សេសសល់​ជា​បន្តទៀត​ឡើយ​ព្រោះ​ជា​ដី​ចំណី​ផ្លូវ​ដែល​រដ្ឋ​ជា​អ្នកគ្រប់គ្រង​។

យោង​តាម​ប្រសាសន៍​របស់​លោក​ណុប ផា អភិបាលរង​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុជា​​ថ្មី​ដឹង​នា ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ២០១៦​ ថា អាជ្ញាធរ​ក៏ដូចជា​ក្រុមការងារ​អន្តរក្រសួង​គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ដែល​មាន​លំនៅ​ដ្ឋាន​ជាប់​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ទី​២ សង្កាត់​និរោធ​​និង​វាល​ស្បូវ​ហើយ​បាន​ឯកភាព​ទទួលយក​សំណង​ពី​រដ្ឋ​គ្រប់​ចំនួន​ដូចជា​ទទួលយក​ដី​១​ឡូត៍​រួម​នឹង​ថវិកា​សម្រាប់​រុះរើ​ផ្ទះ​ និង ​ថវិកា​សាងសង់​លំនៅ​ដ្ឋាន​ហើយ​ខ្លះ​ទៀត​សុំ​តាំងពី​ថវិកា​សម្រាប់​ឲ្យ​កូន​បង់ថ្លៃ​សាលា​បន្ថែម​ទៀត​នោះ​គឺ​មិន​អនុញ្ញាត​ឲ្យ​មក​សាងសង់​រោង​ ឬ ​ផ្ទះ​នៅ​កន្ទុយ​ដី​ប្រមាណ​១​ទៅ​២​ម៉ែត្រ​ឡើយ​ព្រោះ​ជា​ដី​ចំណី​ផ្លូវ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

លោក ណុប ផា បាន​មានប្រសាសន៍​ទៀតថា ​កន្លងមក​មាន​ប្រជាជន​ម្នាក់​បាន​យក​គ្រឿងសំណង់​មក​សាងសង់​លើ​កន្ទុយ​ដី​ដែល​នៅសល់​ប្រមាណ​ជា​២​ម៉ែត្រ​ ស្ថិតនៅ​ជាប់​របង​សាលា​បឋម​សិក្សា​ច្បារអំពៅ​ក្នុង​សង្កាត់​ច្បា​អំពៅ​ទី​១ ប៉ុន្តែ​លោក​អ៊ាង ​ស៊ី​ផាន អភិបាលនៃ​គ​ណៈ​អភិ​បាល​ខណ្ឌ​ច្បារអំពៅ​បាន​បញ្ជា​ឲ្យ​រុះរើ​ចេញ​ព្រោះ​ដី​ដែល​នៅ​សេសសល់​ជា​ដី​ចំណីផ្លូវ​ហើយ​ម្យ៉ាងទៀត​ម្ចាស់​ដី​នោះ​បាន​ឯកភាព​ទទួលយក​សំណង​ពី​ពេញ​ថ្លៃ​រួម​ទាំង​ដី​១​ឡូត៍​រួម​ទាំង​ថវិកា​ប្រមាណ​ជា​១​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង​ដូច្នេះ​ម្ចាស់​ដី​នោះ​គ្មាន​សិទ្ធិ​មក​គ្រប់​គ្រង​ដី​នោះ​ជា​បន្ត​ទៀត​ឡើយ​។

លោក ណុប ផា បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​ស្ថាបនា​ផ្លូវជាតិ​លេខ​១​នេះ​គឺ​អាជ្ញាធរ​រួម​ទាំង​ក្រុមការងារ​អន្តរក្រសួង​បាន​ចុះ​មក​ដោះស្រាយ​លើ​ផល​ប៉ះពាល់​ដី​លំនៅ​ដ្ឋាន​ដើម​ឈើ​និង​លំនៅដ្ឋាន​របស់​ប្រជា​ជន​បាន​គ្រប់​ៗ​ផ្ទះ​បើទោះបី​នៅ​សល់​ផ្ទះ​តិចតួច​ដែល​ពុំ​យក​សំណង​តែ​ម្ចាស់ផ្ទះ​ក៏​ពុំ​ទាន់​រុះ​នៅ​ឡើយ​ក្តី។ ដូច្នេះ​ម្ចាស់ផ្ទះ​ដែល​ទទួលយក​សំណង​ពី​រដ្ឋ​គ្រប់​គ្រាន់​ហើយ​មិន​អនុញ្ញាត​ឲ្យ​គ្រប់គ្រង​លើ​ដី​ដែល​នៅ​សេស​សល់​ទោះ​តិច​ក្តី​ក៏​ពុំ​បាន​ឡើយ​ព្រោះ​ខ្លួន​បាន​ឯកភាព​ទទួល​​សំណង​ពី​រដ្ឋ​គ្រប់​ចំនួន៕